សាលា​អន្ដរជាតិ SISC បើកសម្ពោធ​ជា​ផ្លូវការ

បន្ទាប់ពី​បាន​បើក​ដំណើរការ​សាកល្បង​អស់​រយៈពេល​ប្រមាណ​ជាង3ខែ នៅត្រឹម​ព្រឹក​ថ្ងៃទី24 ខែមេសា ឆ្នាំ2017 ព្រឹក​មិញ​នេះ សាលា​អន្ដរជាតិ Southbridge International School Cambodia (SISC) ដែលជា​សាលា​ផ្ដល់នូវ​ការអប់រំ​ជា​លក្ខណៈ​អន្ដរជាតិ​លើ​កម្មវិធីសិក្សា​ពីរ​ភាសា (Bi- lingual Programme) ព្រមទាំង​ផ្ដោត​សំខាន់​ទៅលើ​គុណ​ភាពជា​ចម្បង​នោះ ត្រូវបាន​បើ​សម្ពោធ​ជា​ផ្លូវការ​ហើយ ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា , អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សា ភិ​បាល នៃ​សាលា Southbridge International School Cambodia ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ -អន្តរជាតិ ជាច្រើន​នាក់​ផងដែរ ។

មានប្រសាសន៍​នៅក្នុង​ពិធី​បើកសម្ពោធ រដ្ឋមន្ដ្រីក្រសួង​អប់រំ​យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា ការអភិវឌ្ឍន៍​ធនធានមនុស្ស​តាមរយៈ​ការអប់រំ​ប្រកបដោយ​គុណភាព​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​អទិភាព​យ៉ាងខ្ពស់ ហេតុដូច្នេះ​ហើយ​ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា គាំទ្រ​លើកទឹកចិត្ត​ឱ្យ​សាលា​អន្ដរជាតិ​នានា​មក​បើក​ដំណើរការ​នៅ​កម្ពុជា ដើម្បី​ផ្ដល់នូវ​សេវា​អប់រំ​ប្រកបដោយ​គុណភាព ស្រប​ពេលដែល​ក្រសួង​បាន និង​កំពុង​ពង្រឹង និង​ពង្រីក​គុណភាព​អប់រំ​នៅតាម​សាលា​រដ្ឋ។ ឯកឧត្តម​បាន​បន្តទៀតថា ៖ «វត្តមាន​របស់​សាលា​អន្ដរជាតិ Southbridge បានបង្ហាញ​ឱ្យឃើញ​ពី​ការអភិវឌ្ឍន៍​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ក្នុងពេល​បច្ចុប្បន្ននេះ ។ ចំពោះ​ការអនុញាតិ​ឱ្យ​បង្កើត​សាលា Southbridge នេះ​ឡើង គឺ​ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ផ្នែក​ឯកជន ចូលរួម​ផ្ដល់​សេវា​ប្រកបដោយ​គុណភាព ហើយ​ក្រសួង​ក៏មាន​គោលដៅ​ក្នុងការ​ពង្រឹងគុណភាព​អប់រំ​នេះ ដែល​វា​ជា​ឱកាស​មួយ​សម្រាប់​ឱ្យ​កុមារ និង​មាតាបិតា​កម្ពុជា​បញ្ជូន​កូន​មក​រៀន​នៅទីនេះ ជាជាង​បញ្ជូន​កូន​ទៅ​រៀន​នៅ​បរទេស ហើយ​នេះ​គឺជា​ផ្នែក​មួយ​ក្នុងការ​កាត់បន្ថយ​ចំណាយ ក៏ដូចជា​ផ្ដល់ឱកាស​កាន់តែច្រើន​ឱ្យ​សិស្សានុសិស្ស​ទទួល​បានកា​រ​អប់រំ​មួយ​ប្រកបដោយ​គុណភាព»។

ជាមួយគ្នានេះ​ផងដែរ លោក Raymond Yager អគ្គនាយក​ប្រតិបត្តិ​នៃ​សាលា​អន្ដរជាតិ Southbridge ក៏បាន​ថ្លែង​ផងដែរ​ថា ៖ «យើង​មាន​មោទនភាព​យ៉ាងខ្លាំង ដែល​សាលា​អន្ដរជាតិ Southbridge ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​ក្នុងថ្ងៃនេះ។ សាលា​អន្ដរជាតិ Southbridge ផ្ដោតលើ​កម្មវិធីសិក្សា​ដែល​ទទួលស្គាល់​ជា​លក្ខណៈ​អន្ដរជាតិ ដែល​យើង​បានទទួល​អាជ្ញាប័ណ្ណ​ពី​ចក្រភព​អង់គ្លេស។ កម្មវិធីសិក្សា​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ធានា​ឱ្យបាន​នូវ​ការសិក្សា​យ៉ាង​ម៉ត់ចត់ ក្នុង​គោលបំណង​ចូលរួម​អភិវឌ្ឍ​សិស្សានុសិស្ស ដើម្បី​ក្លាយទៅជា​បុគ្គល​ដែល​ប្រកបដោយ​សម្បជញ្ញៈ​បុគ្គល ដែល​ចេះ​ដោះស្រាយ​បញ្ហា​បាន​ព្រម​ជាមួយនឹង​ស្ដង់ដារ​នៃ​វិជ្ជាជីវៈ ហើយនឹង​ក្លាយជា​អនាគត​អ្នកដឹកនាំ​តាម​ជំនាញ​ដែល​ពួកគេ​ជ្រើសរើស»។

គួរបញ្ជាក់​ផង​ថា សាលា​អន្ដរជាតិ Southbridge គឺជា​សាលា​ដែល​ផ្ដល់​ការអប់រំ​លក្ខណៈ​អន្ដរជាតិ​ផ្ដោតលើ​កម្មវិធីសិក្សា​ពីរ​ភាសា (Bi- lingual Programme) ដែល​អាច​ទទួល​សិស្ស​រហូតដល់2500នាក់។ សាលា​អន្ដរជាតិ​នេះ បានចាប់ផ្ដើម​បើកទ្វារ​ទទួល​សិស្ស​តាំងពី​ខែមករា ឆ្នាំ2017 ចាប់ពី​កម្រិត​ទារកដ្ឋាន​រហូតដល់​ថ្នាក់​ទី6 ដែលមាន​ទីតាំង​ស្ថិតនៅ​អាគារ​លេខ567 ផ្លូវ​ប៉ូ​ឡា​រី​ស បុរី​ប៉េង​ហួត បឹង​ស្នោរ ខណ្ឌ​ច្បារអំពៅ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 1 រាជធានី​ភ្នំពេញ។ សម្រាប់​ឆ្នាំ​សិក្សា 2017-2018 នឹង​ចាប់ផ្ដើម​ប​វេ​សន​ការ​នៅ​ខែមិថុនា​ខាងមុខនេះ ហើយនឹង​បើកទទួល​សិស្ស​រហូតដល់​ថ្នាក់​អនុវិទ្យាល័យ រីឯ​ថ្នាក់​វិទ្យាល័យ​នឹង​បើក​នៅ​ឆ្នាំ​សិក្សា​បន្ទាប់ ៕

Advertisement