ធ្វើអាជីវកម្មក៏ដោយ ធ្វើការក៏ដោយ ភាពជោគជ័យអាស្រ័យលើយើងខ្លួនឯង

បច្ចុប្បន្ននេះ មនុស្ស​ជាច្រើន​បាន​យកចិត្តទុកដាក់ និង​លើកឡើង​ពី​ភាពខុសគ្នា​រវាង​អ្នកធ្វើការ និង​អ្នករកស៊ី។ មាន​មនុស្ស​ខ្លះ​ចូលចិត្ត​ការរកស៊ី តែ​ផ្តល់​តម្លៃ​ថា​ភាពជោគជ័យ​របស់​មនុស្ស​អាស្រ័យ​លើ​ការរកស៊ី ខណៈ​មនុស្ស​ខ្លះទៀត​មើលឃើញ​តម្លៃ​នៃ​ការធ្វើការ យល់ឃើញថា​ទោះ​ធ្វើការ​ងារ​ក៏​អាច​ជោគជ័យ​ក្នុង​ជីវិត​បានដែរ។

លោក គីម ដា​រ៉ា ស្ថាបនិក​ស្ថាប័ន​អប់រំ Start Up Cambodia បាន​លើកឡើងថា លោក​ធ្លាប់​ធ្វើជា​អ្នកលក់ គ្រូ​ជំរុញ​ភាពក្លាហាន​តាមរយៈ​ការលក់​ផ្ទាល់​ទៅ​មនុស្ស​ដែល​មិន​ស្គាល់គ្នា គ្រូបង្វឹក​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​កំរិត​វិទ្យាល័យ ប្រឹក្សា​បញ្ហា​បាក់​ទឹកចិត្ត ប្រឹក្សា​អំពី​អាជីវកម្ម​និង​ការចាប់ផ្ដើម។ ហើយ​បទពិសោធន៍​ទាំងនេះ​បង្រៀន​លោក​ថា បើ​ចង់​ចេះ​ចង់​យល់ច្បាស់ លុះត្រាតែ​តែ​ចុះ​ធ្វើ​ដោយ​ខ្លួនឯង ស្តាប់​តែ​គេ​និយាយ មិនអាច​យល់​ពី​អារម្មណ៍​ពិត​ឡើយ។

លោក​ថា យើង​ស្តាប់​គ្រូ​ជោគជ័យ​បង្រៀន​ពី​អាជីវកម្ម​ហាក់ដូចជា​ងាយ​ណាស់ តែ​ពេល​យើង​ធ្វើ​ខ្លួនឯង​បានដឹងថា​មិន​ងាយ​ទេ យើង​ស្តាប់​គ្រូ​ជោគជ័យ​យើង​យល់ថា​ធ្វើ​អាជីវកម្ម​ធ្វើ​ឲ្យ​យើង​មាន​ពេលទំនេរ​ច្រើន តែ​តាម​បទពិសោធន៍​លោក រវល់​រហូត​ដល់ពេល​ដេក​ក៏​គិត​ដែរ ហើយ​លោក​ធ្លាប់​ដេក​មិន​លក់​ពេល​គិត​ច្រើនពេក ហើយ​ពេលខ្លះ​ភ្លេច​មិនដឹង​ថ្ងៃ​សៅរ៍​អាទិត្យ​ឬ​បុណ្យទាន​ឡើយ។ គេ​ថា​ធ្វើ​ជំនួញ​ដើម្បី​មាន​លុយ​សំបូរ​ចាយ តែ​ជាក់ស្ដែង​ចាយលុយ​ប្រយ័ត្ន​ណាស់ ព្រោះ​មិនមែន​ទំនួល​ខុសត្រូវ​ម្នាក់ឯង​ទេ នៅមាន​មនុស្ស​ជាច្រើន​ទៀត​ដែល​ត្រូវ​ផ្ញើ​វាសនា​នឹង​យើង។ ពិសេស​គឺ​ត្រូវ​រៀន​រហូត បើ​មិន​ខំរៀន​ទេ ធ្វើ​បច្ចុប្បន្នភាព​មិនទាន់​ការផ្លាស់ប្ដូរ​របស់​ពិភពលោក​ឡើយ។

លោក គីម ដា​រ៉ា បាន​និយាយថា៖ «ខ្ញុំ​មិន​យល់ថា​ហេតុអ្វី​បានជា​យុវជន​បច្ចុប្បន្ន​ឲ្យ​តម្លៃ​ម្ចាស់​អាជីវកម្ម​ម្លេះ តែ​តាមពិតទៅ អ្នកខ្លះ​ដូចជា​ខ្ញុំ​ជាដើម​មើលទៅ​ឡូយ​ព្រោះ​មុខដំណែង តែ​តាមពិត​ខួរក្បាល​គិត​រហូត ដូចជា​មិន​សប្បាយ​ទេ បើ​សប្បាយ​គឺ​សប្បាយ​នឹង​ភាពជោគជ័យ​ដែល​កើតចេញពី​ការងារ​ជា​ក្រុម​ទេ​មិនមែន​សប្បាយ​នឹង​មុខតំណែង​ទេ»។

លោក​បាន​បន្ថែមទៀតថា ធ្វើ​អាជីវកម្ម​ក៏ដោយ ធ្វើការ​ក៏ដោយ ភាពជោគជ័យ​អាស្រ័យ​លើ​យើង​ខ្លួនឯង បើ​យើង​គិត​ត្រូវ ហើយ​ខិតខំ នោះ​យើង​នឹង​ជោគជ័យ។ ពេល​រៀន ត្រូវ​រៀន​ឲ្យ​ខ្លាំង ហើយ​ឈប់​យក​លេស​ថា​ខ្ញុំ​នឹងធ្វើ​អាជីវកម្ម​ហើយ​ខ្ជិល​រៀន។ និយាយ​ទៅ ភាគច្រើន​មិន​ទាំងអស់​ទេ​ដែល​សិស្ស​ពូកែ ធ្វើការ​ក៏​ខ្លាំង ធ្វើ​អាជីវកម្ម​ក៏​ខ្លាំង។ លោក​បានផ្តល់​សារ​ថា ប៊ី​ល​ហ្គេ​ត​ជា​សិស្ស​ពូកែ ហើយ​ម៉ាគ​ហ្សា​ក់​ឃឺ​ប៊ើ​គ​ក៏​ជា​សិស្ស​ពូកែ​ដែរ អេ​លុន​មុ​ស​ក៏​ជា​សិស្ស​ពូកែ​ដែរ មិនមែន​ឈប់រៀន​ដោយសារ​រៀន​មិនចេះ​ឬ​ខ្ជិល​រៀន​ឡើយ៕

Advertisement