ពាក់កណ្តាលខែកក្កដានេះ សាំងធម្មតាឡើងថ្លៃ 150រៀលបន្ថែមទៀត

ក្រោយពី​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 បានកើត​ឡើង ធ្វើឱ្យ​តម្លៃ​ប្រេង​នៅលើ​ពិភពលោក​បាន​ដាំ​ក្បាល​ចុះ​យ៉ាងខ្លាំង តែមួយ​រយៈពេល​នេះ តម្លៃ​ប្រេង​ហាក់​ឡើងថ្លៃ​មកវិញ​បន្តិចម្តងៗ បន្ទាប់ពី​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​បានកើត​ឡើង​មួយរយៈ​មក។

សម្រាប់​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ដើមខែ រហូតដល់​ពាក់កណ្តាល​ខែកក្កដា​នេះ​ក៏មាន​ការឡើង​ថ្លៃ​ទៅតាម​ទីផ្សារ​អន្តរជាតិ​ដែរ។ បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ផ្អែក​តាម​តម្លៃ​ជា​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពីថ្ងៃ​ទី 01 ដល់​ថ្ងៃទី15 ខែកក្កដា ឆ្នាំ2020 នឹងត្រូវ​លក់​ក្នុងតម្លៃ 3,160រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​សាំង​ធម្មតា EA92 និង 2,899រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​ម៉ា​ស៊ូ​ត។

ដើម្បី​សម្រួល​ដល់​ជីវភាព​ប្រជាជន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​បាន​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន 4សេន​ដុល្លារ​ក្នុង​មួយ​លីត្រ ដែល​ធ្វើឱ្យ​តម្លៃ​លក់រាយ​ក្នុង​រយៈពេល​នេះ​ចុះមក​នៅត្រឹម 3,000រៀល​សម្រាប់​សាំង​ធម្មតា និង 2,700រៀល​សម្រាប់​ម៉ា​ស៊ូ​ត។

តម្លៃ​នេះ​មានការ​កើនឡើង​ប្រមាណ 150រៀល​ក្នុង​មួយ​លីត្រ​ចំពោះ​សាំង​ធម្មតា EA92 និង​ឡើងថ្លៃ​ចំនួន 100រៀល​ក្នុង​មួយ​លីត្រ​ចំពោះ​ប្រេងម៉ាស៊ូត បើ​ប្រៀបធៀប​នឹង​រយៈពេល 15ថ្ងៃមុន​គិត​ចាប់ពី​ថ្ងៃទី 15 ដល់​ថ្ងៃទី 30ខែមិថុនា ឆ្នាំ2020៕

Advertisement