រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យម្ចាស់អាជីវកម្មក្លិបកម្សាន្ត និងខារ៉ាអូខេបើកទ្វាឡើងវិញ តែឱ្យប្រែទៅជាភោជនីយដ្ឋាន

សាលា​រាជធានី​ភ្នំពេញ​នៅមុននេះ​បន្តិច​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការអនុញ្ញាតឱ្យ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ (KTV) ទាំងអស់​នៅ​រាជធានី​ភ្នំពេញ បើក​ដំណើរការ ដោយ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​លេខ 05 ប្រភព ចុះ​ថ្ងៃទី03 ខែកក្កដា ឆ្នាំ2020 របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ផ្តល់​ការងារ​ឡើងវិញ រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាតឱ្យ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ​បើក​ដំណើរការ ដោយ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន។

ទោះជា​យ៉ាងនេះ​ក្តី​អាជ្ញាធរ​តម្រូវឱ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​អាជីវ​ម្ម តាម​យន្តការ​ច្រកចេញចូល​តែមួយ រាជធានី​ភ្នំពេញ និង​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធាន​នៃ​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 និង​វិធាន​សុ​វត្តិភាព​របស់​ក្រសួងទេសចរណ៍៕

Advertisement