ចាប់ពីថ្ងៃនេះទៅការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅកាន់តែងាយ ព្រោះក្រសួងដាក់ឱ្យឃុំ-សង្កាត់ និងស្រុក-ខណ្ឌជាអ្នកគ្រប់គ្រងវិញ

ក្រសួងមហាផ្ទៃ នៅ​ដើម​សប្តាហ៍​នេះ បានសម្រេច​ផ្ទេរ​ភារកិច្ច​ក្នុងការ​ធ្វើ​សៀវភៅ​ស្នាក់នៅ​មក​ត្រឹម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់​ជា​អ្នកគ្រប់គ្រង ហើយ​ការធ្វើ​សៀវភៅ​គ្រួសារ​គឺ​គ្រប់គ្រង​ដោយ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ​វិញ។

កន្លងមក​ការងារ​គ្រប់គ្រង​ពិនិត្យ​សម្រេច​ផ្តល់​សៀវភៅ​ស្នាក់នៅ គឺត្រូវធ្វើ​ឡើង​ដោយ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ និង​ការចុះបញ្ជីរ​សៀវភៅ​គ្រួសារ​ត្រូវធ្វើ​ដោយ​ស្នងការដ្ឋាន​រាជធានី-ខេត្ត។ ហេតុនេះ​ការ​បង្ខិត​សេវា​មក​ជិត​ប្រជា​ជននេះ​នឹង​ធ្វើឱ្យ​ការធ្វើ​ឯកសារ​ផ្លូវការ​ទាំងអស់នេះ កាន់​តែមាន​ភាពងាយស្រួល ដោយ​ចំណាយ​ពេលវេលា និង​ធនធាន​តិចជាង​មុន។

Advertisement

ក្រសួងមហាផ្ទៃ​បញ្ជាក់​ផងដែរ​ថា ការងារ​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ផងដែរ​ចំពោះ​ប្រជាជន​ដែល​បាត់ ឬ​ខូច​ឯកសារ​អត្តសញ្ញាណ​ដូចជា សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ ក៏ដូចជា​ផ្លាស់ប្តូរ​ទីលំនៅ​ជាដើម ព្រោះ​ប្រជាជន​អាច​ទៅធ្វើ​ការស្នើរ​សុំ​ទទួល​សេវា​ទាំងអស់​នៅបាន​នៅ​ទីតាំង​ជិត​ជាង​មុន៕

Advertisement