សម័យ Covid-19 បុណ្យភ្ជុំក៏ត្រូវមានលក្ខខណ្ឌ និងរបៀបធ្វើដើម្បីការពារសុវត្ថិភាពដែរ

ស្ថិតក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​ក៏ត្រូវ​បានរៀបចំ​ដោយ​កំណត់​លក្ខខណ្ឌ​យ៉ាងច្បាស់​លាស់​ដើម្បី​ធ្វើយ៉ាងណា​ធានា​ពី​សុវត្ថិភាព​របស់​អ្នក​ធ្វើបុណ្យ​ទាំងអស់គ្នា​ដើម្បី​កុំឱ្យ​មាន​ចម្លងជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ចូលក្នុង​សហគមន៍។

ក្រសួង​ធម្មការ និង​សាសនា​បានកំណត់​លក្ខខណ្ឌ​ចំនួន 6ចំណុច​សម្រាប់​អនុវត្ត​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុងប្រទេស​កម្ពុជា។ លក្ខខណ្ឌ​ទាំងអស់នោះ​មានដូចជា៖

ទី1. រៀបចំ​វត្ត​អារាម ឱ្យមាន​សណ្ដាប់ធ្នាប់ អនាម័យ​បរិស្ថាន​ល្អ ត្រូវ​ចង​ទង់ បដា ជ្វាលា ពាក្យស្លោក និង​រៀបចំ​ឱ្យមាន​ធុងសំរាម​សាធារណៈ

ទី2. សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន រៀបចំ​ឱ្យមាន​កម្លាំង​រក្សា​សន្តិសុខ សណ្ដាប់ ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​មក​បំពេញ​បុណ្យ​កុសល នៅ​គ្រប់​វត្ត​អារាម

ទី3. រៀបចំ​ទុកដាក់ បែងចែក​ទេយ្យទាន​ឱ្យបាន​សមរម្យ​ជៀសវាង​ភាព​ខ្លះ​ខ្ជាយ និង​យកទៅ​ជូន​កងកម្លាំងប្រដាប់អាវុធ ចែកទាន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ កុមារកំព្រា និង​ក្មេង​អនាថា​គ្មាន​ទីពឹង

ទី4. តាមដាន និង​ត្រួតពិនិត្យ​នៅតាម​វត្ត​អារាម ដើម្បី​អនុវត្ត​ឱ្យបាន​នូវ​អនុសាសន៍​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល

ទី5. ផ្សព្វផ្សាយ​នូវ​រាល់​សារ​អប់រំ​ណែនាំ​នានា ដែល​ផលិត​ដោយ​ក្រសួងសុខាភិបាល ឱ្យបាន​ទូលំទូលាយ ជាប់​ជាប្រចាំ​នៅក្នុង​ទីវ​ត្ត​អារាម និង​ផ្សព្វផ្សាយ​ដល់​សាធារណជន ពុទ្ធបរិស័ទ ឱ្យ​បង្កើន​ការ​ប្រុង ប្រយ័ត្ន​ខ្ពស់ សំដៅ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ក្នុង​សហគមន៍

ទី6. រៀបចំ​ឱ្យមាន​ជា​កន្លែង​ពិនិត្យ​សុខភាព មុនពេល​ចូលក្នុង​ទីធ្លា​វត្ត​អារាម ព្រះវិហារ ឬ​សាលាឆាន់ ត្រូវមាន​ឧបករណ៍​វាស់​កម្ដៅ សាប៊ូ ជែ​ល ឬ​ទឹក​អាល់កុល​សម្រាប់​លាង​សម្អាត​ដៃ​ជាប្រចាំ។ ត្រូវ ពាក់​ម៉ាស ក្រមា កន្សែង ឬ​ប្រើ​ក្រដាស​ខ្ទប់មាត់​នៅពេល​ក្អក ឬ​កណ្ដាស់ និង​ត្រូវ​រក្សា​គម្លាត​បុគ្គល ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​ឱ្យបាន​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ និង​អនុវត្តតាម​វិធាន​នានា ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល៕

Advertisement