ពិធី​​បញ្ចុះ​បឋម​សិលា​​ការដ្ឋាន​​សាង​សង់​​លំនៅ​ឋាន​​បុស្បា

កាលពី​ថ្ងៃទី ១៩ កុ​ម្ភះ ឆ្នាំ ២០២២ មាន​ព្រឹត្តិការណ៍​ដ៏​រំភើប​និង​ជា​ពិធី​សិរី​សួស្តី​មួយ​បានកើត​ឡើង ដែលជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៃ​ការចាប់ផ្តើម​ឈានចូល​ប្រឡូក​លើ​វិស័យ​អចលនទ្រព្យ​ដែល​កំពុងមាន​សន្ទុះ​យ៉ាង​គួរអោយកត់សំគាល់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រុមហ៊ុន​បុស្បា អ៊ិន​វេស​ម៉ិ​ន បាន​ប្រារព្ធ​រៀបចំឡើង​នូវ ពិធី​សិរី​សួស្តី​មង្គល​គឺ “ពិធី​បញ្ចុះបឋមសិលា​ការដ្ឋាន​សាងសង់​គម្រោង​លំនៅឋានបុស្បា” ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ថ្មី សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពី​សំណាក់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​និង​ភ្ញៀវកិត្តិយស​ជាច្រើន រួមទាំង​ក្រុមការងារ​ក្នុង​ក្តី​សោមនស្ស​រីករាយ។

ពិធី​ដ៏​ឱឡារិក​នេះ ត្រូវបាន​រៀបចំឡើង​តាំងពី​ម៉ោង៧ព្រឹក​តម​ក តាម​លំនាំ​ប្រពៃណី​ទំនៀម​ទំនៀមទម្លាប់ និង​ដំណាក់កាលសំខាន់ៗដូច ពិធី​ក្រុង​ពាលី ពិធីសូត្រមន្ត​ប្រស់ព្រំ​សុំ​សេចក្តីសុខ​សេចក្តីចម្រើន និង​បាន​ដង្ហែ​គ្រឿង​រណ្តាប់​លើ​អាសនៈ ឆ្ពោះទៅកាន់​រណ្តៅ​ជ័យ និង​ចុងក្រោយ​គឺ​ការអញ្ជើញ​ឡើងទៅ​កាន់​ឆាក​នៃ​ពិធី​ដើម្បី​ចុច​ប៊ូ​តុង​នៃ​ការចាប់ផ្តើម​បុកគ្រឹះ ដើម្បី​បើក​អោយមាន​ដំណើរការ​ការ​ដ្ឋា​ន​សាងសង់​ជា​ផ្លូវការ​នៃ​គម្រោង​លំនៅដ្ឋាន បុស្បា ទី១ ក្រោម​វត្តមាន​ពី​ថ្នាក់ដឹកនាំ និង​បុគ្គលសំខាន់ៗនៃ ក្រុមហ៊ុន​បុស្បា​អ៊ិន វេស មិន ព្រមជាមួយ​កិច្ច​ស្វាគមន៍​អំណរ​សាទរ​ដ៏​កងរំពង ពី​សំណាក់​ភ្ញៀវកិត្តិយស​ដែល​បាន​អញ្ជើញ​ចូលរួម​ផងដែរ ។

បន្ទាប់ពី​ពេលវេលា​ដ៏​ថ្លៃថ្លា​នៅលើ​ឆាក​កិត្តិយស​រួចមក ក៏បាន​ឈានចូល​ដល់​ពិធី​សំណេះសំណាល​និង​ការផ្តល់ជូន​បទ​បង្ហាញ​អំពី​គម្រោង លំនៅដ្ឋាន បុស្បា ទី១ ដោយ​លោកស្រី ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​បុស្បា​អ៊ិន វេស មិន “នាង ខូ​រី“ បាន​អញ្ជើញ​ថ្លែង​ជូន​នូវ​សន្ទរកថា​និង​ជា​កិច្ច​ស្វាគមន៍​នៃ​កម្ម​ពិធី​ដោយ​ប្រសាសន៍ថា៖

ចក្ខុវិស័យ​របស់​លំនៅដ្ឋាន បុស្បា គឺ​ធ្វើជា​គោលដៅ​ដ៏​ចំបង​មួយ​សម្រាប់​បរិបទ​រស់​នៅ​ដ៏​ប្រសើរ​របស់​ប្រជាជន​កម្ពុជា និង​ពោរពេញ​ដោយ​ភាព​សុខដុម។ បេសកកម្ម​របស់​បុស្បា អ៊ិន​វេស​ម៉ិ​ន គឺ ខិតខំ​កសាង​នូវ​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត​រវាង​អតិថិជន និង ដៃគូ​សហការ​ការងារ​ទាំងអស់់ ហើយ​ផ្ដួចផ្ដើម​នូវ​គំនិត និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ឈានមុខ​គេ។

