ធនាគារ CIMB ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​អនាម័យ និង​​សិក្សា ដល់​សាលារៀន តាមរយៈ​គម្រោង «កុមារ​មាន​អនាម័យ ប្រាជ្ញា​ឆ្លាត​វៃ»

ភ្នំពេញ៖ នៅ​ថ្ងៃទី02 ខែធ្នូ​កន្លងទៅនេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា បានធ្វើ​ដំណើរ​ទៅកាន់​សាលាបឋមសិក្សា​ពង្រ ក្នុង​ខេត្តសៀមរាប ជាមួយនឹង​ការឧបត្ថម្ភ​នូវ​កញ្ចប់​សម្ភារៈ​បរិក្ខា​រ​អនាម័យ រួមមាន​ស៊ីទែន​ផ្ទុក​ទឹក​ខ្នាត​ធំ ដែល​បំពាក់​ដោយ​ឧបករណ៍​លាង​សម្អាត​ដៃ និង​សម្ភារៈ​សិក្សា​មួយចំនួនទៀត ព្រមទាំង​សកម្មភាព​កម្សាន្ត សម្រាប់​សិស្សានុសិស្ស​ផងដែរ។ ចាប់តាំងពី​បើក​ដំណើរការ​អាជីវកម្ម​ដំបូង នៅ​ឆ្នាំ2010 ក្នុងប្រទេស​កម្ពុជា ឆ្នាំនេះ​គឺ​ឆ្នាំ​ទី7ហើយ នៃ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​របស់​ធនាគារ CIMB តាមរយៈ​គម្រោង «កុមារ​មាន​អនាម័យ ប្រាជ្ញា​ឆ្លាត​វៃ» ដោយមាន​ការចូលរួម​ពី​បុគ្គលិក នៅ​ទូទាំង​ធនាគារ។

លោកស្រី អ៊ុំ ចិន្តា​ភក្តី ដែលជា​នាយិកា​ធនធាន​មនុស្ស របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា៖ «ក្នុង​ឆ្នាំ2017 ធនាគារ​សម្រេចបាន​ស​កម្ម​ភាព​ទំនួល​ខុសត្រូវ​សង្គម ដ៏​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​សាលាបឋមសិក្សា​ពង្រ ដោយបាន​ឧបត្ថម្ភ​នូវ​សម្ភារៈ​បរិក្ខារ​អនាម័យ រួមទាំង​សម្ភារៈ​សិក្សា​របស់​កុមារ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​សាលា និង​សិស្សានុសិស្ស​ទាំងមូល។ ការរួមចំណែក​នេះ​នឹង​បង្កើន​សក្តានុពល​នៃ​ការសិក្សា​រៀនសូត្រ​របស់​កុមារ ដែលជា​ទំពាំង​ស្នង​ឬ​ស្សី ហើយ​យើង​ជឿជាក់ថា កុមារ​មាន​អនាម័យ ប្រាជ្ញា​កាន់តែ​ឆ្លាត​វៃ។ ស្របតាម​ទស្សនៈវិស័យ​របស់​ធនា​គារ CIMB យើង​មាន​ក្តី​រីករាយ ដែល​បាន​ជួយ​ដល់​សហគមន៍ ឲ្យ​ទទួលបាន​អត្ថប្រយោជន៍​យូរអង្វែង ប្រកបដោយ​និរន្តរភាព»។

