ក្រសួងការងារបង្កើតប្រព័ន្ធបណ្តុះបណ្តាលតាមអនឡាញសម្រាប់គ្រឹះស្ថាន TVET លើកដំបូង ក្រោមជំនួយពីទីភ្នាក់ងារស្វីស SDC

ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ (SDC) បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​គាំទ្រ​លើ​គម្រោង​បង្កើត​ប្រព័ន្ធ​បណ្ដុះបណ្ដាល​ពី​ចម្ងាយ ឬ​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដែល​គម្រោង​អភិវឌ្ឍន៍​ថ្មី​មួយ​សម្រាប់​ជួយ​ដល់​យុវជន​កម្ពុជា កំលុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ និង​ថ្ងៃ​អនាគត។

ការចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ​ត្រូវបាន​ធ្វើឡើង​រវាង​លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ ជាមួយ​លោកស្រី ណា​ឌី​យ៉ា អូត​ធី​ហ្គឺ​រ (Nadia Ottiger) នាយិកា​ស្ដីទី​នៃ​ទីភ្នាក់ងារ​ស្វី​ស SDC នៅ​ទីស្ដីការក្រសួង​ការងារ នា​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២។

លោក ពេ​ជ សោភ័ន បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នេះ​ជា​គម្រោង​អភិវឌ្ឍន៍​ថ្មី​មួយទៀត​របស់​ទីភ្នាក់ងារ​ស្វី​ស SDC ដែលមាន​រយៈពេល១០ខែ ចាប់ពី​ខែសីហា ឆ្នាំ២០២០ ដល់​ខែឧសភា ឆ្នាំ២០២។

លោក ពេ​ជ សោភ័ន បានបង្ហាញ​នូវ​ការរំពឹងទុក​ថា ក្នុង​រយៈពេល១០ខែ​នេះ ភាគី​ទាំងពីរ​នឹង​សម្រេច​ឱ្យបាន​ប្រព័ន្ធ​បណ្ដុះបណ្ដាល​ពី​ចម្ងាយ ឬ​អន​ឡាញ​មួយ​សម្រាប់​គ្រឹះស្ថាន TVET ដោយ​លោក​បាន​អះអាងថា ទោះបី​កម្ពុជា​ឆ្លង​ផុត​ដំណាក់កាល​ជំងឺ​កូ​វីដ​ក៏ដោយ ក៏​ការ​អនុវត្តតាម​យន្តការ​បណ្ដុះបណ្ដាល​ពី​ចម្ងាយ​នេះ​នៅតែ​បន្ត​ទៅមុខ។

លោក​រដ្ឋលេខាធិការ​ប្រចាំការ​បាន​បន្តថា យន្តការ​បណ្ដុះបណ្ដាល​ពី​ចម្ងាយ​នេះ គឺ​គិត​ទាំង​ការចុះឈ្មោះ​ចូលរៀន ការរៀន​និង​បង្រៀន ក៏ដូចជា​ការគ្រប់គ្រង​និង​ចែកចាយ​ឯកសារ​បង្រៀន​ទៅដល់​សិក្ខាកាម សិស្ស និស្សិត​ផងដែរ ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​ពួកគាត់​ឱ្យទទួល​បាន​ចំណេះ​ជំនាញ​ខ្ពស់ ទោះបីថា​ពួកគាត់​ខ្លះ​រស់នៅ​ទីជនបទ​ឆ្ងាយ​យ៉ាងណាក៏ដោយ។

យន្តការ​ថ្មី​នេះ​មាន​ភាពខុសគ្នា​ទៅនឹង​ការបណ្ដុះបណ្ដាល​ពីមុន​ត្រង់​ថា កាលពីមុន ប្រសិនបើ​សិក្ខាកាម សិស្ស និស្សិត​ស្ដាប់​មិនទាន់ ឬ​មិន​ច្បាស់​ត្រង់ចំណុច​ណាមួយ​នោះ មិន​ងាយ​នឹង​ឱ្យ​គ្រូបង្រៀន​ឡើងវិញ​បានឡើយ ប៉ុន្តែ​ការរៀន​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ គេ​នឹង​ផលិត​ជា​ឃ្លី​ប​វីដេអូ​សម្រាប់​បង្រៀន ហើយ​ចែកចាយ​ទៅគ្រប់​សិក្ខាកាម ដូច្នេះ​ទោះបី​ពួកគាត់​មើល​មិនទាន់ ឬ​មិន​ច្បាស់​ត្រង់​កន្លែង​ណា ក៏​ពួកគេ​អាច​មើល​ឃ្លី​ប​វីដេអូ​នោះ​ឡើងវិញ​ច្រើនដង​បាន។

លោក ពេ​ជ សោភ័ន បាន​គូសបញ្ជាក់ថា ចាប់ពី​ដំណាក់កាល​បដិវត្ត​ឧស្សាហកម្ម ៤.០ នេះ​តទៅ ប្រជាពលរដ្ឋ​ទាំងឡាយ​ត្រូវតែ​ទម្លាប់ខ្លួន​រស់នៅក្នុង​បរិបទ​សង្គម​ថ្មី សង្គម​ឌីជីថល ដែល​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​សមត្ថភាព ចំណេះ​ជំនាញ និង​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុងការ​សម្រួល​មធ្យោបាយ​ប្រកបការងារ និង​មុខរបរ​ប្រចាំថ្ងៃ។ ដូច្នេះ​ការជំរុញ​ឱ្យមាន​ការរៀន និង​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ក៏​ជាការ​បង្រៀន​ប្រជាពលរដ្ឋ​ជា​សិក្ខាកាម​ឱ្យ​ចេះ​ប្រើប្រាស់ និង​ស្វែងយល់​បន្ថែម​អំពី​ឌីជីថល​ផងដែរ៕

Advertisement