ខ្សែ​វីដេអូ​របស់​អង្គការ IOM X ដើម្បី​អប់រំ​ដល់​ស្ត្រី​កម្ពុជា  អំពី​ការ​រៀបការ​ដោយ​បង្ខំ​ទៅ​ប្រទេស​ចិន

ផ្អែក​តាម​ការស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) បា​នប​លើកឡើងថា ស្ត្រី​វ័យក្មេង​មកពី​ជនបទ​នៃ​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ជួញដូរ​ដើម្បី​រៀបការ​ដោយ​បង្ខំ​នៅ​ប្រទេស​ចិន។ អង្គការ IOM X បាន​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​លើកដំបូង​មួយ ដើម្បី​លើកកម្ពស់​ការអនុវត្ត និង​លើកទឹកចិត្ត​ស្ត្រី​កម្ពុជា​វ័យក្មេង ឱ្យធ្វើ​ការស្វែងរក​ព័ត៌មាន មុនពេល​សម្រេចចិត្ត​រៀបការ ដើម្បី​ទៅ​រស់នៅ​ក្រៅប្រទេស។

អង្គការ IOM X គឺជា​យុទ្ធនាការ​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច។ ការរៀប​ការដែល​គេ​រៀបចំ​ឱ្យនៅ​ប្រទេស​កម្ពុជា គឺជា​ការអនុវត្ត​ដែលមាន​ការទទួលស្គាល់​ដោយ​សង្គម ជាពិសេស​នៅតាម​ទីជនបទ ដូច្នេះហើយ​ការរៀប​ការ​ទៅ​ប្រទេស​ចិន រៀបចំ​ដោយ​មេខ្យល់ គឺ​មិនមែនជា​រឿង​ចម្លែក​ឡើយ។ មាន​ស្ត្រី​ជាច្រើន​ទៅ​ប្រទេស​ចិន​ដោយ​ស្ម័គ្រចិត្ត ដោយសារតែ​ការ​លួងលោម​ថា នឹងមាន​ឱកាស​រកលុយ​ផ្ញើ​ត្រឡប់មកផ្ទះ​វិញ។

ជារឿយៗ ស្ត្រី​ទាំងនោះ ជឿជាក់ថា ពួកគេ​មាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​គូស្រករ និង​បដិសេធ​អាពាហ៍ពិពាហ៍ ប្រសិនបើ​ពួកគេ​មិន​ពេញចិត្ត។ មេខ្យល់ នឹង​ប្រាប់​ដល់​ស្ត្រី​ទាំងនោះ​ថា ពួកគេ​នឹង​អាច​ផ្ញើ​ប្រាក់​មក​ផ្ទះ ដោយសារ​ការរៀប​ការ​ជាមួយ​បុរស​អ្នកមាន ឬ​អាច​ធ្វើការ​នៅ​ប្រទេស​ចិន​បាន។ បើទោះបី​ជាមាន​ស្ត្រី​ជាច្រើន​ចំណាកស្រុក​ទៅ​ចិន​ដើម្បី​រៀបការ ហើយ​រីករាយ​នឹង​ជីវិត​របស់​ពួកគេ​នៅ​ទីនោះ​ក៏ដោយ ប៉ុន្តែ​ស្ត្រី​មួយចំនួន ត្រូវបាន​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​បុរស ដែល​ពួកគេ​មិន​ពេញចិត្ត។ ស្ត្រី​ជាច្រើន ក៏​មិន​បានដឹង​ដែរ​ថា ដើម្បី​អាចធ្វើ​ការ​ស្របច្បាប់​នៅ​ប្រទេស​ចិន​បាន ពួកគេ​ត្រូវ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ស្របច្បាប់​របស់​ពួកគេ ហើយ​រស់នៅ​ប្រទេស​ចិន​បាន​រយៈពេល5ឆ្នាំ​ជាមុនសិន។

ការពិត​គឺមាន​ភាពខុសគ្នា​ខ្លាំងណាស់ ទៅនឹង​អ្វីដែល​គេ​សន្យា​ជាមួយ​ស្ត្រី​វ័យក្មេង​ទាំងនោះ។ ពួកគេជារឿយៗ មិនមាន​ជម្រើស​ថា ត្រូវ​រៀបការ​ជាមួយ​អ្នកណា​ឡើយ ហើយ​ជាទូទៅ ត្រូវបាន​គេ​លក់។ ថ្វីបើ​អ្នកអនុវត្ត​ច្បាប់ នៅក្នុង​ប្រទេស​ចិន បាន​បន្ត​កិច្ចប្រឹងប្រែង​ក្នុង​បំបាត់​ការអនុវត្ត​បែបនេះ​ក៏ដោយ  ក៏​នៅមាន​របាយការណ៍​ជាច្រើន​អំពី​ស្ត្រី ដែល​បាន​រៀបការ​ទៅ​ចិន​នោះ ប្រឈម​នឹង​ការកេងប្រវ័ញ្ច​ផ្លូវភេទ ការរំលោភបំពាន ត្រូវបាន​គេ​បង្ខំ​ឱ្យធ្វើ​ការងារ ត្រូវបាន​គេ​ដកហូតយក​ឯកសារ​អត្តសញ្ញាណ និង​មិន​ទទួលបាន​សិទ្ធិ​ជា​មូលដ្ឋាន​មួយចំនួន​របស់​ពួកគេ​ផងដែរ។

