រដូវកាលភ្ជុំនេះ មន្ត្រីជំនាញចាប់អាហារផ្ទុកសារធាតុគីមី និងទំនិញខូចគុណភាពក្នុងសាដក

រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ជា​ពេលវេលា​យ៉ាងសំខាន់​មួយ​ដែល​ប្រជាជន​ខ្មែរ​យើង​ស្ទើរ​ទូទាំងប្រទេស​រួមគ្នា​ធ្វើបុណ្យ​ដាក់​ទាន​ទៅតាម​ប្រពៃណី ទំនៀមទម្លាប់ សាសនា។ នៅក្នុង​ពិធី​ដ៏​សំខាន់​នេះ​ជា​ពេល​ដ៏​រីករាយ​សម្រាប់​មនុស្ស​គ្រប់គ្នា តែ​អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​នោះ​គឺ​ការចែក​ទាន​របស់​យើងទាំងអស់គ្នា អាច​នឹង​ក្លាយ​ជាការ​ចែកចាយ​ផលិតផល​ខូចគុណភាព និង​អាហា​គីមី​ទៅវិញ។

មួយរយៈ​ពេល​ចុង​ក្រោយនេះ មន្ត្រី​ជំនាញ​នៃ​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) នៅ​គ្រប់​ខេត្ត​ទាំងអស់​បាន​ចុះ​ឆែកឆេ​នៅតាម​ទីតាំង​លក់ដូរសំខាន់ៗជាច្រើន​នៅ​ទូទាំងប្រទេស។ ជា​លទ្ធផល​មន្ត្រី​ជំនាញ​នៅ​ខេត្តស្វាយរៀង​បាន​រកឃើញ​ពពុះសណ្តែក​ផ្ទុក​សារធាតុ​គីមី 5គីឡូក្រាម និង​ទំនិញ​ហួស​កាលបរិច្ឆេទ​មួយចំនួន​នៅថ្ងៃនេះ។ ងាក​ទៅ​ខេត្តស្ទឹងត្រែង​ឯណោះ​វិញ ក៏បាន​រកឃើញ​ផងដែរ​នូវ​ផលិតផល​មួយចំនួន​ដែល​ហួសកា​លប​ច្ឆេ​ទ​នៅក្នុង​កញ្ចប់​ទេយ្យវត្ថុ​សម្រាប់​ប្រគេន​ព្រះសង្ឃ។ ស្របពេល​ជាមួយគ្នានេះដែរ មន្ត្រី​ជំនាញ​នៅ​ខេត្ត​មួយចំនួនទៀត​ក៏បាន​រកឃើញ​ដូចគ្នា​នូវ​បញ្ហា​នេះ ដែល​វា​ជា​បញ្ហា​មួយ​គួរ​យកចិត្តទុកដាក់​ទាំ​ង​អស់​គ្នា។

ជា​សំណាងល្អ មន្ត្រី​របស់​យើង​បាន​ដកហូត អប់រំ និង​កម្ទេចចោល​នូវ​អាហារ​ខូចគុណភាព​ទាំងអស់នោះ​នៅ​ទីតាំង​ដែល​គាត់​ចាប់បាន។ តែ​ទោះជា​យ៉ាងនេះ​ក្តី យើងទាំងអស់គ្នា​ក៏​គួរ​ប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​ការទិញ​ស្លា​ដក ឬ​ផលិតផល​មួយចំនួន​សម្រាប់​ប្រគេន​ព្រះសង្ឃ ជៀសវាង​ទិញ​ចំ​ផលិតផល​ខូចគុណភាព​ដែល​អាច​ប៉ះពាល់​ដល់​ព្រះសង្ឃ និង​អ្នកទទួលយក​ទាន​ទាំងអស់នោះ​បន្ត ព្រោះ​ក្រោយ​បុណ្យ​ភ្ជុំ​ព្រះសង្ឃ​ភាគច្រើន​បាន​យក​សម្ភារៈ​ទាំងអស់នោះ​បរិច្ចាគ​ទៅឱ្យ​សហគមន៍៕

Advertisement