អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ឧបត្ថម្ភថវិកា៦០លានរៀលដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីគាំទ្រការចាក់វ៉ាកសាំងជំងឺកូវីដ១៩

ថ្នាក់ដឹកនាំ​នៃ​ធនាគារ​ឯកទេស​វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​ត បាន​យក​នូវ​ទឹកប្រាក់​វិភាគទាន​ចំនួន៦០លាន​រៀល ដែលជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោកជំទាវ ម៉ៅ ចំណាន​ព្រមទាំង​ក្រុមគ្រួសារ មក​ប្រគល់ជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ ដើម្បី​ជាការ​គាំទ្រ​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ជូន​កម្មករនិយោជិត។

ពិធី​ប្រគល់​ថវិកា​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​បរិវេណ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ជា​អធិបតីភាព​នៃ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​តំណាង​នៃ​ធនាគារ​ឯកទេស​វី​ង ដោយ​អនុវត្ត​ទៅតាម​គោល​ការ​សុវត្ថិភាព​យ៉ាង​ជាក់លាក់។

ខណៈដែល​ប្រទេស​កម្ពុជា​មានការ​រីក​រា​ល​ដាល​ជំងឺ​កូ​វីដ១៩ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​កំពុង​រៀបចំ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ជូន​ដល់​មន្ត្រីរាជការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ កម្មករនិយោជិត​តាម​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​ទប់ស្កាត់ និង​បង្ការ​រ​ការរីក​រាលដាល​ជំ​ងឹ​កូ​វីដ១។

Advertisement

ថ្លែង​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង បាន​មានប្រសាសន៍ថា៖ “នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ យើង​ត្រូវ​ជឿជាក់ និង​ការពារ​ខ្លួន​យើង​និង​ក្រុមគ្រួសារ​របស់​យើង​ពី​វីរុស តាមរយៈ​វ៉ាក់សាំង​បង្ការ​ដែល​ត្រូវ​បានផ្តល់​ឲ្យ​ដោយ​រដ្ឋាភិបាល។ យើងទាំងអស់គ្នា​ពិតជា​មានសំណាង​ណាស់ដែ​លអាច​ទទួលបាន​វ៉ាក់សាំង​បាន​យ៉ាង​លឿន  ដោយសារ​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ក្រសួងសុខាភិបាល”។

ថវិកា​ដែល​ទទួលបាន​នៅពេលនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​យកទៅ​ទិញ​នូវ​បរិក្ខារ​ណ៍​ចាំបាច់​មួយចំនួន​សម្រាប់​ជួយ​ដល់​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​នៅពេល​ចាក់​វ៉ាក់សាំង​កូ​វីដ១៩នៅតាម​តំបន់​គោលដៅ ដើម្បី​ការពារ​សហគមន៍​ពី​ជំងឺ​កូ​វីដ១៩ ក៏ដូចជា​ជួយ​ឲ្យ​ពួកគាត់​មាន​ភាព​សុវត្ថិភាព​ក្នុងការ​ប្រកបការងារ​ប្រចាំថ្ងៃ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ៕

Advertisement