ក្រសួងការងារប្រកាសបើកវិធានការជាជំហានសម្រាប់ការការស្នាក់នៅជប៉ុន និងនីតិវិធីចំពោះកម្មសិក្សាការី និងពលករជំនាញ

កម្ពុជា​ជា​ប្រទេស​យ៉ាងសំខាន់​មួយ​ដែល​តែងតែ​បញ្ជូន​កម្មសិក្សាការី និង​ពលករ​ជំនាញ​ទៅធ្វើ​ការ​ដើម្បី​បំពេញ​សេចក្តីត្រូវការ​ផ្នែក​ការងារ​នៅ​ប្រទេស​ជប៉ុន។ ដោយសារតែ​ការរីក​រាលដាល​នេះ​ជំងឺ Covid-19 ថ្មីៗនេះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយ​ស្តីពី​ការបើក​វិធានការ​ជា​ជំហាន​សម្រាប់​ការ​ស្នាក់នៅ​ប្រទេស​ជប៉ុន និង​នីតិវិធី​ចំពោះ​កម្មសិក្សាការី-ពលករ​ជំនាញ​កម្ពុជា។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា តាមរយៈ​ការជូនដំណឹង​របស់​ស្ថានទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី07 ខែកញ្ញា ឆ្នាំ2020 រដ្ឋាភិបាល​ជប៉ុន បានសម្រេច​អនុញ្ញាត​បើក វិធានការ​ជា​ជំហាន​សម្រាប់​ការ​ស្នាក់នៅ​រយៈពេល​យូរ​សម្រាប់​ប្រទេស​កម្ពុជា ដែល​រួមបញ្ចូល​ទាំង​កម្មសិក្សាការី និង​ពលករ​ជំនាញ​ចាប់ពី​ថ្ងៃទី8 ខែកញ្ញា​ឆ្នាំ2020 នេះ​តទៅ។

វិធានការ​ទាំងអស់នោះ​មានដូចជា មុនពេល​ចេញដំណើរ​ទៅ​ប្រទេស​ជប៉ុន ចាំបាច់​ត្រូវបំពេញ​ពាក្យស្នើសុំ​ទិដ្ឋាការ​ថ្មី នៅ​ស្ថានទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដោយ​ភ្ជាប់​នូវ​លិខិតឆ្លងដែន​រប​ស់​កម្មសិក្សាការី ឬ​ពលករ​ជំនាញ ពាក្យស្នើសុំ​ទិដ្ឋាការ និង​វិញ្ញាបនបត្រ​បញ្ជាក់​សិទ្ធ​រស់នៅ​របស់​កម្មសិក្សា​ការី ឬ​ពលករ​ជំនាញ។ បន្ថែម​ពីលើ​នេះ​ពួកគេ​ក៏​ត្រូវមាន​កិច្ចសន្យា​វិធាន​ច​ត្តា​ឡី​ស័ក​ចំនួន 14ថ្ងៃ ដែល​ផ្តល់ឱ្យ​ដោយ​ក្រុមហ៊ុន ឬ​សមាគម​របស់​ប្រទេស​ជប៉ុន ចំនួន2ច្បាប់​ផងដែរ។ ឯកសារ​សំខាន់​មួយ​ផ្សេងទៀត​គឺ កម្រង​សំណួរ​បច្ចុប្បន្នភាព​ចុងក្រោយ​បំផុត​ស្តីពី​ប្រវត្តិ និង​គម្រោង​ធ្វើដំណើរ​ក្នុងអំឡុងពេល Covid-19 ដែល​កម្មសិក្សាការី ឬ​ពលករ​ត្រូវបំពេញ។

ចំពោះ​ពេលធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​វិញ កម្មសិក្សាការី ឬ​ពលករ​ជំនាញ ត្រូវបំពេញ​ចម្លើយ​ទៅក្នុង​កម្រង​សំណួរ​ស្តីពី​ស្ថានភាព​បច្ចុប្បន្ន​ដែល​បាន​ចែកជូន​នៅលើ​យន្តហោះ ហើយ​ត្រូវ​ដាក់ជូន​កា​រិ​យ​ល័យ​ទទួលបន្ទុក​អនុវត្ត​ច​ត្តា​ឡី​ស័ក​នៅ​ព្រលានយន្តហោះ​វិញ។ កម្រង​សំណួរ​នេះ ត្រូវបាន​រៀបចំឡើង​តែ​ពីរ​ភាសា​ប៉ុណ្ណោះ គឺ​ភាសា​អង់គ្លេស និង​ភាសា​ជប៉ុន។ ពួកគេ​ក៏ត្រូវ​ភ្ជាប់​ជាមួយ​នូវ​កិច្ចសន្យា​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ចំនួន 14ថ្ងៃ ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន ឬ​សមាគម​នៅ​ប្រទេស​ជប៉ុន​ជូន​ការិយាល័យ​ទទួលបន្ទុក​អនុវត្ត​ច​ត្តា​ឡី​ស័ក​នៅ​ព្រលានយន្តហោះ​ផងដែរ។ បន្ថែម​ពីលើ​នេះ ប្រសិនបើ​អាច​គួរ​ទាញយក (download) កម្មវិធី Covid-19 Contact-Confirming Application ទៅក្នុង​ទូរស័ព្ទដៃ និង​ចុះឈ្មោះ​ក្នុង​កម្មវិធី មុនពេល​ចេញដំណើរ​ទៅដល់​ប្រទេស​ជប៉ុន៕

Advertisement