វីង និង City Express ជប៉ុនចាប់ដៃគូដើម្បីសម្រួលការផ្ទេរប្រាក់មកកម្ពុជា

ភាពជាដៃគូរវាង City Express ជប៉ុននិងធនាគារឯកទេសវីង ជួយឱ្យពលករខ្មែរនៅប្រទេសជប៉ុនអាចផ្ញើប្រាក់បានភ្លាមៗដើម្បីផ្គត់ផ្គងគ្រួសារនៅក្នុងប្រទេសកម្ពុជា

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា និងក្រុមហ៊ុនCity Express Money Transfer Japan Co., Ltd.ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឈានមុខគេមួយរបស់ប្រទេសជប៉ុនបានបង្កើតភាពជាដៃគូដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់ប្រជាជនកម្ពុជាទាំងអស់ដែលរស់នៅជប៉ុន។ តាមរយៈធនាគារឯកទេសវីង ឥឡូវនេះប្រជាជនអាចផ្ញើប្រាក់ដែលរកបានមកទ្រទ្រង់គ្រួសាររបស់ពួកគេបានភ្លាមៗនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង បានមានប្រសាសន៍ថា៖“ ក្នុងកំឡុងពេលមានជំងឺរាតត្បាតកំពុងបន្តបែបនេះ វាចាំបាច់ណាស់ដែលយើងពង្រឹងសមត្ថភាពសេវា​ផ្ទេរប្រាក់ឆ្លងប្រទេសដើម្បីគាំទ្រដល់តម្រូវការរបស់សហគមន៍យើង ។ ពលករកម្ពុជានៅជប៉ុនឥឡូវអាចផ្ញើប្រាក់មកផ្ទះទោះជានៅដល់ភូមិដាច់ស្រយាលក៏ដោយ។”

បច្ចុប្បន្នមានប្រជាជនកម្ពុជាជាង ១០.០០០ នាក់កំពុងធ្វើការនៅប្រទេសជប៉ុន។ តាមរយៈភាពជាដៃគូនេះពួកគេអាចទៅម៉ាស៊ីនអេធីអឹមណាមួយនិងសាខាណាមួយនៃក្រុមហ៊ុនCity Express ជប៉ុនហើយជ្រើសរើសផ្ញើប្រាក់តាមរយៈវីង។ បន្ទាប់មកពួកគេនឹងទទួលបានលេខកូដ ៨ ខ្ទង់សម្រាប់ក្រុមគ្រួសាររបស់ពួកគេដើម្បីដកប្រាក់នៅប្រទេសកម្ពុជាតាមរយៈភ្នាក់ងារវីងដែលមានជាង ៩០០០ កន្លែង ។

លោក Shrestha Mahesh Kumar ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន City Express ជប៉ុនបានមានប្រសាសន៍ថា៖“ យើងជឿជាក់ថាភាពជាដៃគូនេះនឹងបង្ហាញសមត្ថភាពសេវាហិរញ្ញវត្ថុរបស់យើង តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់ប្រជាជនកម្ពុជាទាំងអស់ ។ បណ្តាញដ៏រឹងមាំរបស់ក្រុមហ៊ុនទាំងពីរនឹងផ្តល់ការផ្ទេរប្រាក់ភ្លាមៗនិងមានសុវត្ថិភាពដែលមានសារសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជារស់នៅក្នុងប្រទេសជប៉ុន។

ក្រុមហ៊ុន City Express ជប៉ុននិងវីងតាំងចិត្ត​ប្រើសមត្ថភាពហិរញ្ញវត្ថុរបស់ពួកគេដើម្បីជាប្រយោជន៍ដល់សហគមន៍ ។ ក្រុមហ៊ុន City Express ជប៉ុនប្តេជ្ញាផ្តល់ដំណោះស្រាយផ្ទេរប្រាក់លឿនរហ័សគួរទុកចិត្ត និងមានសុវត្ថិភាពដល់អតិថិជនតាមរយៈបណ្តាញភ្នាក់ងារនៅទូទាំងពិភពលោក។ ដូចគ្នានេះដែរ ចក្ខុវិស័យរបស់វីងគឺផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទជាមួយបណ្តាញភ្នាក់ងារវីងនៅទូទាំងប្រទេស៕

Advertisement