អាហារូបករណ៍ ចេ​ន ហ្ស៊ី បើក​ដំណើរការ​រួមគ្នា​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប និង ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​រៀបចំ​អនាគត​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ក្រោយ​ជម្ងឺ​រាតត្បាត

ថ្លៃ​សិក្សា​ពេញលេញ​និង​ប្រាក់ឧបត្ថម្ភ សម្រាប់​និស្សិត​សាកលវិទ្យាល័យ​ចំនួន ៤០០នាក់ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ការបញ្ចូល​ហិរញ្ញវត្ថុ និង​បដិសណ្ឋារកិច្ច​លំដាប់​ពិភពលោក អ្នកឈ្នះ​រង្វាន់​ទទួលបាន​កម្មសិក្សា​និង​ឱកាស​ការងារ​នៅ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប

[រាជធានី​ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១] ក្រុមហ៊ុន ព្រី​នស៍ ហូល ឌី​ង គ្រុប (ហៅ​កាត់​ថា “ព្រី​នស៍ គ្រុប”) ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​កម្ពុជា​បានបញ្ចប់​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) ក្នុង​ការបើក​ដំណើរការ​កម្មវិធី​អាហារូបករណ៍​សម្រាប់​និស្សិត​ថ្នាក់​សាកលវិទ្យាល័យ​នៅក្នុង​ប្រទេស​កម្ពុជា។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹងផ្តល់ថ្លៃសិក្សាពេញលេញជាមួយនិង​ប្រាក់ឧបត្ថម្ភ​ដល់​និស្សិត​ដែល​បានជ្រើសរើស​ចំនួន ៤០០នាក់ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​របស់​ពួកគេ​ក្នុង​សាកលវិទ្យាល័យល្បីៗនៅ​កម្ពុជា ដោយ​រួមមាន សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ សរុបមក​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹង​ផ្តល់​ថវិកា​ជាង ២លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល ៧ឆ្នាំ។

ដោយសារ​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​និង​ឯកជន​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹងធ្វើ​ការ​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ដែល​បានចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អប់រំ (ឆ្នាំ២០១៩-២០២៣) ។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹងធ្វើ​ការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ធានាបាន​ថា​និស្សិត​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ការបណ្តុះបណ្តាល ការណែនាំ​បង្ហាត់បង្ហាញ និង​ឱកាស​ការងារ​ដើម្បី​ជំរុញ​ដល់​ការសិក្សា​ក្នុង​វិស័យ​ចំនួន​បី៖ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​វិស័យ​អចលនទ្រព្យ ការជំរុញ​នៃ​ការរួមបញ្ចូល​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ព្រមទាំង​ការលើកកម្ពស់​ស្តង់ដារ​បដិសណ្ឋារកិច្ច​លំដាប់​ពិភពលោក ដើម្បី​បំពេញតម្រូវការ​មូលធន​នៃ​ធនធានមនុស្ស​នាពេល​អនាគត​សម្រាប់​សេដ្ឋកិច្ច​ក្នុង​តំបន់។

តាមរយៈ​ការចុះ​កម្មសិក្សា សិស្ស​និស្សិត​នឹង​បាន​រៀនសូត្រ​ពី​អ្នកជំនាញ​លំដាប់កំពូលៗនៅ​កម្ពុជា ក្នុងនាម​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ជា​ក្រុមហ៊ុន​គ្រប់គ្រង​អាជីវកម្ម​ជាង ៨០ ដោយមាន​កម្លាំង​ពលកម្ម​ចម្រុះ​ដែលមាន​និ​យោ​ជិ​ក ២០% មកពី​កន្លែងផ្សេងៗដូចជា ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី និង​ប្រទេស​ចិន។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ  ហង់  ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ដូច្នេះ​ថា “ពួកយើង​សូម​ស្វាគមន៍​ចំពោះ​កិច្ចសហការ​របស់​និយោជក​នានា​ដែល​ដើរតួ​ជា​អ្នក​អប់រំ​យ៉ាង​យកចិត្តទុកដាក់។ ផ្លូវ​ឆ្ពោះទៅរក​ការ​ងើប​ឡើងវិញ​របស់​ប្រទេស​កម្ពុជា​នឹង​ទាមទារ​ឱ្យមាន​គំនិតថ្មីៗមកពី​គ្រប់​តំបន់​នៃ​ប្រទេស និង​ក្រសួង​អប់រំ យុវជន និង​កីឡា រួមជាមួយ​ដៃគូ​របស់ខ្លួន​គឺ​នឹង​អាច​យកឈ្នះ​នូវ​រាល់​ឧបសគ្គ​ទាំងឡាយ ការផ្តល់​ការណែនាំ​តម្រង់ទិស ការធានា​នូវ​លទ្ធភាព​ទទួលបាន​ការអប់រំ​ប្រកបដោយ​សមធម៌ និង​ឱកាស​ការងារ​ដើម្បី​ធានាបាន​ថា​និស្សិត​ដែលមាន​ទេពកោសល្យ​ផ្តោតទៅលើ​ការរៀនសូត្រ​និង​ទទួលបាន​នូវ​ជំនាញ​ដែលមាន​សារៈសំខាន់​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា” ។

