ចង់រីកចកម្រើន គួរនាំគ្នាគិតឱ្យជ្រៅ និងវែងឆ្ងាយ

ការគិត​ជា​ផ្នែក​យ៉ាងសំខាន់​ក្នុងការ​សម្រេច​ដល់​លទ្ធផល​ប្រចាំថ្ងៃ​របស់​មនុស្ស និង​សង្គម ព្រោះ​ផ្នត់គំនិត​ជា​ចំណុច​ចាប់ផ្តើម​យ៉ាងសំខាន់​នៃ​គ្រប់​សកម្មភាព​ទាំងអស់។

លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ បាន​លើកឡើងថា ពាក្យ​ខ្មែរ​យើង​ថា “មាន​មិនដែល​បី​ត ក្រ​មិនដែល​បី​ជាតិ។ ពាក្យ​ថា​ក្រ​មិនដែល​បី​ជាតិ គឺជា​ការល្អ គឺជា​ការគិត​បែប​វិជ្ជមាន។ បើ​ឱ​ពុក​ម្តាយ​យើង​ក្រ យើង​គួរ​ខិតខំ​ធ្វើឱ្យ​ជីវភាព​របស់​យើង​មាន​ភាពប្រសើរ។ បើ​ជីវភាព​របស់​យើង​ប្រសើរ យើង​ត្រូវ​តំរង់​ទឹ​ស​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​ថែមទៀត។ ដោយឡែក​ពាក្យ​ថា​មាន​មិនដែល​បី​ត គឺជា​ភាពអវិជ្ជមាន​ដែល​យើង​រាល់គ្នា​ត្រូវ​គិត​ឱ្យបាន​ជ្រៅ គិត​ឱ្យបាន​ទូលំទូលាយ និង​គិត​ឱ្យបាន​វែងឆ្ងាយ។ គឺ​ធ្វើយ៉ាងណា​បើ​មាន​គឺមាន​ឱ្យ​លើសពី​បី​ត។

តើ​ត្រូវធ្វើ​ដូចម្តេច​ទើប​មាន​ឱ្យ​លើសពី​បី​ត ហើយ​បើ​ក្រ​កុំឱ្យ​លើសបី​ជាតិ​បាន? ចំលើយ​គឺ​ស្ថិតនៅត្រង់​ការគិត និង​ការប្រតិបត្តិ​របស់​មនុស្ស​ហ្នឹងឯង។ នៅ​សហរដ្ឋអាមេរិក ពេល​ជួប​វិបត្តិ​មាន​ក្រុមហ៊ុន​ជាច្រើន​កាត់បន្ថយ​ចំណាយ​តាមរយៈ​ការបញ្ឈប់​បុគ្គលិក​ដើម្បី​ធានា​បន្ត​រក្សា​ប្រាក់ចំណេញ។ ប្រការនេះ​ធ្វើឱ្យមាន​មនុស្ស​ជាច្រើន​អត់​ការងារ​ធ្វើ បាត់បង់​ចំណូល និង​រុញច្រាន​ឱ្យ​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ។ ដោយឡែក​នៅពេល​ជួប​វិបត្តិ ក្រុមហ៊ុន​ជាច្រើន​នៅ​ប្រទេស​ជប៉ុន​មិន​បញ្ឈប់​ការងារ​បុគ្គលិក​ទេ​ព្រោះ​បេសកកម្ម​របស់​ក្រុមហ៊ុន​គឺ​សំដៅ​សំរេចបាន​គោលដៅ​ក្នុង​ផែនការ​រយៈពេល​វែងរ​ហូត​ដល់100ឆ្នាំទៅ200ឆ្នាំ​ឯណោះ។ ពួកគេ​គិត​ជ្រៅ​ណាស់ គេ​មិន​គិតថា​ការខាតបង់​រយៈពេល​ខ្លី​គឺជា​បញ្ហា​ធំដុំ​នោះទេ។ ការមិន​បញ្ឈប់​បុគ្គលិក​ក្នុង​គ្រា​មាន​វិបត្តិ គឺ​បន្ត​ឱ្យ​បុគ្គលិក​មាន​ចំណូល​ធម្មតា និង​ចាយវាយ​ដើម្បី​ជួយ​កាត់បន្ថយ​ការធ្លាក់ចុះ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ង។

ដោយឡែក​នៅ​កម្ពុជា​យើង​វិញ សំបូរ​ណាស់​អ្នករកស៊ី​ចង់​មានបាន​ក្នុង​រយៈពេល​ខ្លី។ ចង់​មាន​លុយ​ហើយ​មិន​ខ្វល់​ពី​ចំណេះ។ ចង់​មានទ្រព្យ​ច្រើន​ទុក​ចែកកូនៗដោយ​មិនបាន​បំរុង​ឬ​ស បំរុង​ចរិត និង​សមត្ថភាព​របស់​ពួកគេ​ឱ្យបាន​រឹងមាំ។ ការណ៍​នេះហើយ​អាចជា​បច្ច័យ​ដែល​ធ្វើឱ្យមាន​មិនដែល​បី​ត។ ដូច្នេះ​យើង​គប្បី​នាំគ្នា​គិត និង​នាំគ្នា​ធ្វើ សំដៅ​ពង្រឹង និង​ពង្រីក​ការរីកចម្រើន​ឱ្យបាន​ច្រើន​ជំនាន់។ បើ​នៅ​ប្រទេស​ជប៉ុន​គេ​គិត​និង​ធ្វើ​ផែនការ100ឆ្នាំ ទៅ 200ឆ្នាំ យើង​គប្បី​នាំគ្នា​គិត និង​ធ្វើ​ផែនការ​យ៉ាងហោចណាស់​ឱ្យបាន10ឆ្នាំទៅ20ឆ្នាំ​ខាងមុខ​ដែរ៕

Advertisement