រឿងអ្វីខ្លះដែលគួរធ្វើ និងមិនគួរធ្វើពេលធ្វើដំណើរដើម្បីការពារ Covid-19 ក្នុងពេលភ្ជុំបិណ្ឌនេះ?

ពេលនេះ កម្ពុជា​យើង​កំពុងស្ថិត​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ថ្ងៃ​ឈប់សម្រាក​នឹង​ចូល​មកដល់​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

ហេតុនេះ​ដើម្បី​ដើម្បី​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ក៏ដូចជា​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស Covid-19 ក្រសួងទេសចរណ៍​បានដាក់​ចេញ​នូវ «ប្រការ​គួរ​ធ្វើ និង​មិនគួរ​ធ្វើ» ចំនួន 8ប្រការ ក្នុងការ​ធ្វើដំណើរ​កំឡុង​ពេល​ជំងឺឆ្លង COVID-19 ក្នុងប្រទេស​កម្ពុជា។

ភ្ញៀវទេសចរ​អន្ដរជាតិ​ធ្វើដំណើរ​មក​កម្ពុជា ត្រូវគោរព​តាម​ដំបូន្មាន 8យ៉ាង ដូចខាងក្រោម៖

  1. អនុវត្តន៍​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា៖ ត្រូវគោរព​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជានិច្ច ប្រសិនបើ​អ្នក​ត្រឡប់​មកពី​តំបន់​ដែលមាន​ឆ្លង​ជំងឺ ហើយ​សូម​ពិនិត្យមើល​ដំបូន្មាន​របស់​រាជរដ្ឋាភិបាល​អំពី​ចំណាត់ការ​ពេល​អ្នក​មកដល់។
  2. ស្វះ​ស្វែងរក​ដំបូន្មាន​ខាង​វេជ្ជសាស្ដ្រ៖ ប្រសិនបើ​អ្នកមាន​អារម្មណ៍​មិន​ស្រួលខ្លួន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដោយ​អាច​ទំនាក់ទំនង​ទូរស័ព្ទ​លេខ 115។
  3. ត្រូវមាន​ធានារ៉ាប់រង៖ ត្រូវ​ធានាថា​អ្នកមាន​ធានារ៉ាប់រង​គ្រប់គ្រាន់ លើ​ការធ្វើដំណើរ​មកកាន់​ក​ម្ពុ​ជា​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺឆ្លង COVID-19។
  4. កុំ​រើសអើង៖ ខណៈពេល​លោកអ្នក​ព្រួយបារម្ភ​អំពី​សុខភាព កំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺឆ្លង COVID-19 លោកអ្នក​មិនត្រូវ​រើសអើង​ជាតិ​សាសន៍ ជាពិសេស​ជាមួយ​ភ្ញៀវទេសចរ និង​ក្រុមមនុស្ស​ដែល​មកពី​តំបន់​ដែលមាន​ការឆ្លង​ជំងឺ។
  5. លាងដៃ​របស់​អ្នក៖ អនាម័យ​ល្អជា​ចំណុច​សំខាន់បំផុត​ក្នុង​កិច្ចការពារ។ ដូច្នេះ​ត្រូវ​ប្រាកដថា អ្នក​បាន​លាងដៃ​ជាប់​ជាប្រចាំ​ដោយ​ប្រើ​សាប៊ូ និង​ទឹក ឬ​អាល់កុល ជែ​ល សម្រាប់​លាងដៃ។ កុំ​ភ្លេច​ខ្ទប់មាត់ និង​ច្រមុះ​ជាមួយ​ក្រដាសអនាម័យ ឬ​ដៃ​អាវ​របស់​អ្នកផង នៅពេល​អ្នក​ក្អក ឬ​កណ្ដាស់។
  6. ចែករំលែក​បទពិសោធ​ន៍​វិជ្ជមាន៖ ប្រើ​បណ្ដាញ​សង្គម ដើម្បី​ចែករំលែក​រឿងរ៉ាវ​ធ្វើដំណើរ​ជា​វិជ្ជមាន​នានា​របស់​អ្នក។
  7. ធ្វើ​ចិត្ត​ឱ្យ​ស្ងប់៖ ប្រកាន់​ស្មារតី​ប្រុងប្រយ័ត្ន ប៉ុន្ដែ​កុំ​ភ័យ​ស្លន់ស្លោ និង​ត្រូវ​ពាក់​ម៉ាស់​ក្នុង​ដំណើរ​កម្សាន្ដ​របស់លោក​អ្នក​នៅ​ទីកន្លែង​សាធារណៈ ឬ​មានការ​ប្រមូលផ្ដុំ។
  8. មេត្តា​កុំ​លុបចោល​ការធ្វើដំណើរ​មក​កម្ពុជា៖ លោកអ្នក​អាច​ពិចារណា​ក្នុងការ​ពន្យារ ឬ​ផ្លាស់ប្ដូរ​គោលដៅ​មក​កម្ពុជា​បាន។ មាន​ក្រុមហ៊ុន​អាកាសចរណ៍ និង​សណ្ឋាគារ​ជាច្រើន​កំពុង​លើកលែង​កម្រៃ​ដូរ​សំបុត្រ និង​ការ​កក់ ដោយ​កំពុង​ផ្ដល់ជូន​នូវ​គោលនយោបាយ​កក់​ឡើងវិញ​តាម​ការចង់បាន​របស់​លោកអ្នក៕
Advertisement