ក្រសួងពាណិជ្ជកម្ម និងធនាគារវីងបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីងសម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ (Cambodiatrade.com) របស់ក្រសួងពាណិជ្ជកម្ម

អតិថិជន​របស់​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ អាច​ប្រើប្រាស់​សេវាកម្ម​ទូទាត់​ប្រាក់​របស់​វី​ង​ជា​ផ្លូវការ​បាន​ហើយ។

ក្រសួងពាណិជ្ជកម្ម​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ធនាគារ​វី​ង ក្នុង​គោលបំណង​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​ធនាគារ​វី​ង សម្រាប់​ទូទាត់​ប្រតិបត្តិការ​លើ​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដរ​បស់​ក្រសួងពាណិជ្ជកម្ម ដើម្បី​បង្ក​ភាពងាយស្រួល ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ជូន​ដល់​អតិថិជន និង​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​សហការ​ក្នុងការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ក្នុងការ​បង្កើន​សមត្ថភាព និង​ចំណេះដឹង​ហិរញ្ញវត្ថុ​បែប​ឌីជីថល​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ត្រូវបាន​ចុះហត្ថលេខា​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​នៅ​ព្រឹក​ថ្ងៃនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា៖ “ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ពិសេស​មួយ​ក្នុងការ​ឆ្ពោះទៅមុខ​នៃ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ជាពិសេស​ជាមួយ​ធនាគារ​វី​ង ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដើម្បី​បង្កើន​ឱកាស​សេដ្ឋកិច្ច​តាមរយៈ​ការលក់​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា​ទៅឱ្យ​អ្នកប្រើប្រាស់​ក្នុងស្រុក និង​ក្រៅប្រទេស ឬក៏​ដៃគូ​អាជីវកម្មផ្សេងៗ មិន​ថា​លោកអ្នក​នៅទីណា​ក៏ដោយ លោកអ្នក​អាច​ប្រើប្រាស់​ផលិតផល​ខ្មែរ​បានដែរ”

ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ដំណើរការ​សាកល្បង​ផ្សារ​អេឡិចត្រូនិក​ខេ​ម​បូ​ឌា​ត្រេ​ដ សម្រាប់​ការចុះឈ្មោះ​បឋម​ដោយ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ២០២១ ដើម្បី​ជួយ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា អាច​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​រួមមួយ (មាន​ទាំង​ប្រព័ន្ធ​ទូទាត់​ប្រាក់ និង​ប្រព័ន្ធ​ដឹកជញ្ជូន​ផងដែរ) ក្នុងការ​នាំចេញ​ផលិតផល​កម្ពុជា និង​ព​ង្រើ​ក​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ជាង​មុន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស។

ពី​ធី​សម្ពោធ​ជា​ផ្លូវការ​ផ្សារ​អេឡិចត្រូនិក​ខេ​ម​បូ​ឌា​ត្រេ​ដ​នឹងត្រូវ​រៀបចំ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។ ផ្សារ​អេឡិចត្រូនិក​ខេ​ម​បូ​ឌា​ត្រេ​ដ​នេះ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​របស់​គម្រោង Go4eCAM ដែល​ទទួលបាន​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម​ពាណិជ្ជកម្ម (EIF)។ ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ​នេះ​ត្រូវបាន​ផ្តួចផ្តើម​បង្កើត និង​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងពាណិជ្ជកម្ម ដែលមាន​គោលបំណង​បង្កើន​ឱកាស​សេដ្ឋកិច្ច​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ដើម្បី​ចូលរួម​ក្នុង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​សេដ្ឋកិច្ច​ឌីជីថល។

លោក ហាន ប៉េង​ក្វាង អគ្គនាយក​នៃ​ធនាគារ​វី​ង បាន​មានប្រសាសន៍ថា៖ “ភាពជា​ដៃគូ​នេះ​អនុញ្ញាតឱ្យ​យើង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​ដោយ​ប្រើការ​ទូទាត់​ប្រាក់​តាម​ឌីជីថល។ ការទូទាត់​តាម​ឌីជីថល​កំពុង​មានការ​ពេញនិយម​នៅ​ជុំវិញ​ពិភពលោក​ដោយសារ​ភាព​ងាយស្រួល និង មាន​សុវត្ថិភាព”

ធនាគារ​វី​ង ដែល​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ចំពោះ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង មាន​មុខងារ​ច្រើន និង​ភ្នាក់ងារ​វី​ង​ដែលមាន​ជិត ១០.០០០ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា ហើយ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ជា​រៀងរាល់ថ្ងៃ។ នៅ​ឆ្នាំ ២០២០ ធនាគារ​វី​ង បានធ្វើការ​ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម ជាង ២.៤០០ ដោយ​ផ្តល់​សេវាកម្ម​ប្រមូល និង ទូទាត់​ប្រាក់។

បន្ថែម​ពីនេះ​ផងដែរ ធនាគារ​វី​ង ក៏​នឹង​ពង្រឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បែប​ឌីជីថល ដល់​សមាជិក​សហគ្រាស​ធុន​តូច និង មធ្យម របស់​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ ដោយ​រៀបចំ​ឲ្យ​មាន​ជាការ​បណ្តុះបណ្តាល​ដោយ​ឥតគិតថ្លៃ និង​សកម្មភាព​កសាង​សមត្ថភាព ផ្សេងៗជាច្រើន។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម និង​ធនាគារ​វី​ង នឹងធ្វើ​ការរួម​គ្នា​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​បែប​ឌីជីថល និង​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា៕

Advertisement