លោក Gabriel Tan ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​មានប្រសាសន៍ថា “ ពួកយើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​បើក​ដំណើរការ​កម្មវិធី​អាហារូបករណ៍​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ដែល​ទទួលបាន​ការឧបត្ថម្ភ​ដោយ​សហគ្រាស​ឯកជន” ។ “ អង្គភាពផ្សេងៗរបស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប មាន​ក្តីរំភើប​រីករាយ​ក្នុង​ការទទួល​ស្វាគមន៍​និស្សិត​កម្ពុជា​ឱ្យ​ចូលមក​ចូលរួម​ជាមួយ​គ្រួសារ​របស់​យើង ដែល​យើង​នឹង​បង្កើត​នូវ​កម្មវិធី​កម្មសិក្សា​ដ៏​រឹងមាំ និង​ការបណ្តុះបណ្តាល​សិក្ខាកាម​ក្នុងការ​គ្រប់គ្រង​ដើម្បី​អប់រំ​អ្នកដឹកនាំ​សម្រាប់​ថ្ងៃស្អែក។ អាហារូបករណ៍ ចេ​ន ហ្ស៊ី បាន​នឹង​កំពុង​ស្វែងរក​ការផ្តល់ជូន​ទាំង​ទៅលើ​បទពិសោធន៍​សិក្សា និង​បទពិសោធន៍​ជាក់ស្តែង​ដល់​សិស្ស​និស្សិត​តាមរយៈ​ការ​ផ្តល់នូវ​ការអប់រំ​កម្រិត​ដំបូង ហើយ​ទទួលបាន​នូវ​បទពិសោធន៍​ការងារ​លំដាប់​អន្តរជាតិ»។

អាហារូបករណ៍​នេះ​នឹង​ត្រូវបាន​ដឹកនាំ​ដោយ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ដែលជាប្រធានសម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ដោយសារតែ​ភាពជា​អ្នកដឹកនាំ​ក្នុង​អាជីវកម្ម​របស់គាត់ និង​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​នៅក្នុង​សង្គម​ចំពោះ​ជម្ងឺ​រាតត្បាត ថ្មីៗនេះ​គាត់​ត្រូវបានគេទទួលស្គាល់​ថា​ជា​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ ក្នុងចំណោម​អ្នកដឹកនាំ​ក្រុមហ៊ុន​នៅឯ​កម្មវិធី​ពានរង្វាន់​អាជីវកម្ម​អន្តរជាតិ​ឆ្នាំ២០២១ ។ ក្រោម​ការដឹកនាំ​របស់​អ្នក ឧកញ៉ា ចេ​ន ហ្ស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​នឹង​កំពុង​អនុវត្តន៍​តាម​បរិយាកាស​រួម ក្របខ័ណ្ឌ​សង្គម​និង​អភិបាលកិច្ច (ESG) ដែលមាន​គោលបំណង​ធ្វើឱ្យមាន​ឥទ្ធិពល​រយៈពេល​វែង​នៅក្នុង​ប្រទេស​កម្ពុជា។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​បើក​ដំណើរការ​នូវ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ព្រី​នស៍ នាឡិកា ដែលជា​សាលា​នាឡិកា​ឯករាជ្យ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នេះ​ផ្តល់ឱ្យ​យុវជន​កម្ពុជា​នូវ​ឱកាស​ក្នុង​ការរៀន​ជំនាញ​សិប្បកម្ម​ថ្មី​មួយ​ដូចជា ការផលិត​នាឡិកា និង​ទទួលបាន​បទពិសោធន៍​ចាំបាច់​បន្ថែម ដើម្បី​ជួយ​ពួកគេ​ទាំង​ក្នុង​ទីផ្សារការងារ​នៅ​កម្ពុជា និង​នៅ​បរទេស។ នៅ​ខែសីហា​ឆ្នាំនេះ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ក៏បាន​ឧបត្ថម្ភ​កម្មវិធី​រៀបចំ​អាជីព​ការងារ​ដែល​ដំណើរការ​ដោយ​អង្គការ Caring for Cambodia ជា​អង្គការ​សប្បុរសធម៌​ឈានមុខ​គេ​លើ​វិស័យ​អប់រំ​ដែល​បាន​ជួយ​ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹងបន្តរិះរកវិធីផ្សេងៗយ៉ាងសកម្មដើម្បីរួមចំណែកឱ្យប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទទួលលទ្ធផលនៃការអប់រំបានល្អប្រសើរ។

