ក្រសួង​ប្រៃសនីយ៍​កម្ពុជា និង​ក្រុមហ៊ុន​ខេ​ធី​កូរ៉េ បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា Wi-Fi ឱ្យ វិទ្យាល័យហ៊ុន ​សែន​ទួលខ្ព​ស់កំពង់ឆ្នាំង

ភ្នំពេញ៖ ដូច​ការគ្រោងទុក​ក្រសួង​ប្រៃសនីយ៍​កម្ពុជា និង​ក្រុមហ៊ុន​ខេ​ធី​កូរ៉េ កាលពី​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៨ នេះ បានរួម​គ្នា​ចុះ​បើកសម្ពោធ​ស​ម្ធិ​ផល​អគារ​វិទ្យាល័យ​ហ៊ុនសែន​ទួល​ខ្ពស់ ដែល​ស្ថិតនៅ​ភូមិ​រកា​ទង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ Digital Connectivity for School ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង ប.ទ.ជាមួយ​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ (KT) ដែល​អាច​ប្រយោជន៍​សម្រាប់​ការសិក្សា​ពី​ចម្ងាយ និង​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និកទំនើបៗនៅតាម​វិទ្យាល័យ។

ឯកឧត្ដម​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍​ឲ្យ​ដឹងថា៖ ការតភ្ជាប់​សាលារៀន​ឌីជីថល​កម្ពុជា​ត្រូវបាន​អភិវឌ្ឍ​ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ ជាមួយនឹង​កំណើន​ផលទុនជាតិ​សរុប​នៅ​ប្រទេស​កម្ពុជា (GDP) សរុប​ជា​មធ្យម​ប្រហែល៧% ក្នុង​មួយឆ្នាំ ហើយ​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​បន្ត​កំណើន​របស់ខ្លួន​នាពេល​អនាគត។ ការរួមចំណែក​សំខាន់​ចំពោះ​កំណើន​រហូតមក​ដល់ពេលនេះ គឺ​ដោយសារ​មាន​សុខសន្តិភាព និង​ស្ថេរភាព​នៅក្នុង​ប្រទេស ជាមួយនឹង​ការបើក​ទូលាយ​នៅក្នុង​គោលនយោបាយ​ចំពោះ​ការវិនិយោគ​ពី​បរទេស។

ក្នុង​ជំហាន​បន្ទាប់​នៃ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា គឺ​ការ​ផ្តោតទៅលើ​គុណភាព​នៃ​កំណើន។ ដែល​មានន័យថា​ប្រទេស​កម្ពុជា​ត្រូវមាន​យុទ្ធសាស្ត្រ​បន្ថែមទៀត​ទៅលើ​ផែនការអភិវឌ្ឍន៍​រប​ស់​ខ្លួន ក៏ដូចជា​ទាក់ទាញ​ការវិនិយោគ​ដែលមាន​គុណភាព​បន្ថែមទៀត​ទៅលើ​វិស័យ​យុទ្ធសាស្ត្រសំខាន់ៗរបស់ខ្លួន។ ការអភិវឌ្ឍ​នាពេល​អនាគត​នឹងត្រូវ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​បច្ចេកវិទ្យា​និង​ការរួមបញ្ចូល​គ្នា​នៃ​វិស័យ​បច្ចេកវិទ្យា ដើម្បី​ជួយ​កែលម្អ​ការសម្រេចចិត្ត ការរៀបចំ​ផែនការ ការប្រកួតប្រជែង និង​គុណភាព​ដ៏​ល្អ​នៃ​ជីវិត​សម្រាប់​មនុស្ស​គ្រប់គ្នា។ វា​ច្បាស់​ណាស់​ថា​បច្ចេកវិទ្យា​គឺជា​អ្នកកំណត់​និន្នាការ​នានា​នៅ​ទូទាំង​ពិភពលោក។ សំខាន់​ជាងនេះទៀត​បណ្ដារ​អង្គការ​អន្តរជាតិ​ដូចជា អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប សមាគមអាស៊ាន ITU និង WEF ជាដើម កំពុង​លើកទឹកចិត្ត​ដល់​ប្រទេស​ទាំងអស់​ឲ្យ​ទទួលយក​នូវ​បច្ចេកវិទ្យា​ដែល​នឹង​ជះឥទ្ធិពល​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេស ក៏ដូចជា​ដើម្បី​ចូលរួម​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី។

