អេ អឹម ខេ ផ្តល់ជូន​ឱកាស​ការងារ​ចំនួន​ជាង ៥០០កន្លែង

ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ប្រកាស​ផ្តល់ជូន​ឱកាស​ការងារ​ចំនួន​ប្រមាណ​ជាង ៥០០កន្លែង នៅក្នុង​ការតាំងពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ២០១៨ រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ២០១៨ ចាប់ពី​ម៉ោង ៨:០០ព្រឹក  ដល់​ម៉ោង ៦:០០ល្ងាច នៅ​មជ្ឈមណ្ឌលពិព័រណ៍​ការងារ និង​សន្និបាត​កោះ​ពេជ្រ។

អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូ​វ​ហិរញ្ញវត្ថុ ដែល​ផ្តោតទៅលើ​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ភាគច្រើន​ក្នុង​គោលបំណង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ពួកគេ តាមរយៈ​ការផ្តល់សេវា​មីក្រូហិរញ្ញវត្ថុ​សមស្រប និង​ឋិតថេរ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អេ អឹម ខេ មានការ​រីកចម្រើន​ទាំង​តំបន់​ប្រតិបត្តិការ ផលប​ត្រ​ឥណទាន ចំនួន​អតិថិជន ជាពិសេស​ចំនួន​បុគ្គលិក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ គឺ​ពី​ចំនួន​ប្រមាណ​ជា ២.៣០០នាក់ ក្នុង​ឆ្នាំ២០១៦ និង​ប្រមាណ​ជា ២.៥០០នាក់ ក្នុង​ឆ្នាំ២០១។ គិត​ត្រឹម​ខែតុលា ២០១៨ នេះ អេ អឹម ខេ មាន​បុគ្គលិក​កំពុងតែ​បម្រើ​ការងារ​ចំនួន​ជាង ២.៧០០នាក់។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន អេ អឹម ខេ បាន និង​កំពុងតែ​ផ្តល់ឱកាស​ការងារ​ជាច្រើន​កន្លែង​ដល់​បេក្ខជន ដែលមាន​បំណង​ចង់​អភិវឌ្ឍ អាជីព​ការងារ​ជាមួយ អេ អឹម ខេ។

លោកស្រី ពាំង ពិសាខ នាយិកា​ប្រតិបត្តិ​ធនធានមនុស្ស​បាន​ឲ្យ​ដឹងថា ចំនួន​បុគ្គលិក អេ អឹម ខេ បាន​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ យើង​ដឹង​ហើយ​ថា អេ អឹម ខេ គឺជា​ជម្រើស​អាជីព​ការងារ​ដ៏​សាក​សម​បំផុត​សម្រាប់​បុគ្គលិក​ទូទៅ ដោយសារតែ អេ អឹម ខេ បាន​ផ្តោត​សំខាន់​ទៅលើ​បី​ចំនុច​រួមមាន៖ ១. ការអភិវឌ្ឍ​សមត្ថភាព ២. បរិយាកាស​ការងារ​ល្អ ៣. អត្ថប្រយោជន៍​បុគ្គលិក។ លោកស្រី​បាន​បន្តទៀតថា “អ្វីដែល​ពិសេស​នោះ​គឺ នៅពេលថ្មីៗនេះ អេ អឹម ខេ បាន​ក្លាយជា​សមាជិករ​បស់​ធនាគារ​ស៊ា​ង​ហៃ​ពាណិជ្ជ និង​សន្សំ ដែលជា​ធនាគារ​មួយ មានបទពិសោធន៍​ជាង១០០ឆ្នាំ​លើ​វិស័យ​ធនាគារ។ ដូចនេះ​ធនាគារ​ស៊ា​ង​ហៃ​មួយ​នេះ​នឹង​ធ្វើឱ្យ អេ អឹម ខេ ប្រែ​មុខមាត់​ថ្មី​ដើម្បី​ក្លាយជា​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ​មួយ ឈានមុខ​គេ​នៅ​កម្ពុជា។

ទាក់ទង​នឹង​អត្ថប្រយោជន៍​បុគ្គលិក​វិញ លោកស្រី​បានឱ្យដឹង​ដែរ​ថា បុគ្គលិក អេ អឹម ខេ ទាំងអស់​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ដូចជា៖  ប្រាក់ឧបត្ថម្ភ​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ ប្រាក់ឧបត្ថម្ភ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រាក់ឧបត្ថម្ភ​សម្រាប់​បុគ្គលិក​ដែល​បម្រើ​ការងារ​យូរ ប្រាក់រង្វាន់​លើកទឹកចិត្ត ការធានារ៉ាប់រង​សុខភាព ១០០% សម្រាប់​បុគ្គលិក និង​អ្នក​ក្នុងបន្ទុក ការធានារ៉ាប់រង​គ្រោះថ្នាក់២៤ម៉ោង ប្រាក់ឧបត្ថម្ភ​លើ​ការ​សម្រាល​បុត្រ ជាពិសេស​បុគ្គលិក​អាច​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស ព្រមទាំង​អត្ថប្រយោជន៍ផ្សេងៗជាច្រើន​ទៀត។

លោកស្រី​បាន​ផ្តាំផ្ញើ​ដល់ សិស្ស-និស្សិត ដែល​កំពុង ឬ បញ្ចប់​ការសិក្សា ឬ អ្នក​ដែល​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ ត្រូវ​ចាប់យក​ឱកាស​ដ៏​ល្អ​នេះ ដើម្បី​ទទួលយក​ការងារ​នៅ អេ អឹម ខេ។ លោកស្រី​បន្តទៀតថា “ប្រសិនបើ​សាធារណជន ជាពិសេស​អ្នក​ដែល​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ​ទាំងអស់ មាន​ចំណាប់អារម្មណ៍​ចង់​ចូល​រួមជាមួយ​ក្រុមគ្រួសា​រ អេ អឹម ខេ សូម​អ​ញ្ជើ​មក​ទស្សនា​ស្តង់ អេ អឹម ខេ គឺ​លេខ G39 & G40 ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត​ពី​ឱកាស​ការងារ​នៅ​គ្រឹះស្ថាន យើងខ្ញុំ​ឱ្យបាន​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ធ្វើការ​សម្រេចចិត្ត។ អ្នក​ដែលមាន​ចំណាប់អារម្មណ៍​លើ​មុខតំណែង​ណាមួយ​ដែល​ត្រូវ​ជំនាញ និង​បទពិសោធន៍​ការងារ​អាច​យក CV មក​ដាក់​ដោយផ្ទាល់​នៅ​ស្តង់ អេ អឹម ខេ បាន។ ក្រុមការងារ​យើងខ្ញុំ​នឹង​ទាក់ទង​ទៅវិញ​ប្រសិនបើ CV របស់​អ្នក​ត្រូវ​នឹង​មុខតំណែង​ណាមួយ” គួរបញ្ជាក់​ផងដែរ​ថា នេះ​ជា​ឆ្នាំ​ទី៨ហើយ ដែល អេ អឹម ខេ បាន​ចូលរួម​ក្នុងការ​តាំងពិព័រណ៍​កា​រងារ​ថ្នាក់ជាតិ​មួយ​នេះ។

អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ២០១៨ នេះ អេ អឹម ខេ មាន​អតិថិជន​ចំនួន​ជាង ៨៣ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ២៤៤ លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១៤៣ លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និង​មាន​ភ្នាក់ងារ​ជាង ៣.៥០០ កន្លែង​នៅ​ទូទាំងប្រទេស។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា៖  សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ  ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ  ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕

Advertisement