ចប់

អំពី​ក្រុមហ៊ុន ព្រី​នស៍ ហូល ឌី​ង គ្រុប (Prince Holding Group)

ព្រី​នស៍ ហូល​ឌី​ង គ្រុប  (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែលមាន​អង្គភាព​ជាច្រើន​ធ្វើការ​ផ្តោតលើ      វិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​សេវា​អតិថិជន។

អង្គភាព​អាជីវកម្មសំខាន់ៗរបស់​ក្រុមហ៊ុន Prince Holding Group នៅ​កម្ពុជា​រួមមាន​ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំង​ក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន ក្រុមហ៊ុន Prince Holding Group មាន​អាជីវកម្ម​ជាង ៨០ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​ប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និង​ភេសជ្ជៈ និង​វិស័យ​ជីវិត​រស់នៅ ។ល។

ការកើនឡើង​នូវ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ឈានមុខ និង​ការចូលរួម​នាពេល​អនាគត​នៅក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ត្រូវបាន​រំពឹងថា​នឹង    ដើរតួនាទី​ជា​កត្តា​លី​ករ​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​សេដ្ឋកិច្ចកម្ពុជា ក្រោម​ការគាំទ្រ​ពី​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ទ្រទ្រង់​វិស័យ​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល។

ដោយ​ប្រើ​បណ្តាញ​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បាន​កសាង​មូលដ្ឋានគ្រឹះ​ជា​ស្ពាន​ចម្លង​ដ៏​សំខាន់​សម្រាប់​មូលធន​ក្នុងស្រុក និង​អន្តរជាតិ។ សម្ព័ន្ធ​នេះ​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា។ ជា​តួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងតែ​អភិវឌ្ឍ​គម្រោង​ទេសចរណ៍ និង​លំនៅដ្ឋាន​បុរី​រាម​នាពេលខាងមុខ​ដែល​នឹង​ក្លាយជា​គម្រោង​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ក្នុង​គោលបំណង​ធានាបាន​នូវ​ការវិនិយោគ​សរុប​ចំនួន ១៦ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់។ គម្រោង​នេះ​ស្ថិតនៅ​ទីតាំង​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ធ្វើដំណើរ​រយៈពេល ១០ នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ ដែលមាន​គោលបំណង​រួមចំណែក​ដល់​ការស្តារ​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ។

ក្រុមហ៊ុន Prince Holding Group  នឹង​បន្ត​បោះជំហាន​ទៅមុខ​ក្នុងការ​ស្វែងរក​ឱកាស​ដើម្បី​ដើរតួនាទី​យ៉ាងសំខាន់​នៅ​កម្ពុជា​តាមរយៈ​ការធ្វើការ​ក្នុង​ភាពជា​ដៃគូ ឬ​ការវិនិយោគ​ដោយផ្ទាល់​នៅក្នុង​ឧស្សាហកម្មសំខាន់ៗដើម្បី​នាំមក​នូវ​ភាពប្រសើរឡើង​របស់​ប្រជាជន​កម្ពុជា និង​សេដ្ឋកិច្ច​ក្នុង​តំបន់។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ សូម​ទាក់ទង៖

លោកស្រី Ada Leung                                             លោក Andrew Scott
Hill+Knowlton Strategies Asia                    Hill+Knowlton Strategies Asia
ទូរ​សព្ទ​លេខ៖ +៨៥២-២៨៩៤-៦២២៥              ទូរ​សព្ទ​លេខ៖ +៨៥២-៥៩១៨-៩៨៩៦
អ៊ី​ម៉ែ​ល៖ Ada.leung@hkstrategies.com           Andrew.scott@hkstrategies.com

 

Advertisement