ស្រាបៀរថៃហ្គ័រ ផ្តល់ជំនួយ 1លានដុល្លារដល់អង្គការ WWF

ក្រុមហ៊ុនស្រាបៀរថៃហ័្គរ ប្រកាសផ្តល់ជំនួយ 1លានដុល្លារដល់អង្គការ​មូលនិធិសត្វព្រៃ​ពិភពលោក (WWF) ក្នុងការធ្វើយុទ្ឋនាការ ដែលមានឈ្មោះថា 3890Tigers ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំខុសច្បាប់ និងក្នុងគោលបំណងបង្កើនចំនួនសត្វខ្លាធំរបស់ពិភពលោកពី 3,890ក្បាល នេះឱ្យបានដល់ 6,000ក្បាលត្រឹមឆ្នាំ 2022។

លោក Roland Bala នាយកគ្រប់គ្រងក្រុមហ៊ុនស្រាបៀរថៃហ្គ័រប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ការផ្តល់ជំនួយនេះគឺដើម្បីធ្វើយុទ្ធនាការមួយដែលមានឈ្មោះថា 3890Tigers គឺជាផ្នែកមួយនៃកិច្ចសហការជាសកលរយៈពេល 6ឆ្នាំរវាងស្រាបៀរ Tiger និងអង្គការ WWF ក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តជាសកល Tx2 ដែលធ្វើឡើងដោយបណ្តារដ្ឋាភិបាលនៃប្រទេសចំនួន13 ដែលមានសត្វខ្លាធំក្នុងគោលបំណងបង្កើនចំនួនសត្វខ្លាធំរបស់ពិភពលោកឲ្យបាន 6,000 ក្បាលត្រឹមឆ្នាំ 2022។
កិច្ចសហការរយៈពេល 6ឆ្នាំនេះបានចាប់ផ្តើមនៅឆ្នាំ 2017 នេះដោយទទួលបានអំណោយបរិច្ចាគជាទឹកប្រាក់ 1លានដុល្លារអាមេរិកពីស្រាបៀរថៃហ្គ័រ។ លោកថា ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោម13 ប្រទេសដែលមានសត្វខ្លាធំ ហើយរដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការបង្កើនចំនួនសត្វខ្លាធំទូទាំងពិភពលោក ដោយអនុម័តផែនការសកម្មភាពសម្រាប់សត្វខ្លាធំនៃប្រទេសកម្ពុជា ដែលផ្តោតលើការនាំសត្វខ្លាធំទៅកាន់តំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា។
សត្វខ្លាធំគឺជាប្រភេទសត្វជិតផុតពូជនៅទូទាំងពិភពលោក។ ចំនួនសត្វខ្លាធំបានធ្លាក់ចុះ 96 ភាគរយក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ គឺចាប់ពី 100,000 ក្បាលធ្លាក់នៅសល់ត្រឹមតែ 3,890 ក្បាលប៉ុណ្ណោះមកទល់សព្វថ្ងៃនេះ។ លោក Roland Bala មានប្រសាសន៍ដូច្នេះថា៖ «យើងមិនអាចស្រមៃឃើញថា ពិភពលោកនឹងគ្មានសត្វខ្លាធំនោះទេ ហើយវាជាកិត្តិយសសម្រាប់យើងដែលបានចាប់ដៃគូជាមួយអង្គការ WWF ដើម្បីគាំទ្រកិច្ចប្រឹងប្រែងអភិរក្សក្នុងរឿងនេះ។ ប្រសិនបើសត្វខ្លាធំបាត់បង់ វាមិនត្រឹមតែមានផលប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបាត់បង់ពិតប្រាកដសម្រាប់វប្បធម៍របស់យើងទៀតផង។


សត្វខ្លាធំគឺជាសត្វដ៏ស្រស់ស្អាតដែលជានិមិត្តរូបនៃកម្លាំង ភាពក្លាហាន និងអំណាច ហើយជាទូទៅសិល្បៈជាច្រើននៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សត្រូវបានបំផុសឡើងចេញពីសត្វខ្លាធំនេះឯង។ នោះហើយជាមូលហេតុដែលយើងបានជ្រើសរើសយកសិល្បៈជាវិធីមួយដើម្បីបង្ហាញរឿងនេះរួមគ្នាជាមួយអតិថិជនរបស់យើង»។

លោក ឈិត សំអាត នាយកអង្គការ WWF ប្រចាំកម្ពុជា បានមានប្រសាសន៍ថា សត្វខ្លាធំជាប្រភេទសត្វនិមិត្តរូប និងជាផ្នែកមួយនៃបេតិកភណ្ឌធម្មជាតិរបស់យើង។ ការនាំយកសត្វខ្លាធំត្រឡប់មកប្រទេសកម្ពុជាវិញនឹងក្លាយជាកិច្ចអភិរក្សដ៍ធំបំផុត ហើយនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សតំបន់ទេសភាពទាំងមូលផងដែរ។ មានបញ្ហាប្រឈមជាច្រើន រួមមានការបរបាញ់ ការដាក់អន្ទាក់ចាប់ ការកាប់ឈើខុសច្បាប់ ការរុករករ៉ែ និងការអភិវឌ្ឍគ្មាននិរន្តរភាពផ្សេងទៀតដែលត្រូវការការដោះស្រាយដើម្បីធ្វើឱ្យទេសភាពនេះក្លាយជាតំបន់ការពារលំដាប់ថ្នាក់ពិភពលោកមុនពេលដោះលែងសត្វខ្លាធំចូលទៅក្នុងតំបន់នេះ។ យើងប្តេជ្ញាក្នុងការសម្រេចគោលដៅ Tx2 និងសង្ឃឹមថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល6ឆ្នាំខាងមុខដើម្បីធ្វើឱ្យគម្រោងនេះក្លាយជាការពិត។

ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ សាធារណជនអាចចូលទៅកាន់គេហទំព័រ៖ 3890Tigers.com ដើម្បីអាប់ឡូដថតរូបស៊ែលហ្វ៊ី ហើយនិងជ្រើសរើសយកសិល្បករម្នាក់សហការជាមួយដើម្បីបង្កើតសិល្បៈថតរូបស៊ែលហ្វ៊ីមួយប្រភេទដែលបង្កើតដោយ AI។ មិនថាវាជាសិល្បៈដងវិថី និងអក្សរផ្ចង់ដ៏អាថ៌កំបាំង គំនូរដោយប្រើថ្នាំលាប និងទឹកថ្នាំ ឬរូបឥន្ទធនូនោះទេ មនុស្សអាចជ្រើសរើសពីរចនាប័ទ្មសិល្បៈរបស់ HuaTunan របស់ប្រទេសចិន Mademoiselle Maurice របស់បារាំង Kenji Chai របស់ម៉ាឡេស៊ី Nookt របស់រុស្ស៊ី Nick Gentry របស់ចក្រភពអង់គ្លេស និងTran Nguyen របស់សហរដ្ឋអាមេរិកដើម្បីបង្កើតសិល្បៈថតរូបស៊ែលហ្វ៊ីរបស់គេ៕

Advertisement