គួរទិញដី ឬមាស ដើម្បីឱ្យជីវិតបានប្រសើរ?

ប្រជាជន​ខ្មែរ​យើង​ទាំងពី​អតីតកាល និង​បច្ចុប្បន្ន​មួយចំនួន ចូលចិត្ត​ទិញ​គ្រឿងអលង្ការ ឬ​ទិញ​មាស​ទុក ដើម្បី​ធ្វើជា​ទ្រព្យសម្បត្តិ ក៏ដូចជា​ដើម្បី​ទុកឱ្យ​ទទួលបាន​ផលចំណេញ។ ឥរិយាបទ​បែបនេះ ត្រូវបាន​អ្នកជំនាញ​ហិរញ្ញវត្ថុ មើលឃើញថា​មិនបាន​ផ្តល់​ផលចំណេញ​ប៉ុន្មាន​នោះទេ។

ជាក់ស្តែង លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ បាន​លើកឡើងថា តម្លៃ​មាស​ក្នុង​ទីផ្សារ​ពិភពលោក​ចាប់ផ្តើម​ឡើងថ្លៃ​ខ្ពស់​រហូតដល់​ជិត 2,000ដុល្លារ​អាមេរិក​ក្នុង​មួយ​ដំឡឹង។ មនុស្ស​ជាច្រើន​វិនិយោគ​ដោយ​ទិញ​មាស​ទុក​ដើម្បី​ជាការ​ទប់ទល់​នឹង​អតិផរណា​ភាពមិនប្រាកដប្រជា​នៃ​ទីផ្សារ និង​ការកាត់បន្ថយ​ហានិភ័យ​តាមរយៈ​ពិពិត​កម្ម​នៃ​ការវិនិយោគ (Investment diversification)។

ដោយឡែក​កំពូល​អ្នកវិនិយោគ​អាមេរិក លោក Warren Buffett តែងតែ​លើកឡើងថា​ការទិញ​មាស​ទុក​មិនមែនជា​ការល្អ​នោះទេ ព្រោះ​វា​មិនបាន​ផ្តល់​ជា​ផលចំណេញ​ដូចជា​ការទទួលបាន​ភា​គ​លាភ (dividend) ពី​ការវិនិយោគ​លើ​ប​ណ្ណ័​ភាគហ៊ុន​ឡើយ។ ក្នុង​គោល​គំនិត​ប្រហាក់ប្រហែលគ្នា​នេះដែរ តើ​យើង​គួរ​វិនិយោគ​ដោយ​ទិញ​ដី​ទុក​យកចំណេញ​ដែរ ឬទេ? បើ​គួរ ហេតុអ្វី? ហើយ​គួរ​វិនិយោគ​យ៉ាងដូចម្តេច? ចម្លើយ​គឺ​គួរតែ​វិនិយោគ​ដោយ​ទិញ​ដី​ទុក​ព្រោះ​ទីផ្សារ​ដីធ្លី​នឹង​កាន់​តែមាន​ភាពប្រសើរ តម្លៃនឹង​បន្ត​កើនឡើង​បន្ទាប់ពី​ការ​រសាត់​បាត់ទៅ​នៃ​វិបត្តិ​Covid-19។ ប៉ុន្តែ​គួរ​វិនិយោគ​តែ​លើដី​ធ្លី​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ​បាន​ហើយ​ព្រោះ​នៅ​តំបន់​ទាំងនោះ​នឹង​បន្ត​មាន​តម្រូវការ​ខ្ពស់។ ម្យ៉ាងទៀត​បើ​អាច​គួរ​ច្នៃ​ជា​អចល​ទ្រព្យ​ដែល​អាច​រក​ប្រភព​ចំណូល​បាន​ដូច​អ្វីដែល​លោក Warren Buffett លើកឡើង​ពី​ចំណូល​ដែលជា​ភាគលាភ​បាន​ពី​ការវិនិយោគ​លើ​ប​ណ្ណ័​ភាគហ៊ុន​អញ្ចឹង​ដែរ។ ការច្នៃ​ដី​ជាយក្រុង​អោយក្លាយ​ជា​ប្រភព​ចំណូល​បានរួម​មានដូចជា ការធ្វើជា​ឃ្លាំង​ជួល ផ្សារ ឬ​ប្រកប​របរ​កសិកម្ម​ជាដើម៕

 

Advertisement