Global Art ជំរុញ​ឱ្យ​កុមារ​កម្ពុជា​ស្រឡាញ់​គំនូរ និង​ចេះ​ច្នៃប្រឌិត​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ

មជ្ឈមណ្ឌល Global Art ដែលជា​ស្ថាប័ន​បណ្តុះបណ្តាល​កុមា​រលើ​សិល្បៈ​គំនូរ និង​ការច្នៃប្រឌិត បាន​បើក​ការប្រកួត​គំនូរ​ថ្នាក់ជាតិ “2018 National Art Competition” ដើម្បី​ផ្តល់ឱកាស​ឱ្យ​កុមារ​កម្ពុជា​ទទួលបាន​ឱកាស​ក្នុងការ​ប្រកួតប្រជែង និង​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​តាមរយៈ​ការបញ្ចេញ​ស្នាដៃ​ជា​សាធារណៈ។

កម្មវិធី​ប្រកួត​គំនូរ​ដ៏​ធំ​នេះ​ធ្វើឡើង​នៅ​ផ្សារ​ទំនើប AEON Mall សែន​សុខ នៅ​ថ្ងៃទី16 ខែកញ្ញា ឆ្នាំ 2018 ដោយ​ក្នុងនោះ​មាន​បេក្ខជន​ចូលរួម​ចំនួន 255នាក់​មកពី​មជ្ឈមណ្ឌល Global Art និង​សាលា​ឯកជនល្បីៗនៅ​កម្ពុជា។ អ្នកចូលរួម​ប្រមាណ 90% ជា​សិស្ស​មកពី​មជ្ឈមណ្ឌល Global Art និង10% ផ្សេងទៀត​មកពី​សាលា SCIA, FIS និង​ UCMAS។

ក្រោយ​ការប្រកួត​យ៉ាង​ស្វាហាប់​អស់​រយៈពេល​ជាច្រើន​ម៉ោង និង​កាត់សេចក្តី​យ៉ាង​ហ្មត់ចត់​ពី​គណៈកម្មការ​ដាក់ពិន្ទុ​ប្រកបដោយ​វិជ្ជាជីវៈ និង​ជំនាញ​ខ្ពស់ បាន​រកឃើញថា អ្នក​ដែល​ទទួលបាន​ជយលាភី​លេខ1 ប្រចាំឆ្នាំ​នៅ​ក្រុម A បាន​ទៅលើ​កុមារី Sang Sokunnika មកពី​មជ្ឈមណ្ឌល Global Art Pasture ចំណែកឯ​ជយលាភី​លេខ1 នៃ​ក្រុម B បាន​ទៅលើ​កុមារី Lay PichMoniRachana មកពី​មជ្ឈមណ្ឌល Global Art TK2 និង​បេក្ខជន​ដែល​ជាប់​ជយលាភី​លេខ1 ក្នុង​ក្រុម C បាន​ទៅលើ​កុមារា Buonhing Sojestta មកពី Global Art Bokor។

Advertisement

បេក្ខជន​ដែល​ទទួលបាន​ជយលាភី​ទាំង 3រូប​នឹង​ទទួលបាន​ពានរង្វាន់​ចំនួន​មួយ ការឧបត្ថម្ភ​ក្នុង​ដំណើរ​ទៅ​ប្រឡង​គំនូរ​អន្តរជាតិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្រោម​ការឧបត្ថម្ភ​ទាំងស្រុង​ពី​ធនាគារ ABA អាហារូបករណ៍​រយៈពេល 6ខែ រួមទាំង​រង្វាន់​ជាច្រើន​ទៀត​ពី Global Art។ ជយលាភី​ទាំង 3រូប នឹងត្រូវ​បន្ត​ការប្រកួត​ជា​អន្តរជាតិ​ជាមួយនឹង​កុមារ​ជាច្រើន​ផ្សេងទៀត​លើ​ពិភពលោក។

គួរបញ្ជាក់​ផងដែរ​ថា Global Art មិន​ត្រឹមតែ​ជា​ស្ថាប័ន​បណ្តុះបណ្តាល​លើ​ផ្នែក​គំនូរ​ប៉ុណ្ណោះ​ទេ តែ​ជា​ស្ថាប័ន​បណ្តុះបណ្តាល​កុមារ​ឱ្យមាន​ភាព​ច្នៃប្រឌិត តាមរយៈ​ការអភិវឌ្ឍ​សមត្ថភាព​ដោយ​គ្រូ​ជំនាញល្បីៗ ហើយ​ផ្តល់ឱកាស​ឱ្យ​កុមារ​អាច​បកស្រាយ​ក្តី​ស្រមៃ និង​ភាព​ច្នៃប្រឌិត​របស់ខ្លួន​លើ​ផ្ទាំងគំនូរ។ ជំនាញ​នៃ​ការច្នៃប្រឌិត​នេះ ជា​ជំនាញ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់បំផុត​សម្រាប់​ពិភពលោក​ក្នុង​សតវត្សរ៍​នេះ ហើយ​ការបណ្តុះបណ្តាល​កុមារ​កម្ពុជា​ឱ្យក្លាយ​ជា​អ្នក​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ មានន័យថា កំពុង​ជំរុញ​អនាគត​នៃ​ការអភិវឌ្ឍ​សម្រាប់​សង្គម៕

Advertisement