ខែក្រោយប្រជាជនខ្មែរអាចនឹងមានបណ្ណបើកបរអន្តរជាតិប្រើប្រាស់

កន្លងមក ប្រជាជន​ខ្មែរ​យើង​ធ្លាប់តែ​ឮ និង​ឃើំ​ញ​ជនបរទេស​មាន​បណ្ណ​បើកបរ​អន្តរជាតិ ដែល​អាច​ទទួលស្គាល់​គ្រប់​ទីកន្លែង​លើ​ពិភពលោក តែ​ខែ​ក្រោយនេះ ប្រទេស​យើង​ក៏​អាចមាន​បណ្ណ​ប្រភេទ​នេះ​ផងដែរ​ដើម្បី​ប្រើប្រាស់​នៅតាម​បណ្តា​ប្រទេស​នានា។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា ក្នុង​ខែ​នេះ ឬ​ខែក្រោយ​កម្ពុជា​នឹង​ចេញ​បណ្ណ​បើកបរ​អន្តរជាតិ និង​បណ្ណ​បើកបរ​សម្រាប់​ជនពិការ។ ការធ្វើ​បែបនេះ​គឺ​ដោយសារតែ​កន្លងមក​នៅ​ពេល​យើង​ទៅ​ក្រៅប្រទេស​យើង​មិនអាច​បើកបរ​បាន​ព្រោះ​បណ្ណ​បើកបរ​របស់​យើង​ពីមុន​ទទួលស្គាល់​តែ​នៅ​កម្ពុជា។ បន្តិចទៀត​យើង​នឹង​រៀបចំ​ឱ្យមាន​បណ្ណ​បើកបរ​អន្តរជាតិ​ដែល​អាច​បើកបរ​បាន​គ្រប់​ទីកន្លែង ព្រោះ​យើង​ក៏​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ដែរ យើង​អាច​ចេញ​បណ្ណ​បើកបរ​អន្តរជាតិ​ជូន​ប្រជាពលរដ្ឋ។ ប្រជាជន​ដែលមាន​បណ្ណ​បើកបរ​ហើយ​អាច​មកសុំ​ប្តូរ​បណ្ណ​បើកបរ​អន្តរជាតិ​បណ្តោះអាសន្ន​បាន។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា បណ្ណ​បើកបរ​អន្តរជាតិ​នឹងមាន​រៀបចំ​ទៅតាម​ប្រភេទនីមួយៗដូចជា​ប្រភេទ A B និង C ដោយ​យើង​មាន​បោះត្រា​ទៅតាម​ប្រភេទ​ដែល​ស្នើរ​សុំ​របស់​សាមីខ្លួន។ ជា​ឧទាហរណ៍ ប្រសិនបើ​គាត់​បើកឡាន​ប្រភេទ​ទេសចរណ៍ គាត់​ត្រូវ​បោះត្រា​រូប​ឡាន​ទេសចរណ៍​តែម្តង៕

Advertisement