រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឱ្យប្រជនទុកដាក់សំរាមឱ្យបានល្អក្នុងថ្ងៃភ្ជុំបិណ្ឌ

មិន​ខុសពី​រៀងរាល់ឆ្នាំ ឱ្យតែ​ដល់​រដូវ​បុណ្យទានធំម្តងៗ បុគ្គលិក​នៃ​ក្រុមហ៊ុន​ប្រមូល​សំរាម​តែងតែ​ឈប់សម្រាក ដែល​បញ្ហា​នេះ​ទាមទារ​ឱ្យ​សមាជិក​នៃ​ក្រុមគ្រួសារនីមួយៗរៀបចំ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​មាន​បញ្ហា​រលួយ​ស្អុយ ឬ​យកទៅ​បោះចោល​នៅ​ទីសាធារណៈ។

នៅ​ឆ្នាំនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការ​ទុកដាក់​សំរាម​ក្នុងឱកាស​ថ្ងៃ​ឈប់​សម្រាប​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដោយ​អាជ្ញាធរ​បានបញ្ជាក់​ថា នៅ​ថ្ងៃ​ឈប់សម្រាក​ចាប់ពី​ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ2020 ដល់​ថ្ងៃទី18 ខែកញ្ញា ឆ្នាំ2020 បុគ្គលិក កម្មករ របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​មួយចំនួន ត្រូវបាន​ឈប់សម្រាក​ពី​ការងារ ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​ពួកគាត់​នៅតាម​បណ្តា​ខេត្ត​នានា។ ស្ថានភាព​បែបនេះ នឹង​ធ្វើឱ្យ​ការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង ក្នុង​រាជធានី​ភ្នំ​ពេ មាន​ភាពរអាក់រអួល មិនបាន​ពេញលេញ​ដូច​ថ្ងៃ​ធម្មតា​នោះទេ។

ហេតុនេះ​ដើម្បី​ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន​រាជធានី រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​លំនៅដ្ឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ កុំ​បញ្ចេញ​សំរាម សំណល់​រឹង​មក​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ​នៅក្នុង​អំឡុងពេល​ថ្ងៃ​ឈប់សម្រាក​នេះ ដោយ​សូម​រក្សា​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ នៅក្នុង​ទីតាំងរៀងៗខ្លួន​ជា​បណ្តោះអាសន្ន៕

Advertisement