តាមរយៈ​ការចូលរួម​យ៉ាង​ផុសផុល ពី​បុគ្គលិក និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB កម្មវិធី​សប្បុរសធម៌​នេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​យ៉ាង​ទៀងទាត់ ជា​រៀងរាល់ឆ្នាំ។ លោកស្រី សុខ ចាន់​លី​ណា ដែលជា​បុគ្គលិក និង​អ្នកស្ម័គ្រចិត្ត​មួយរូប បានបង្ហាញ​អារម្មណ៍​ផ្ទាល់ខ្លួន​ថា៖ «នេះ​គឺជា​កម្មវិធី​សប្បុរសធម៌​ដ៏​ល្អ​មួយ ដែល​បាន​បង្កើតឡើង​ដោយ​ធនាគារ CIMB។ វា​បាន​លើកកម្ពស់​នូវ​វប្បធម៌​ចែករំលែក តាមរយៈ​ការជួយ​ដល់​សហគមន៍ និង​ក្មេងជំនាន់ក្រោយ។ ដោយ​ការចាប់ផ្តើម​ពី​ខ្លួន​យើងម្នាក់ៗ យើង​នឹង​អាច​សម្រេចបាន​លទ្ធផល​ធំធេង ដល់​សង្គមជាតិ​យើង នា​ថ្ងៃក្រោយ ហើយ​ខ្ញុំ​ពិតជា​សប្បាយរីករាយ ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​កម្មវិធី​សប្បុរសធម៌​នេះ។ ខ្ញុំ​នឹងចូលរួម​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​នេះ នា​ឆ្នាំក្រោយ​ផងដែរ»។

តាមរយៈ​ការឧបត្ថម្ភ​ពី​គម្រោង «កុមារ​មាន​អនាម័យ ប្រាជ្ញា​ឆ្លាត​វៃ» លោក ហ៊ាង សុ​ខេន នាយក​សាលា​ពង្រ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ធនាគា​រ CIMB ដែល​បាន​ជួយ​ដល់​សាលារៀន​មួយចំណែក​ធំ តាមរយៈ​ការ​ផ្តល់នូវ​សម្ភារៈ​សិក្សា និង​ឧបករណ៍​បរិក្ខារ​អនាម័យ ដល់​សាលា​យើងខ្ញុំ។ ការបរិច្ចាគ​ទាំងអស់នេះ​នឹង​ជួយ​ដល់​ឲ្យ​បរិស្ថាន និង​អនាម័យ​សាលា​ល្អប្រសើរ ហើយ​សិ​ស្សា​សាលា​នឹងមាន​ទម្លាប់​ល្អ អនាម័យ​ល្អ និង​សុខ​ភាពល្អ ដែលមាន​កន្លែង​លាង​សម្អាត​ដៃ​ងាយស្រួល។ ហើយ​ខ្ញុំ​សង្ឃឹមថា ធនាគារ CIMB នឹង​បន្តសកម្មភាព​មនុស្សធម៌​របស់ខ្លួន កាន់តែច្រើន​ថែមទៀត សម្រាប់​សាលារៀន​ដាច់​ស្រ​យ៉ា​ល​ផ្សេងទៀត ក្នុងប្រទេស​កម្ពុជា»។

គួរ​រំលឹក​ផងដែរ​ថា តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន នៅ​កម្ពុជា ក្នុង​ឆ្នាំ2017 ធនាគារ CIMB  តែងតែ​រៀបចំ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ទៅតាម​គម្រោងផ្សេងៗគ្នា ជា​រៀងរាល់ឆ្នាំ ខណៈដែល​ធនាគារ​តែង​តែ​ពង្រីក​កម្មវិធី​សប្បុរសធម៌ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ផងដែរ។ ក្រៅពី​ការឧបត្ថម្ភ​ដល់​កុមារ និង​សាលារៀន​ដែល​ខ្វះខាត បុគ្គលិក និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB ក៏បាន​ចូលរួម​ស្ម័គ្រចិត្ត​ផ្តល់​ឈាម ចំនួន៣លើក ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ផងដែរ។ ហើយ​សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត ធនាគារ CIMB នឹង​ខិតខំ​បន្តសកម្មភាព​សប្បុរស​ធម៌​របស់ខ្លួន ដែលមាន​សារៈសំខាន់ និង​ចាំបាច់​បំផុត សម្រាប់​សហគមន៍​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕

Advertisement