អង្គការ IOM X ចាប់​ដៃគូ​ជាមួយ​មណ្ឌល​ព័ត៌មាន​ស្ត្រី (WMC) ផលិត​ខ្សែភាពយន្ត​មួយ​ឈ្មោះ «ការ​ចំណាកស្រុក​ដោយ​ជោគជ័យ»។ WMC គឺជា​អង្គការក្រៅរដ្ឋាភិបាល​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ ដែល​មិន​រកប្រាក់​ចំណេញ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​មធ្យោបាយ​ដើម្បី​សម្រេចបាន​នូវ​សមធម៌​យេនឌ័រ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ឆ្លើយតប​ទៅនឹង​បញ្ហា​សង្គម សេដ្ឋកិច្ច នយោបាយ និង​ផ្លូវច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី។

អង្គការ IOM ប្រចាំ​នៅ​កម្ពុជា រួមជាមួយ​នឹង WMC គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (NCCT) ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (MoFAIC) អង្គការ UN-ACT អង្គការ Winrock អង្គការ​ជំនួយ​ផ្នែក​ច្បាប់​ដល់​ស្ត្រី និង​កុមារ LSCW និង​អង្គការ​CCPCR នឹង​រៀបចំ​កម្មវិធី​វិទ្យុ ជា​ឈុត​ចំនួន 4លើក  ដើម្បី​លើកកម្ពស់​ចំណេះដឹង​អំពី​ហានិភ័យ នៃ​ការ​ចំណាកស្រុក​តាមរយៈ​ការរៀប​ការ​ទៅ​ប្រទេស​ចិន ចំណាកស្រុក​ដោយ​ភាព​វៃឆ្លាត របៀប​នៃ​ការរៀបចំ​ឯកសារ ដើម្បី​ធ្វើ​ចំណាកស្រុក និង​បញ្ហា​ប្រឈម​ដែល​ស្ត្រី អាច​ជួបប្រទះ​នៅពេល​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស។

កម្មវិធី​វិទ្យុ​ទាំង 4លើក​នេះ នឹង​ធ្វើឡើង​រៀងរាល់ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ចាប់ពី​ម៉ោង 2:10-3:00រសៀល នៅ​វិទ្យុ​ស្ត្រី​កម្ពុជា FM102 ចាប់ពី​ថ្ងៃទី 5 ដល់​ថ្ងៃទី 26ខែមេសា​ទៅ។ កម្មវិធី​វិទ្យុ​នេះ នឹង​ចាក់ផ្សាយ ឡើងវិញ​រៀងរាល់ថ្ងៃ​ច័ន្ទ​ចាប់ពី​ម៉ោង 4:10 ដល់ 4:35នាទី​រសៀល ចាប់ពី​ថ្ងៃទី9 មេសា ហើយ​បញ្ចប់​នៅ​ថ្ងៃទី 30 មេសា។ វិទ្យុ វាយោ VAYO FM នឹងធ្វើ​ការចាក់ផ្សាយ​នូវ​ការចម្លង​កម្មវិធី​ផ្សាយ​ផងដែរ​នេះ​នៅ​ថ្ងៃទី 17, 18, 20, 21, 22និង​ថ្ងៃទី 30ចាប់ពី​ម៉ោង 4:10នាទី រសៀល។ ខ្សែ​វីដេអូ​នឹង​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍ PNN នៅ​ថ្ងៃទី 5 ដល់ 6មេសា ចាប់ពី​ម៉ោង 7:50 ដល់ 8:00 យប់ និង​នៅ​ទូរទស្សន៍​ MyTVនៅ​ថ្ងៃទី 7 ដល់ 8មេសា ចាប់ពី​ម៉ោង 9:10 ដល់9:20 នាទី​ព្រឹក។

លើសពីនេះទៅទៀត ក្រុមការងារ​របស់ ​WMC នឹងធ្វើ​ដំណើរ​ចុះទៅ ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃទី 23 ដល់26ខែមេសា ដើម្បី​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​នេះ​ទៅដល់​សហគមន៍​ក្នុងភូមិ​នោះ។

ដើម្បី​ទស្សនា​ខ្សែភាពយន្ត​នេះ សូម​ចូលទៅ​កាន់​គេហទំព័រ៖

Advertisement