ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរនិងផលិតស្បែកជើង នឹងឡើងដល់192ដុល្លារនៅឆ្នាំក្រោយ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាសថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​និង​ផលិត​ស្បែកជើង​ត្រូវបាន​ឯកភាព​រួមគ្នា​កំណត់​យក​ចំនួន 192ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ2021នេះ។

ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​លើកឡើងថា ដំបូង​ឡើយ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បានស្នើ​តួលេខ​ចំនួន 190 ដុល្លារ​អាម៉េរិក ដើម្បី​ធ្វើការ​ពិនិត្យ​សម្រេច​លើ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ2021។ ក្រោយមក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បន្ថែម​ទឹកប្រាក់​ចំនួន 2ដុល្លារ​អាម៉េរិក បន្ថែម​ដែល​ធ្វើឱ្យ​ចំនួន​ប្រាក់​ឈ្នួល​អប្បបរមារ​បស់បង​ប្អូន​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង ផលិត​ស្បែកជើង ត្រូវ​នឹង​ចំនួន 192ដុល្លារ​អាម៉េរិក​ក្នុង​មួយខែ។ ចំនួន192ដុល្លារ​នេះ​ជា​ចំនួន ប្រាក់ខែ​អប្បបរមា​សម្រាប់​កម្មក​រ​និយោជិត​ពេញសិទ្ធិ ចំណែកឯ​ចំពោះ​កម្មករនិយោជិត​សាកល្បង យើង​បានកំណត់​យក​ចំនួន 187ដុល្លារ​អាម៉េរិក ក្នុង​មួយខែ។

ឯកឧត្តម​បាន​បន្ថែមទៀតថា ចំណែកឯ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត ដែល​កម្មករនិយោជិត​ធ្លាប់​ទទួលបាន​កន្លងមក ត្រូវបាន​រក្សាទុក​នៅ​ដដែល មានដូចជា ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ​ចំនួន 7ដុល្លារ​អាម៉េរិក ក្នុង​មួយខែ, ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន 10ដុល្លារ​អាម៉េរិក ក្នុង​មួយខែ, ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការធ្វើការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន 2,000រៀល ក្នុង​មួយថ្ងៃ ឬ​ការទទួលបាន​បាយ​មួយពេល​ដោយ​ឥតគិតថ្លៃ, និង​ប្រាក់រង្វាន់​អតីតភាព​ការងារ​ចំនួន​ពី 2ដុល្លារ​អាម៉េរិក ដល់ 11ដុល្លារ​អាម៉េរិក ក្នុង​មួយខែ សម្រាប់​កម្មករនិយោជិត​ដែល​បានធ្វើការ​ចាប់ពី​ឆ្នាំ​ទី2 ដល់​ឆ្នាំ​ទី11។ ដូច្នេះ​ជា​មធ្យម​កម្មករនិយោជិតម្នាក់ៗនឹង​ទទួលបាន​ប្រាក់បៀវត្ស​យ៉ាងតិច​ចំនួន​ពី 209ដុល្លារ​អាម៉េរិក ដល់220ដុល្លារ​អាម៉េរិក ក្នុង​មួយខែ៕

Advertisement