ឯកឧត្តម ខៀវ កាញារីទ្ធ៖ អ្នកចេះធ្វើគំនូរជីវចលបែប Animation គួរធ្វើឱ្យច្បាស់លាស់ល្អ ហើយមិនបាច់វែងពេកទេ

បច្ចុប្បន្ននេះ ដោយសារតែ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ផ្នែក​បច្ចេកវិទ្យា និង​ការអប់រំ យុវជន​ខ្មែរ​កាន់តែច្រើនឡើងៗមាន​សមត្ថភាព​ទទួល​បានការ​បណ្តុះបណ្តាល និង​អភិវឌ្ឍ​ជា​ក្រុមការងារ​ដើម្បី​បង្កើតជា​សម្មិទ្ធិផល​សិល្បៈ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​យ៉ាងច្រើន។

ពាក់ព័ន្ធ​ជាមួយនឹង​សិល្បៈ​គំនូរជីវចល​បែប Animation ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើងថា បច្ចុប្បន្ននេះ​សិល្បៈ​គំនូរជីវចល​បែប Animation នៅ​កម្ពុជា​បាន​អភិវឌ្ឍ​គួរឱ្យកត់សម្គាល់។ នៅ​ឆ្នាំនេះ មាន​ចំនួន​បេក្ខជន​កើនឡើង​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រកួត​គំនូរជីវចល​ថ្នាក់ជាតិ​លើក​ទី7 ឆ្នាំ2020។ ចំណែកឯ​លទ្ធផល​ទៀតសោត​ក៏មាន​ការអភិវឌ្ឍ​ជា​វិជ្ជមាន ព្រោះ​វីដេអូនីមួយៗមាន​អ្នក​ចូល​មើល​ច្រើន និង​គំនិត​រឿង​ក៏មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ដែល​បង្ហាញ​ពី​ការរីកចម្រើន​ផ្នែក​សមត្ថភាព​របស់​យុវជន​ខ្មែរ​ទាំង​ផ្នែគ​ចិត្ត​វិទ្យា សង្គមវិទ្យា និង​បច្ចេកទេស ខុសពី20ឆ្នាំមុន។

ឯកឧត្តម ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា៖ «នៅពេលដែល​ចេះ​ធ្វើ​គំនូរជីវចល​បែប Animation ច្បាស់លាស់​ហើយ​ល្អ មិនចាំបាច់​ធ្វើ​វែង​ពេក​នោះទេ។ គេ​អាចធ្វើ​ខ្លី តែ​មានន័យ​គ្រប់គ្រាន់ និង​ធ្វើឱ្យ​អ្នកមើល​យល់បាន»។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់យោបល់​ផងដែរ​ថា អ្នកនិពន្ធ​សាច់រឿង​ក៏​ចាំបាច់​ត្រូវតែមាន​សិល្បៈ​ឱ្យបាន​ខ្ពស់​ផងដែរ​ចំពោះ​ដំណាក់កាលនីមួយ។ អ្នកនិពន្ធ​សាច់រឿង​ពូកែ គឺ​ត្រូវ​ចេះ​លាក់​សាច់រឿង​ដើម្បី​កុំឱ្យ​អ្នកមើល​ស្មានដឹង ធ្វើឱ្យ​ពួកគេ​តាមដាន​តាំងពីដើម​រហូតដល់​ចប់៕

Advertisement