រយៈពេល4ឆ្នាំចុងក្រោយនេះ កម្ពុជាលក់ឥណទានកាបូនក្នុងទីផ្សាររស្ម័គ្រចិត្តបាន 11.6លានដុល្លារ

កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​នានា​ក្នុង​តំបន់​ដែលមាន​លទ្ធភាព​លក់​ឥណទាន​កាបូ​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត ដោយ​គម្រោង​នេះ​ជា​គម្រោង​យ៉ាង​ល្អ​ដើម្បី​ជំរុញឱ្យមាន​ការអភិរក្ស​ព្រៃឈើ និង​ទទួលយក​ផលប្រយោជន៍​ប្រកបដោយ​និរន្តរភាព។

ឯកឧត្តម នេ​ត ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ 2016 រហូតដល់​ឆ្នាំ 2020 កម្ពុជា​បាន​លក់​ឥណទាន​កា​បោ​ន​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាន​ចំនួន​ប្រមាណ 11.6លាន​ដុល្លារ បើ​គិត​ជា​បរិមាណ​កា​បោ​ន​វិញ​គឺ​ជិត 10លាន​តោន។ ឯកឧត្តម​ថា ថវិកា​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការអភិរក្ស​ធនធានធម្មជាតិ និង​ការចូលរួម​នៅក្នុង​ការអភិវឌ្ឍ​សហគមន៍​ការពារ​ធនធានធម្មជាតិ។

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​ខាងលើ​បានបញ្ជាក់​ផងដែរ​ថា តំបន់​ដែល​កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នេះ​មាន​ចំនួន 3កន្លែង​គឺ ដែនជម្រកសត្វព្រៃ​កែវ​សីមា ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង និង​ដែនជម្រកសត្វព្រៃ​តា​តៃ។ ការលក់​ឥណទាន​កាបូន​នេះ មានន័យថា​យើង​ប្រើប្រាស់​អស់​លទ្ធភាព​នូវ​សក្តានុពល​របស់​ព្រៃឈើ ព្រោះ​ជាធម្មតា​ព្រៃ​បាន​បញ្ចេញ​អ៊ី​ស៊ី​សែន និង​ស្រូប​ទៅវិញ​នូវ​កាបូន ដែល​ការ​ស្រួប​នេះហើយ​ដែល​យើង​អាច​វាស់ និង​ទាញយក​សម្រាប់​លក់​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត។ ហេតុនេះ​ដើម្បី​អាច​លក់​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាន លុះត្រាតែ​យើង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិ​រក្សា និង​ថែរក្សា​ធនធានធម្មជាតិ ជាពិសេស​ប្រព័ន្ធ​អេកូឡូស៊ី៕

Advertisement