វិស្វករគួរជាស្ពានតភ្ជាប់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រជាមួយសង្គម និងវប្បធម៌

សម្មិទ្ធិផលសំខាន់ៗនៅលើ​ពិភពលោក​ជាច្រើន​សុទ្ធតែ​កើតចេញពី​ស្នាដៃ​របស់​វិស្វករ​លើ​គ្រប់​ជំនាញ ទាំង​វិស្វករ​ផ្នែក​សំណង់ វិស្វករ​កម្មវិធី (software) និង​វិស្វករ​ជំនាញ​ជាច្រើនផ្សេងៗទៀត។ ហេតុនេះហើយ​ទើប​វិស្វករ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការតភ្ជាប់​សង្គម​វប្បធម៌ និង​ការរស់នៅ​របស់​មនុស្ស​ជាមួយ​បច្ចេកទេស វិទ្យាសាស្ត្រ និង​នវានុវត្តន៍​ជាដើម។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា វិស្វករ​ជា​ស្ពាន​សម្រាប់​ត​ភ្ជាប់​បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយ​ផ្សារភ្ជាប់​ទៅនឹង​ការអភិវឌ្ឍ​ជីវភាព​សង្គម និង​តម្លៃ​វប្បធម៌។ វិស្វករ​ជា​អ្នកជំនាញ​ដែល​អាច​ដោះស្រាយ​បញ្ហា​នានា​នៅក្នុង​សង្គម ដោយ​បង្កើត​ស្នាដៃ ឬ​សម្មិទ្ធិផល​នានា​ដោយ​បញ្ចូល​ផ្នត់គំនិត​វប្បធម៌ និង​ការរស់នៅ​ដើម្បី​ធ្វើឱ្យ​សម្មិទ្ធិផល​ដែល​បង្កើត​ចេញមក​មាន​ភាព​ពេញលេញ និង​ប្រកបដោយ​គុណ​តម្លៃ​ខ្ពស់​សម្រាប់​ការរស់នៅ។

ឯកឧត្តម រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​វិស្វករ​ទាំងអស់ ទាំង​វិស្វករ​ជាតិ វិស្វករ​អាស៊ាន និង​វិស្វករសំខាន់ៗលើ​ពិភពលោក​បង្កើត​កម្មវិធី​ផ្លាស់ប្តូរ​យោបល់ ចំណេះដឹង និង​បទពិសោធន៍​ដើម្បី​បង្កើន​សម្ថ​ភាព​ទាំង​ទ្រឹះ​ស្តី និង​ការអនុវត្ត​ឱ្យ​កាន់តែ​ប្រសើរ។ ការធ្វើ​បែបនេះ​នឹង​ផ្តល់​ឱកាសល្អ​សម្រាប់​ឱ្យ​វិស្វករ​អាច​រៀនសូត្រ​ពីគ្នា​ដើម្បី​បន្ត​អភិវឌ្ឍ​ស្នាដៃ​ដើម្បី​ចូលរួម​លើកស្ទួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​បង្កើតបានជា​ភាពសុខដុមរមនា ក្នុង​តំបន់​រួមគ្នា។

ទន្ទឹមនឹងនេះ សម្រាប់​បរិបទ​កម្ពុជា យើង​ត្រូវការ​វិស្វករ​ដែលមាន​ឆន្ទៈ​សិក្សា​ស្វែងយល់​ឱ្យ​កាន់តែ​ទូលំទូលាយ​ពី​ផ្នែក​នានា​លើ​ពិភពលោក​សម្រាប់​បោះជំហាន​ទៅមុខ​ឱ្យ​កាន់តែ​ជោគជ័យ។ បន្ថែម​ពីលើ​នេះ​យើង​ក៏ត្រូវ​ការជំរុញ​ឱ្យមាន​ការលើកកម្ពស់​តួនាទី​វិស្វករ​ស្ត្រី​ផងដែរ​ក្នុងការ​អភិវឌ្ឍ​សង្គម និង​តម្រូវការ​ជា​បន្តបន្ទាប់​ក្នុង​ការកសាង​សមត្ថភាព​សម្រាប់​វិស័យ​វិស្វករ​វ័យក្មេង​ដើម្បី​ជំរុញឱ្យមាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង៕

Advertisement