សាលារាជធានីភ្នំពេញប្រកាសថានៅថ្ងៃឈប់សម្រាកខាងមុខនេះ ការប្រមូលសំរាមមិនបានល្អដូចថ្ងៃធម្មតាទេ

នៅសល់​មិន​ដល់​មួយ​សប្តាហ៍​ទៀត​ទេ កម្ពុជា​យើង​នឹង​ដល់​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​នៅ​ទូទាំងប្រទេស។

សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា​ថ្ងៃទី 17 ទី18 ទី19 ទី20 និង​ទី21 ខែសីហា​ឆ្នាំ 2020 ជា​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​មន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាក​ដើម្បី​សង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ស្របតាម​អនុក្រឹត្យ​លេខ 101 អនក.បក ចុះ​ថ្ងៃទី 15 ខែកក្កដា ឆ្នាំ2020។

នៅក្នុង​អំឡុងពេល​ឈប់សម្រាក​កាលបរិច្ឆេទ​ខាងលើនេះ ការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ នឹងមិន​បានល្អ​ដូច​ថ្ងៃ​ធម្មតា​ទេ ព្រោះ​កម្មករ​របស់​ក្រុមហ៊ុន ស៊ិន​ទ្រី នឹង​អវត្តមាន​មួយចំនួន។ ហេតុនេះ​ដើម្បី​ថែរក្សា សោភ័ណភាព អនាម័យ​បរិស្ថាន នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ឱ្យ​ប្រជា​ជល​ពលរដ្ឋ​ម្ចាស់​លំនៅដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ កុំ​បញ្ចេញ​សំរាម​មក​ដា​ក់លើ​ដងផ្លូវ​សាធារណៈ ដោយ​ត្រូវ​រក្សា​ទុកដាក់​សំរាម​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​នៅក្នុង​ទីតាំងរៀងៗខ្លួន​ជា​បណ្តោះអាសន្ន​សិន៕

Advertisement