ឯកឧត្ដម​បន្តថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កំពុង​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​ដោយ​ផ្តោតលើ​គម្រោង និង​កម្មវិធី​ដែល​កំពុង​ជួយ​កម្ពុជា​ក្នុង​ការធ្វើ​ទំនើបកម្ម និង​រៀបចំ​សម្រាប់​វិស័យសេដ្ឋកិច្ច​ឌីជីថល​និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី ៤ ។ ផ្អែកលើ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ចតុកោណ​របស់​រដ្ឋាភិបាល​ការអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នឹង​ក្លាយជា​កត្តា​គន្លឹះ​ក្នុងការ​គាំទ្រ​ដល់​រដ្ឋាភិបាល វិស័យ​ឯកជន សង្គម​និង​វប្បធម៌ តាមរយៈ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការអភិវឌ្ឍន៍ និង​គុណភាព​នៃ​ការអភិវឌ្ឍន៍​សម្រាប់​វិស័យ​ទាំងអស់នោះ។

នេះ​គឺជា​សូចនាករ​ដ៏​រឹងមាំ​មួយ​សម្រាប់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ជំរុញ​ឲ្យ​មាន​គម្រោង​ត​ភ្ជាប់​បន្ថែម​ដូចជា គម្រោង Wi-Fi សាធារណៈ និង​ការតភ្ជាប់​ឌីជីថល​ទៅកាន់​សាលារៀន​ជា​គម្រោង​មួយ​ដែល ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បាន​ផ្តួចផ្តើមឡើង​ហើយនឹង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គម្រោង​នេះ​នៅ​ទូទាំងប្រទេស។

នៅ​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៨ ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បានផ្តល់​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា (TC) ដើម្បី​ដាក់​ឲ្យ​ដំណើរការ​គម្រោង Wi-Fi សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយមាន​ការសហការ​ពី​ក្រុមហ៊ុន Korea Telecom (ខេ​ធី) ។ ក្រុមហ៊ុន​ខេ​ធី​គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​មួយ​របស់​ពិភពលោក​ដែល​បាន​ជួយ​ប្រទេស​កូរ៉េខាងត្បូង​ឲ្យ​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ប្រទេស​ឈានមុខ​គេ​នៅក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា។ យោងតាម​ចំណាត់ថ្នាក់​ពិភពលោក​សម្រាប់​ស​ន្ទ​ស្សន៍​អភិវឌ្ឍន៍ ICT ដោយ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) បាន​ឲ្យ​ដឹងថា​ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក់​លេខ ១ ឬ​ទី ២ នៅលើ​ពិភពលោក​ក្នុង​រយៈ ៨ ឆ្នាំ​ចុង​ក្រោយនេះ។

យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែលមាន KT ធ្វើជា​ដៃគូ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​កម្ពុជា។ គម្រោង Wi-Fi សាធារណៈ​កំពុង​ប្រើ​បច្ចេកវិទ្យា​ Wi-Fi ចុងក្រោយ​បំផុត​ពី​ខេ​ធី។

គម្រោង​ទាំងនេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា និង​ភ្ញៀវទេសចរ​កាន់តែច្រើន​ដែលជា​សសរស្តម្ភ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​អាច​ភ្ជាប់​អ៊ិន​ធឺ​ណិ​ត​ដោយ​ល្បឿន​លឿន​បំផុត​រហូតដល់ ១ ជី​ហ្គា​បៃ​ក្នុង​មួយ​វិនាទី​នៅក្នុង​តំបន់​សាធារណៈ​ធំ ៗ ដូចជា​សួនច្បារ​សម្តេច​ហ៊ុនសែន, សួនច្បារ​មុខ​ព្រះបរមរាជវាំង និង​កន្លែង​ជាច្រើន​ទៀត​ដែល​បាន​ត​ភ្ជាប់​ទាំង​នៅ​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត។

សព្វថ្ងៃនេះ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​គាំទ្រ​ដល់​ការបើក​ដំណើរការ​កម្មវិធី​ឌីជីថល​សម្រាប់​សាលារៀន​នៅ​វិទ្យាល័យ​ហ៊ុនសែន​ទួល​ខ្ពស់​ដោយមាន​ការគាំទ្រ​ពី TC និង KT ។ គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​នាំមក​នូវ​ការតភ្ជាប់​ទៅ​សាលារៀន​នៅ​ទូទាំងប្រទេស​តាមរយៈ​ការបង្កើន​ការតភ្ជាប់​អ៊ីនធឺណិត​ដែល​នឹង​អនុញ្ញាត​ឲ្យ​សាលារៀន​ភ្ជាប់​ទៅ​ការអប់រំ​ឌីជីថល​បន្ថែមទៀត​ដើម្បី​សម្រាប់​សាលា​ទាំងមូល។ យើង​សង្ឃឹមថានឹង​ទទួល​ការគាំទ្រ​និង​សហការ​បន្ថែមទៀត​ជាមួយ​អ្នកពាក់ព័ន្ធសំខាន់ៗដូចជា ក្រសួង​អប់រំ យុវជន និង​កីឡា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​អង្គការ​អប់រំ​អន្តរជាតិ។

