ក្រសួងការងារប្រកាសពន្យារពេលបើកប្រាក់អតីតភាពការងារនៅឆ្នាំនេះទៅបើកនៅឆ្នាំក្រោយវិញ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសថ្មីមួយនៅថ្ងៃនេះ ស្តីពីការពន្យារពេលក្នុងការបើករំលឹក​ប្រាក់បំណាច់អតីតភាពការងារ​ដែលមានមុនឆ្នាំ2019 និងប្រាក់អតីតភាពការងារថ្មីក្នុងឆ្នាំ2020។

បើតាមក្រសួងការងារ ការពន្យារពេលនេះគឺដើម្បីឆ្លើយតបនឹងសេចក្តីណែនាំរបស់រដ្ឋាភិបាលក្នុងការជួយដល់វិស័យឯកជន​ ដែលទទួលរងផលប៉ះពាល់​ធ្ងន់ធ្ងរពីការរាលដាលនៃជំងឺ Covid-19។ ជាការអនុវត្ត​ក្រសួងការងារបានជួនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាស និង​កម្មករនិយោជិត​ដែលប្រើប្រាស់កិច្ចសន្យា​ការងារមានថិរវេលាមិនកំណត់​ (UDC) ថាការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ2019 សម្រាប់ផ្នែកវាយនភន្ឌ កាត់ដេរ និងផលិតស្បែកជើង និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ2020 សម្រាប់គ្រប់វិស័យ​ត្រូវពន្យារពេលក្នុងការអនុវត្តទៅឆ្នាំ2021។

ដោយឡែកអំឡុងពេលពន្យារការអនុវត្តនេះ ម្ចាស់ ឬនាយករោងច្រក​សហគ្រាស​ត្រូវទូទាត់​ប្រាក់រំលឹកប្រាក់អតីតភាពការងារដែលមានមុន​ឆ្នាំ 2019 និងប្រាក់បំណាច់​អតីតភាពការងារថ្មីក្នុងឆ្នាំ2020 ស្របតាមបទបញ្ញត្តិនៃ​ច្បាប់ស្តីពីការងារ​ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៅពេលបញ្ចប់កិច្ចសន្យាការងាររបស់កម្មករនិយោជិត លើកលែងតែ​ការបញ្ចប់កិច្ចសន្យា​ដោយកំហុសធ្ងន់ធ្ងររបស់កម្មករនិយោជិត ឬកម្មករនិយោជិតលាឈប់ពីការងារដោយ​ឯកឯង៕

Advertisement