លោកស្រី​ក៏បាន​លើកឡើង​ផងដែរ​ថា គម្រោង​ក៏​យកចិត្តទុកដាក់​លើ​ការរៀបចំ​អោយមាន ការិយាល័យ​អាជីវកម្ម​ខ្នាត​ធំ,តូច សួនច្បារ សួន​កម្សាន្ត​សម្រាប់​កុមារ កន្លែង​ហាត់ប្រាណ និង​សេវាសាធារណៈផ្សេងៗទៀត។ គម្រោង​លំនៅដ្ឋាន​នេះ​ផងដែរ គឺមាន​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ​ដ៏​ល្អ​នាពេល​អនាគត ដោយ​គម្រោង​ទាំងមូល​គឺ​នៅតាម​បណ្តោយ​ផ្លូវ ២០អា ទំហំ៥០ម៉ែត្រ ត​ភ្ជាប់​ផ្លូវជាតិ​លេខ២និង​លេខ៣, ផ្លូវ៦០ម៉ែត្រ​ដូចជា​ផ្លូវ​ក្រវ៉ាត់​ក្រុមទី៣ មហាវិថី​សម្តេច​តេ​ជោ​ហ៊ុនសែន និង​មាន ប្រព័ន្ធធារាសាស្ត្រ ផ្លូវ​និង​ប្រឡាយ​ទំហំ៣២ម៉ែត្រ​ជាច្រើន​ក្នុង​តំបន់។ លក្ខណៈពិសេស​ទាំងនេះ​គឺ​ពិត​ជាមាន​អំណោយផល​ល្អ​ដល់​ការរស់នៅ​និង​ប្រកប​អាជីវកម្ម​របស់​ប្រជាជន​យ៉ាងពិត​ប្រាកដ។

ត្រឹមតែ​គម្រោង​លំនៅដ្ឋាន​ដ៏​សំបូរបែប​មួយ​មុខ​នោះ​គឺ ពុំទាន់​គ្រប់គ្រាន់​ឡើយ សម្រាប់​ការកសាង​សហគមន៍​ដ៏​សុខដុម សុខសាន្ដ និង​រឹងមាំ​មួយ ហេតុដូច្នេះ​ហើយ​ទើប បុស្បា អ៊ិន​វេស​ម៉ិ​ន បាន​ត្រៀម​រួចជាស្រេច ក្នុងការ​ពាំនាំ​មក​នូវ​ភាពងាយស្រួល​ទៅលើ​សេវា​ចំ​បាច់​នានា​ដើម្បី​បំពេញ​នូវ​តម្រូវការ​ក្នុង​បរិបទ​រស់នៅ​បែប​ទាន់សម័យ។ មិនតែប៉ុណ្ណោះ យើងខ្ញុំ​បាន​ប្ដេជ្ញា​ក្នុងការ​ពាំនាំ​នូវ អាជីវកម្ម និង​គ្រឹះស្ថានសំខាន់ៗដទៃទៀត ចូលមកក្នុង​សហគមន៍​នេះ។

ពាក្យ​ថា​បុស្បា​មានន័យថា រាជ​នី​នៃ​សព្វ​ផ្កា​ទាំងពួង ដែល​តំណាង​ឲ្យ កិត្យានុភាព ភាពសុខដុមរមនា វិបុលភាព ផាសុកភាព និង​គុណភាព ទាំងនេះ​សុទ្ធសឹងតែ​ជា​គុណ​តម្លៃ​នៃ​ចក្ខុវិស័យ ទៅលើ​ការស្ថាបនា​លំនៅដ្ឋាន និង​សហគមន៍​របស់ បុស្បា អ៊ិន​វេស​ម៉ិ​ន។

ដូចដែល​បាន​រៀបរាប់​ជូន​ខាងលើនេះ គម្រោង​ទាំងនេះ​គឺ​គ្រាន់តែ​ជា​ចំនុច​ចាប់ផ្ដើម​នៃ​ទស្សនវិស័យ​ប្រកបដោយ​និរន្ដរភាព​របស់​ក្រុមហ៊ុន បុស្បា អ៊ិន​វេស​ម៉ិ​ន។ យោងតាម​ចក្ខុវិស័យ​របស់​ស្ថាបនិក គឺ​លោកជំទាវ​អគ្គនាយិកា ម៉ឺន ស្រី​ណែ​ត “ក្រុមហ៊ុន បុស្បា អ៊ិន​វេស​ម៉ិ​ន នឹង​ខិតខំ​ឲ្យ​អស់ពី​កំលាំងកាយ​ចិត្ត​ក្នុងការ​អភិវឌ្ឍ​គម្រោង​ទាំងមូល ក្នុងន័យ​បង្កើតជា​ប្រយោជន៍​រួមមួយ​សម្រាប់​ការរស់នៅ​ដ៏​សុខដុម និង​ភាពងាយស្រួល​ដល់​ប្រជាជន​ក្នុង​តំបន់ និង មជ្ឈដ្ឋាន​ជុំវិញ។

Advertisement