ក្រុមហ៊ុន CBL កសាងក្លោងទ្វារថ្មី និងរបងថ្មីជូនសាលាបឋមសិក្សាចុងព្រែក

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលមានផលិតស្រាបៀរដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានរៀបចំពិធីសម្ពោធក្លោងទ្វារ និងរបងថ្មីជូនសាលាបឋមសិក្សាចុងព្រែក ដែលមានទីតាំងស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក នេត សារ៉ែន ចៅសង្កាត់ព្រែកឯង លោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុន CBL លោក រាម ភឿន នាយកសាលាបឋមសិក្សាចុងព្រែក ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុន CBL ឳពុកម្តាយអាណាព្យាបាល លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាចុងព្រែក ចំនួន ៣១៩នាក់ ។

ក្នុងឱកាសនោះ លោក រាម ភឿន នាយកសាលាបឋមសិក្សាចុងព្រែក បានលើកឡើងថា កន្លងមកសាលារៀនបានជួបប្រទះផលលំបាកមួយចំនួន ដូចជា ក្លោងទ្វារនេះមានសភាពទ្រុឌទ្រោមគួរឲ្យព្រួយបារម្ភ និង របងមានកំពស់ទាបងាយស្រួលឲ្យអ្នកដទៃផ្លោះរបងចូលបរិវេណសាលា ធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងសំភារៈផ្សេងៗក្នុងសាលា និងថ្នាក់រៀន។ លោកនាយកសាលាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន CBL ព្រមទាំងបុគ្គលិកទាំងអស់ ដែលបានចំណាយថវិកា រួមទាំងកម្លាំងកាយចិត្ត ជួយកសាងក្លោងទ្វារថ្មី និងរបងថ្មីប្រវែង៦៧ម៉ែត្រ ជូនសាលាបឋមសិក្សាចុងព្រែក ហើយលោកក៏ប្តេជ្ញាចិត្តនឹងការពារថែរក្សា សមិទ្ធផលទាំងនេះឲ្យបានគង់វង់ ដើម្បីបានជាប្រយោជន៍បន្តដល់ក្មេងៗជំនាន់ក្រោយទៀត។ ជាមួយគ្នានោះដែរ លោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុន CBL បានមានប្រសាសន៍ថា នេះជាសាលារៀនទី៣ ដែលក្រុមហ៊ុន CBL និងបុគ្គលិក បានជួយកែលំអរសោភ័ណ្ឌ និងសុវត្ថិភាពឲ្យកាន់ប្រសើរ ក្នុងគោលបំណងដើម្បីជួយសម្រួលដោះស្រាយផលពិបាក នានារបស់សិស្សានុសិស្ស និងជម្រុញទឹកចិត្តពួកគាត់ឲ្យផ្តោតលើការសិក្សារបស់ខ្លួន។ លោកបន្ថែមទៀតថា សិស្សានុសិស្សក្នុងពេលបច្ចុប្បន្ន នឹងក្លាយជាអ្នកដឹកនាំនាពេលអនាគត ដូច្នេះការអប់រំល្អនឹងបណ្តុះបណ្តាលបានធនធានមនុស្សដ៏ល្អ ហើយធនធានមនុស្សដ៏ល្អ នឹងជួញអភិវឌ្ឍសហគមន៍របស់យើងឲ្យកាន់តែរីកចំរើន។ លោកក៏សង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន និងបុគ្គលិក នឹងជួយបង្កើនសោភ័ណ្ឌភាពដល់សាលារៀន ក៏ដូចជា ផ្តល់នូវភាពកក់ក្តៅ និងអារម្មណ៍សុវត្ថិភាពបន្ថែមទៀតដល់ឳពុកម្តាយអាណាព្យាបាល លោកគ្រូអ្នកគ្រូ ជាពិសេសសិស្សានុសិស្សទាំងអស់ ហើយសង្ឃឹមប្អូនៗនឹងខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ និងជួញអភិវឌ្ឍសហគមន៍ឲ្យកាន់តែប្រសើរឡើងនាពេលអនាគត។

គួររំលឹកផងដែរថា នេះគឺជាគម្រោងកែលម្អសាលារៀនទី3 របស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បន្ទាប់ពីបញ្ចប់គម្រោងកែលម្អ និងជួសជុល សាលាវិទ្យាល័យព្រែកឯង និងសាលាបឋមសិក្សារបោះអង្កាញ់។ ក្រុមហ៊ុន CBL ដែលជាក្រុមហ៊ុនផលិតស្រាបៀរគុណភាពលំដាប់ពិភពលោកដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout តែងតែចូលរួមរាល់សកម្មភាពនានាក្នុងការអភិវឌ្ឍសហគមន៍ និងផ្ដោតការយកចិត្ដទុកដាក់ជាពិសេសលើការប្រព្រឹត្ដខ្លួនជាសហគ្រាសមួយដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ៕

Advertisement