ប្រជាជននឹងលែងលំបាកទាក់ទងសួរព័ត៌មានពីឯកសារអត្តសញ្ញាណកម្ម ក្រោយអគ្គនាយដ្ឋានបង្កើត App និង Hotline

កន្លងមក ប្រជាជន​ជាច្រើន​តែងតែមាន​ចម្ងល់​ពាក់ព័ន្ធ​នឹង​នីតិវិធី ឬ​បញ្ហា​នានា​ជុំវិញ​បញ្ហា​អត្តសញ្ញាណ ដូចជា​បញ្ហា​អត្រានុកូលដ្ឋាន សញ្ញា​តិ អត្តសញ្ញាណ​បណ្ណ និង​លិខិតឆ្លងដែន​ជាដើម តែ​មិនដឹង​ជា​ត្រូវ​សួរ​ទៅខាង​ណា​ដើម្បីឱ្យ​ទទួលបាន​ព័ត៌មាន​ឆាប់រហ័ស។

ដើម្បី​សម្រួល​ដល់​ការផ្តល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ អគ្គនាយដ្ឋាន​អត្តសញ្ញាណ​កម្ម ក៏បាន​បង្កើត​គេហទំព័រ និង​ផ្តល់​លេខ​ទូរស័ព្ទ​ជា​សាធារណៈ​ដើម្បី​ជូន​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ដែរ តែ​ប្រជាជន​ជាច្រើន​នៅតែ​ត្រូវការ​ព័ត៌មាន និង​ភាព​ឆាប់រហ័ស​កាន់​ចំពោះ​សេវា​ផ្តល់ព័ត៌មាន​នេះ។

ជា​ដំណឹង​ល្អ ថ្មីៗនេះ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បានចេញ​សេចក្តីជូនដំណឹង​ពាក់ព័ន្ធ​នឹង​ការបង្កើត​កម្មវិធី​ទូ​ស័ព្ទ​ដៃ​ឆ្លាត​វៃ ដែលមាន​ឈ្មោះថា កម្មវិធី​សេវាកម្ម​អត្តសញ្ញាណ​កម្ម (GDI eServices) ដែល​អាច​ទាញ​យកបាន​ដោយ​ឥតគិតថ្លៃ​តាមរយៈ​កម្មវិធី App Store និង Google Play។ បន្ថែម​ពីលើ​នេះ អគ្គនាយកដ្ឋាន ក៏បាន​បង្កើត​ទូរស័ព្ទ​ប្រចាំការ​លេខ 1271 ដោយ​ឥតគិតថ្លៃ​ដើម្បី​ឆ្លើយតប​ផងដែរ។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​បញ្ជាក់ថា ការរៀបចំ​នូវ​ប្រព័ន្ធ​ទាំងនេះ គឺ​ដើម្បី​ឆ្លើយតប​តាម​សំណូមពរ មតិយោបល់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ការងារ​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម​គ្រប់​ប្រភេទ៕

Advertisement