ADB ផ្តល់កម្ចី 250លានដុល្លារដល់កម្ពុជាដើម្បីទប់ទល់ជាមួយបញ្ហាដែលកើតឡើងដោយ Covid-19

ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បានប្រកាស​អនុម័ត​កម្ចី 250លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​ពង្រឹង​ប្រព័ន្ធ​គាំពារ​សុខភាព បង្កើន​ជំនួយ​សង្គម​ដល់​ប្រជាជន​ក្រីក្រ-ងាយ​រងគ្រោះ និង​គាំទ្រ​សេដ្ឋកិច្ច​សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម (SME) ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ Covid-19។

លោក Masatsugu Asakawa ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​លើកឡើងថា កម្ពុជា​មានកំណត់​ត្រា​នៃ​ការ​គ្រ​ប៉​គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ល្អ តែ Covid-19 បាន​បង្កើត​ការគំរាមកំហែង និង​ធ្វើឱ្យមាន​ការថយចុះ​នូវ​ភាព​រីកចម្រើន​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ជាពិសេស​ក្នុងចំណោម​ក្រុម​ងាយ​រងគ្រោះ ដូចជា​ស្ត្រី និង​កម្មករ​ចំណាកស្រុក​ជាដើម។ កម្ចី​នេះ​ជា​ផែនការ​ចូលរួម​រយៈពេល​វែង​របស់ ADB ដែល​ផ្តោតលើ​ការគាំទ្រ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​និរន្តរភាព​ហិរញ្ញវត្ថុ​សម្រាប់​កម្ពុជា។

ADB បញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​ងាយ​រងគ្រោះ​ខ្លាំង​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ Covid-19 ដោយសារ​សេដ្ឋកិច្ច​បើកចំហ មូលដ្ឋាន​សេដ្ឋកិច្ច​ចង្អៀត និង​ប្រជាជន​ចល័ត​ច្រើន។ ស្ថាប័ន​ខាងលើ​រំពឹងថា​សេដ្ឋកិច្ច​អាច​ធ្លាក់ចុះ​ក្នុង​រង្វង់ -5.5% ក្នុង​ឆ្នាំ 2020 ដោយសារ​ការថយចុះ​នៃ​វិស័យ​ទេសចរណ៍ ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារៈ​ធ្វើដំណើរ​តិចជាង​មុន និង​ការថយចុះ​នៃ​សកម្មភាព​សំណង់។ ហានិភ័យ​នៃ​ការធ្លាក់ចុះ​នេះ អាច​នឹង​ឱ្យ​ប្រជាជន​ប្រមាណ 1.3លាន​នាក់​ទៀត​ធ្លាក់​ក្នុង​ភាពក្រីក្រ៕

Advertisement