សមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈស្នើក្រសួងការងារសុំបើកគ្រឹះស្ថានបណ្តុះបណ្តុះបណ្តាលឡើងវិញ

ក្រោយពេល​រីក​រាលដាល​នៃ​ជំងឺ Covid-19 គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ តែ​ទន្ទឹមនឹង​យើង​អាច​ទប់ស្កាត់​បញ្ហា​ដែល​កើតឡើង​ដោយសារតែ​ជំងឺ វា​ក៏បានផ្តល់​ផលប៉ះពាល់​ផងដែរ​ដល់​គ្រឹះស្ថាន​បណ្តុះបណ្តាល​នានា​ដែល​ផ្អាក​ដំណើរការ​នេះ។

ឯកឧត្តម ណុប នរិន្ទ ប្រធាន​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បច្ចេកទេស និង​វិជ្ជាជីវៈ​កាលពីពេលថ្មីៗនេះ​បាន​ស្នើសុំ​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ចំពោះ​វិទ្យាស្ថាន​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង និង​ស្នើសុំ​ជ្រើសរើស​និស្សិត​ឱ្យចូល​រៀន​វិញ​ដោយ​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​ការងារ។ ឯកឧត្តម​ថា ការស្នើសុំ​នេះ​ធ្វើឡើង​ដោយសារតែ​សមាជិក​នៃ​សមាគម​កំពុង​ជួប​នូវ​បញ្ហា​ថ្លៃ​ជួល​អគារសិក្សា ក៏ដូចជា​ចំណាយផ្សេងៗក្នុង​កិច្ចដំណើរការ​របស់​វិទ្យាស្ថាន ជាពិសេស​ការផ្តល់សេវា​នានា​របស់ខ្លួន​ក្នុងដំណាក់កាល​នៃ​វិបត្តិ​ជាស​កល​នេះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ចា​ក់ថា រាល់​សំណើរ​របស់​សមាជិក​នៃ​សមាគម​ឯកឧត្តម​ទទួលយក និង​ដាក់​ស្នើ​បន្ត​ទៅសុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល តែ​ប្រសិនបើ​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ហើយ គឺ​ត្រូវតែ​ធានា​ឱ្យបាន​នូវ​លក្ខខណ្ឌ​អនាម័យ​ខ្ពស់ ហើយ​បង្កើតឱ្យមាន​ក្រុមការងារ​ចុះ​អង្កេត​គ្រប់​សាលា​ទាំង​រដ្ឋ និង​ឯកជន។ បើ​រកឃើញថា​មិនបាន​អនុវត្តតាម​គោលការណ៍​ណែនាំ​បានល្អ​ទេ នឹងត្រូវ​ផ្ទា​ក​វិញ​ជាបន្ទាន់៕

Advertisement