ចង់ផ្ទេរសិទ្ធយានយន្តដែលរកម្ចាស់ដើមមិនឃើញគួរមានឯកសារទាំងអស់នេះ

ថ្មីៗនេះ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បានប្រកាស​ពន្យារពេល​អនុវត្ត​ការផ្ទេ​សកម្ម​សិទ្ធ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ រហូតដល់​ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2020 ដើម្បីឱ្យ​ប្រជាជន​ទាំងអស់​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​អនុវត្តតាម​នីតិវិធី។

ក្រសួង​បញ្ជាក់ថា ប្រជាជន​ដែលមាន​បំណង​ចង់​ផ្ទេរ​កម្ម​សិទ្ធ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ មេត្តា​រួសរាន់​បំពេញបែបបទ​ស្នើសុំ​ផ្ទេរ​កម្ម​សិទ្ធ​យានយន្ត​ឱ្យបាន​ទាន់ពេលវេលា ព្រោះ​បើ​លើស​ថ្ងៃ​កំណត់ ចាំបាច់​ត្រូវតែមាន​ស្នាម​មេដៃ​លើ​សំណុំ​ឯកសារ​ផ្ទេរ​សិទ្ធ​ពី​ម្ចាស់​ដើម​ទើប​អាច​ធ្វើបាន។

ចំពោះ​នីតិវិធី​វិញ ក្រសួង​បញ្ជាក់ថា អ្នក​ដែល​កំពុង​កាន់កាប់​យានយន្ត​ដែល​ទិញ​លក់តៗគ្នា​រក​ម្ច​ស់​ដើម​មិនឃើញ ត្រូវដាក់​ពាក្យស្នើសុំ​ផ្ទេរ​កម្ម​សិទ្ធ​យានយន្ត​ដោយ​ភ្ជាប់​នូវ​សំណុំ​ឯកសារ​ដូចជា៖

  • ពាក្យ​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ មាន​ផ្តិត​ស្នាម​មេដៃ​អ្នកស្នើសុំ និង​មាន​បិត​សំណៅ​លេខ​កាល់ (តួ ឬ​សាក់​ស៊ី) ដែល​ចម្លង​ជាក់ស្តែង​ពី​យានយន្ត
  • បណ្ណ​សម្គាល់ (កាត​គ្រី) ច្បាប់ដើម និង​ផ្លាកលេខ​សម្គាល់​យានជំនិះ (ក្នុងករណី​ផ្ទេរ​កម្ម​សិទ្ធ​ឆ្លង​រាជធានី-ខេត្ត)
  • វិញ្ញាបនបត្រ​ត្រួវ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ
  • អត្តសញ្ញាណ​បណ្ណ​អ្នកលក់ និង​អ្នកទិញ
    • ពលរដ្ឋ​ខ្មែរ៖ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ច្បាប់​ចម្លង​ដែលមាន​បញ្ជាក់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច
    • ជនបរទេស៖ លិខិតឆ្លងដែន និង​ទិដ្ឋាការ​មាន​សុពលភាព និង​លិខិតបញ្ជាក់​ទីលំនៅ​បច្ចុប្បន្ន​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច
  • បង្កាន់ដៃ​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​សិទ្ធ​យានយន្ត
  • លិខិត​លក់​ទិញ
  • កិច្ចសន្យាធានា​ដែលមាន​បញ្ជាក់​ពី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល៕

Advertisement