ទោះមានការគំរាមពី Covid ក៏ក្នុងរយៈពេលឈប់សម្រាក 5ថ្ងៃនេះ មានអ្នកដើរលេងជាង 1លាននាក់នៅទូទាំងប្រទេស

ប៉ុន្មាន​ថ្ងៃមុន​នេះ ប្រជាជន​ទូទាំងប្រទេស​កម្ពុជា​ត្រូវបាន​អនុញ្ញាតឱ្យ​ឈប់សម្រាក​រយៈពេល 5ថ្ងៃ ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំថ្មី​កាលពី​ខែមេសា។ នៅក្នុង​រយៈពេល​នេះ ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា មាន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​ប្រមាណ 1.4លាន​នាក់។

យោងតាម​របាយការណ៍​បឋម​របស់​មន្ទីរ​ទេស​ចរណ៍​រាជធានី​ខេត្ត ភ្ញៀវទេសចរ​ដែល​បានធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស​ចាប់ពី ថ្ងៃទី 17-21 ខែសីហា ឆ្នាំ2020 មាន​ចំនួន​ប្រមាណ 1,459,386នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ 1,445,238 នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ 14,148 នាក់។

ក្រសួងទេសចរណ៍​បានបញ្ជាក់​ផងដែរ​ថា រាជធានី​ខេត្ត​ទាំងអស់​បាន​ខិតខំ​រៀបចំ​គោលដៅ​ទេសចរណ៍ និង​បង្ហាញ​ផលិតផល​ទេសចរណ៍ថ្មីៗ ដួច​នៅ​ខេត្តសៀមរាប រដ្ឋបាលខេត្ត​បាន​ខិតខំ​រៀបចំ​បង្កើតអោយមាន​ព្រឹត្តិការណ៍ “សម្រាក​សៀមរាប” ទាំង​ព្រឹត្តិការណ៍​កីឡា ទេសចរណ៍ វប្ប​ធ​ម៍ ប្រពៃណី ។ល។ ដែល​បាន​ទាក់ទាញ​ទេសចរ​រាប់ម៉ឺន​នាក់​ទៅ​កម្សាន្ត​នៅ​ខេត្តសៀមរាប។ ក្នុង​ដំណើរ​ការរៀប​ចំនេះ រដ្ឋបាលខេត្ត​បាន​សហការ​ជាមួយ​គ្រប់ផ្នែក​ពាក់ពាន់ និង​វិស័យ​ឯកជន ខិតខំ​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក៏ដូចជា​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុងការ​ទប់ស្កាត់​ជំងឺ​Covid-19 ពិសេស​នៅ​កន្លែង​ប្រារព្វ​ពិធី។

ភ្ញៀវទេសចរ​ភាគច្រើន​បាន​ដើរ​កម្សាន្ត​ជា​ក្រុមគ្រួសារ និង​ជាច្រើន​គោលដៅ​ដោយ​ភ្ជាប់​គ្នា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ហើយ​ខ្លះ​បានរៀបចំ​ម្ហូបអាហារ​ដោយ​ខ្លួនឯង​សម្រាប់​ហូបចុក​ក្នុង​ដំណើរ​កម្សាន្ត។ តាម​ការអង្កេត​ជាក់ស្តែង មិនមាន​បញ្ហា​ធំដុំ​ណាមួយ​កើតឡើង​ទេ មិនមាន​ការតំឡើងថ្លៃ​ហួសហេតុ​លើ​សេវា​ស្នាក់នៅ និង​ម្ហូបអាហារ​ទេ ទោះបី​នៅតាម​គោលដៅ​ទេសចរណ៍​មួយចំនួន មានការ​ខ្វះខាត​បន្ទប់​ស្នាក់នៅ ដោយសារ​លំហូរ​ភ្ញៀវ​មាន​ច្រើន​ក្នុងពេល​តែមួយ​ក៏ដោយ។ ភ្ញៀវទេសចរ​មួយចំនួន​បានជ្រើសរើស​ការបោះ​តង់ និង​ការ​ស្នាក់​នៅផ្ទះរ​បស់បង​ប្អូន ឬ​ជួល​ផ្ទះ​របស់​បងប្អូន​ប្រជាជន​ក្នុង​ខេត្ត​ផ្ទាល់។ ប៉ុន្តែ បញ្ហា​សំរាម ទោះបី​រដ្ឋបាលខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​មានការ​ខិតខំ​ច្រើន តែ​នៅតែ​ជា​បញ្ហា​ស្មុ​គ្រ​ស្មាញ​នៅឡើយ​ដោយ​នៅតាម​គោលដៅ​មួយចំនួន ភ្ញៀវទេសចរ​មានការ​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ ជាពិសេស​បោះចោល​សំរាម ឬ​ទុកចោល​នៅ​កន្លែង​ដែល​ពួកគាត់​បានទទួល​ទាន​អាហារ។

គ្រប់​គោលដៅ​ទេសចរណ៍​បាន​ខិតខំ​អនុវត្តតាម​គោល​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​Covid-19 ក្រោម​ការណែនាំ និង​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​មូលដ្ឋាន​របស់​គណៈ​អភិបាល​រាជធានី​ខេត្ត ដែលមាន​មន្ទីរ​ទេសចរណ៍​ជា​សេនាធិការ ជាពិសេស​ការ​ស្កេ​ន​កំដៅ លាងដៃ និង​ការកត់ត្រា​ពត៌មាន​ភ្ញៀវ។ យ៉ាងណាក៏ដោយ ការពាក់​ម៉ាស់​របស់​ភ្ញៀវ​នៅ​មិនទាន់មាន​ភាព​ពេញលេញ ហើយ​ការរក្សា​គំលាត​សុវត្ថិភាព​នៅ​ពុំទាន់​អនុវត្តបាន​ល្អប្រសើរ ជាពិសេស​នៅតាម​គោលដៅ​ទេសចរណ៍​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​ច្រើន។

ជារួម ប្រជាជន​នៅតាម​មូលដ្ឋាន និង​វិស័យ​ឯកជន មាន​ភាព​រីករាយ​ជាមួយ​លំហូរ​ភ្ញៀវទេសចរ​នៅ​គ្រប់​គោលដៅ​ទេសចរណ៍ ខណៈដែល​ការចំណាយ​របស់​ភ្ញៀវ​បាន​ហូរ​ចូល​ដោយផ្ទាល់​ទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​មូលដ្ឋាន។ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ភាគច្រើន​បាន​បើកទទួល​ភ្ញៀវ រាប់​តាំងពី​សេវា​ស្នាក់នៅ និង​ម្ហូបអាហារ ខណៈដែល​ម​គ្គុ​ទេ្ទ​ស​ក៏​ទេសចរណ៍​មួយចំនួន​ក៏បាន​ទទួល​ការងារ​ពី​លំហូរ​ភ្ញៀវទេសចរ​ដ៏​ច្រើន​នេះ ប៉ុន្តែ​សណ្ឋាគារ​កំរិត​ខ្ពស់​ដែល​ធ្លាប់​ទទួលភ្ញៀវ​អន្តរជាតិ ពុំទាន់​បើក​ដំណើរការ​នៅឡើយ ជាពិសេស​នៅ​ខេត្តសៀមរាប៕

Advertisement