ឯកឧត្តម ខៀវ កាញារីទ្ធ៖ ពេលកើត Covid-19 ប្រព័ន្ធផ្សព្វផ្សាយសង្គមរីកទូលាយ ដំណឹងពិត និងមិនពិតច្របូកច្របល់គ្នា

បច្ចុប្បន្ននេះ បច្ចេកវិទ្យា​ព័ត៌មាន​កាន់តែ​ជឿនលឿន ធ្វើឱ្យ​មនុស្ស​លើ​ពិភពលោក​ជាច្រើន​ពាន់​លាន​នាក់​មានប្រើ​ប្រាស់​បណ្តាញ​សង្គម ដែល​បណ្តាញ​ទាំងអស់នេះ​អាច​ផ្តល់​សិទ្ធ​សម្រាប់​មនុស្ស​គ្រប់គ្នា​ចែកចាយ​ព័ត៌មាន​បាន។

ក្នុងស្ថានភាព​បែបនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានលើកឡើង​ថា នៅពេល​កើត​ជំងឺ Covid-19 កើតឡើង ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​រីក​ទូលំទូលាយ ដែល​ធ្វើ​ឱ្យដំណឹង​ពិត និង​មិន​ពិត​ច្របូកច្របល់​គ្នា។ ស្ថានភាព​នេះ ខុសពី​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កាច​សាហាវពីមុនៗដូចជា​ជំងឺ អេដស៍ និង​ជំងឺសារ​ជាដើម ដែល​កាលនោះ​មិនទាន់មាន​បណ្តាញ​សង្គម និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនសូវ​បាន​ទូលំទូលាយ។

ឯកឧត្តម ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា ៖ «បច្ចុប្បន្ននេះ​យើង​ដឹង​ហើយ​ថា តម្លៃ​អ្នកសារព័ត៌មាន​យើង​មួយចំនួន​ធ្លាក់ចុះ ដោយសារតែ​អ្នកព័ត៌មាន​ឥត​វិជ្ជាជីវៈ។ គាត់​រញ៉ែរ​ញ៉ៃ​ច្រើន ធ្វើឱ្យ​យើង​ជា​អ្នកមាន​វិជ្ជាជីវៈ​ធ្លាក់ចុះ»។

ការ​ដែលមាន​ប្រភពព័ត៌មាន​ច្រើន​ទាំង​វិជ្ជាជីវៈ និង​មិន​វិជ្ជាជីវៈ​ច្របូកច្របល់​បែបនេះ ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ពី​សំណាក់​អ្នកអាន​ដើម្បី​ពិនិត្យថា​តើ​ព័ត៌មាន​ណា​មាន​ប្រយោជន៍ ហើយ​ព័ត៌មាន​ណា​គ្មាន​ប្រយោជន៍។ ទន្ទឹមនឹងនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​ក្លិប​អ្នកកាសែត​កម្ពុជា បន្ត​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ពី​វិជ្ជាជីវៈ​សារព័ត៌មាន​ឱ្យបាន​កាន់តែខ្លាំង៕

Advertisement