លើសពីនេះ​ទៀត​យើង​សង្ឃឹមថានឹង​បង្កើត​កម្មវិធី​អប់រំ​សាធារណៈ​បន្ថែមទៀត​ដើម្បី​ជួយ​លើកកម្ពស់​ទីក្រុង​ស្អាត គ្មាន​គ្រឿងញៀន និង​កម្មវិធី​អប់រំ​ស្ទែ​ម (STEM) ។ យើង​សង្ឃឹមថា​កម្មវិធី​សាធារណៈ​ទាំងនេះ​នឹង​ជួយ​កែលម្អ​អាកប្បកិរិយា និង​ការយល់ដឹង​របស់​សាធារណៈជន​ដើម្បី​ជួយ​លើកកម្ពស់​សកម្មភាព​រួម​គ្នា​និង​ផលប្រយោជន៍​របស់​យើងទាំងអស់គ្នា។ យើង​មាន​គម្រោង​គាំទ្រ​កម្មវិធី​ទាំងនេះ​តាមរយៈ​ការប្រើ​មូលនិធិ​សកល និង​មូលនិធិ R&D Fund ដែល​ត្រូវបាន​គាំទ្រ​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធឺ​ណេ​ត​ទាំងអស់។ យើង​ខ្ញ​ក៏​សង្ឃឹម​ផងដែរ​ដើម្បី​លើកកម្ពស់​គំនិត​បន្ថែមទៀត​ដែល​នឹង​ជួយផ្តល់​ឲ្យ​ប្រជាជន​កម្ពុជា​នូវ​ចក្ខុវិស័យ​ច្បាស់លាស់​អំពី​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​និង​ត្រៀមខ្លួន​ចូលរួម​ក្នុង​វិស័យសេដ្ឋកិច្ច​ឌីជីថល​យ៉ាង​ឆាប់រហ័ស និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី៤ ដែល​នឹង​ផ្តោតលើ​បញ្ញា​សិប្បនិម្មិត អ៊ីនធឺណិត​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ និង ការទាញយក​ទិន្នន័យធំ។

នៅពេល​អនាគត​យើង​ក៏​សង្ឃឹម​ផងដែរ​ក្នុងការ​សហការ​ជាមួយ​កម្មវិធី​អន្តរជាតិ​ជាច្រើន​ទៀត​ដូចជា កម្មវិធី​ទប់ស្កាត់​ជំងឺឆ្លង​ទូទាំង​ពិភពលោក​ដែល​នឹង​សហការ​ជាមួយ​ប្រទេស​ជាច្រើន​ក្នុង​ការជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះថ្នាក់​នៃ​ជំងឺឆ្លង​ទូទាំង​ពិភពលោក​ដូចជា H1N1, Zika, Ebola …  ដែលមាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​សង្គម។ ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​ប្តេជ្ញា​ធ្វើការ​ជាមួយ​អ្នកពាក់ព័ន្ធសំខាន់ៗ ទាំងអស់​ក្នុង​តំបន់ និង​អន្តរជាតិ​ដើម្បី​ធានាថា​រដ្ឋាភិបាល​កម្ពុជា​នឹងធ្វើ​ឲ្យ​កម្មវិធី​ទាំងនេះ​ជា​អាទិភាព​ក្នុង​ការជួយ​ធ្វើ​ទំនើបកម្ម​ប្រទេស​នៅក្នុង​គ្រប់​វិស័យ​ទាំងអស់ និង​ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាមួយនឹង​ការប្តេជ្ញាចិត្ត​ចំពោះ​ប្រកបដោយ​គុណភាព។ អ្វីដែល​សំខាន់បំផុត​នោះ​គឺ​កម្ពុជា​ក្លាយទៅជា​ប្រទេស​ដ៏​ល្អ និង​លើកកម្ពស់​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​កម្ពុជាគ្រប់ៗជំនាន់៕

Advertisement