កម្ពុជាផ្អាកជើងហោះហើរពីហ្វីលីពីនចាប់ពីថ្ងៃទី13 ខែសីហា តទៅ

មួយរយៈ​ពេល​ចុង​ក្រោយនេះ ចំនួន​អ្នក​ផ្ទុក​ជំងឺ Covid-19 ថ្មី​មានការ​កើនឡើង ដោយ​ក្នុងចំណោម​អ្នក​ផ្ទុក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ទាំងអស់​ជា​អ្នក​មកពី​ក្រៅប្រទេស។ ហេតុនេះហើយ ទើបថ្មីៗនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ផ្អាក​ជើងហោះហើរ​ពី​ប្រទេស​ម៉ា​លេ​ស៊ី និង​ឥណ្ឌូណេស៊ី ខណៈ​នៅថ្ងៃនេះ​ក្រសួងសុខាភិបាល​បានប្រកាសថា​នឹង​បិទ​ជើងហោះហើរ​ថ្មី​មួយទៀត​គឺ មកពី​ប្រទេស​ហ្វីលីពីន។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា កម្ពុជា​នឹង​ផ្អាក​ជើងហោះហើរ​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ព្រ​ទេស​ហ្វីលីពីន មួយរយៈ​ចាប់ពី​ថ្ងៃទី13 ខែសីហា ឆ្នាំ2020តទៅ។ កត្តា​ទាំងអស់នេះ​ធ្វើឡើង​ដោយសារ ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី 01 ខែសីហា ឆ្នាំ2020 កន្លងមក បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ដល់​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក្រសួង​សម្គាល់​ឃើញថា អត្រា​ឆ្លង​បាន​ហក់​ឡើង​យ៉ាងគំហុក​នៅ​ប្រទេស​ហ្វីលីពីន ដែល​ធ្វើឱ្យ​អត្រា​ផ្ទុក​វីរុស Covid-19 ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន។ ដូច្នេះ អ្នកដំណើរ​មកពី​ប្រទេស​ហ្វីលីពីន ក៏មាន​ការព្រួយបារម្ភ​ផងដែរ ម្យ៉ាងវិញទៀត កាលពី​ថ្ងៃទី 08 ខែសីហា ឆ្នាំ2020 ជើងហោះហើរ​ពី​ប្រទេស​ហ្វីលីពីន​មួយ ដែលមាន​អ្នកដំណើរ​សរុប​ចំនួន 119នាក់ ត្រូវបាន​ធ្វើតេស្ត​រកឃើញ​មាន​អ្នក​វិជ្ជមាន​វីរុស Covid-19 រហូតដល់​ទៅ 13នាក់៕

Advertisement