ដំណើរកម្សាន្តបោះជំរុំ​ និង​​ Adventure របស់អតិថិជន FORD ប្រចាំឆ្នាំ2019

ឆ្នាំនេះ ម្ចាស់រថយន្ត FORD គ្រប់រូបកាន់តែសប្បាយរីករាយជាមួយដំណើរកម្សាន្ត ADVENTURE​ ដ៏អស្ចារ្យឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និង​ទីក្រុងប៉ាកសេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។

នាចុងឆ្នាំនេះ ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជនរបស់ក្រុមហ៊ុន អ អិម​ អេ ខេមបូឌា គឺកាន់តែសប្បាយរីករាយជាមួយនឹងដំណើរកម្សាន្ត AVENTURE ឆ្លងដែន ដ៏អស្ចារ្យ​ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និង​ទីក្រុងប៉ាកសេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ នៅដើមខែធ្នូ ខាងមុខនេះ ជាមួយនឹងក្បួនដង្ហែរថយន្ត Ford ចំនួន130គ្រឿង។

ដំណើរកម្សាន្ត FORD Adventure ឆ្នាំ2019​ នេះរៀបចំឡើងដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) នៅក្នុងប្រទេសកម្ពុជា និង​ឧបត្ថម្ភកម្មវិធី​ ដោយក្រុមហ៊ុន PTT ខេមបូឌា ដែលជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា Coca Cola, ធនាគា KB Daehan Specialized Bank Plc. ហើយក៏មានការចូលរួមសហការជាមួយក្រុមហ៊ុន AIA (Cambodia) Life Insurance, ក្រុមហ៊ុន EFG (Express Food Group ដែលរួមមាន Pizza Company, Swensen’s និង Dairy Queen), Philip General Insurance Cambodia, និង​ក្រុមហ៊ុន Cooper Tire។

គួរបញ្ជាក់ផងដែរ ដំណើរកម្សាន្ត FORD Adventure ឆ្នាំ2019នេះ ក៏មានការសហការចូលរួមពីសំណាក់ក្រុមហ៊ុនឯកទេសបិត Sticker ថ្លាការពារថ្នាំរថយន្ត Sticker City និងហាងនំបុ័ង បាយ័ន ក្នុងដំណើរកម្សាន្ត Ford Adventure ដ៏អស្ចារ្យលើកទី13នេះផងដែរ ដែលមានរយៈពេល4ថ្ងៃ 3យប់ គឺចាប់ពីថ្ងៃទី06 ខែធ្នូ ឆ្នាំ2019 ដោយមានអ្នកដំណើរប្រមាណ600នាក់ ហើយអ្នកចូលរួមនឹងរីករាយជាមួយទេសភាពព្រៃភ្នំនៅតាមដងផ្លូវក្នុងទឹកដីខេត្តស្ទឹងត្រែង រួមជាមួយនឹងបទពិសោធបោះជំរុំដ៏អស្ចារ្យនៅលើវាលស្មៅយ៉ាងស្រស់ត្រកាលនៃខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។​ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងមានឱកាសដើរទិញទំនិញជាច្រើនយ៉ាងសម្បូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវថែមទៀតផង។

ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ2007 ដំណើរកម្សាន្ត FORD Adventure បានទៅខេត្តមណ្ឌលគិរី, ឆ្នំា2008​ ទៅខេត្តរតនគិរី, ឆ្នាំ2009 ទៅកាន់ខេត្តប៉ៃលិន​, ឆ្នាំ2010 និងឆ្នាំ2011 ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ​, ឆ្នាំ2012 ទៅកាន់ខេត្តមណ្ឌលគិរី, ឆ្នាំ2013​ បានទៅទឹកដី​ប្រទេសឡាវម្តងទៀត, ឆ្នាំ2014 ទៅកាន់ខេត្តត្រាត ប្រទេសថៃ, ឆ្នាំ2015 ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ, ឆ្នាំ2016 ទៅកាន់ខេត្តបុរីរាម ប្រទេសថៃ, ឆ្នាំ2017 ទៅកាន់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ និងឆ្នាំ2018 ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយមានអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់។

កាលពីថ្ងៃទី23​ ខែវិច្ឆិកា​ ឆ្នាំ2019​ កន្លងទៅនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ក៏បានធ្វើការប្រកាសជាផ្លូវការពីដំណើរកម្សាន្ត Ford Adventure ដ៏អស្ចារ្យលើកទី13 នៅឯកន្លែងតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Ford ស្ថិតនៅលើផ្លូវព្រះមុនីវង្ស។ នៅក្នុងឱកាសនោះដែរ លោក ម៉ៃឃើ ព្រីន (Michael Breen) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា “ក្រុមហ៊ុន Ford Cambodia រៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីថ្លែងអំណរគុណដល់អតិថិជន Ford ទាំងអស់ ដែលបានគាំទ្រក្រុមហ៊ុន Ford និងដើម្បីឱ្យអតិថិជនបានធ្វើដំណើរកម្សាន្តចុងឆ្នាំជាមួយមិត្តភក្តិ និងក្រុមគ្រួសារផងដែរ។ នេះជាឱកាសដ៏អស្ចារ្យមួយ ដើម្បីឱ្យអ្នកបានស្គាល់ និង​រាប់អានមនុស្សថ្មីៗជាច្រើន និងបានធ្វើការណែនាំ និងចែករំលែកពីបទពិសោធក្នុងអាជីវកម្មរបស់អ្នក រួមជាមួយដំណើរកម្សាន្តបោះជំរុំដ៏អស្ចារ្យ ហើយសំខាន់បំផុតគឺទទួលបានបទពិសោធបើកបរប្រកបដោយភាពរីករាយជាមួយរថយន្ត Ford”។

លោក សេង វឹង ប្រធានគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាល់បណ្តាក្រុមហ៊ុនឧបត្ថម្ភទាំងអស់ ដែលបានជួយគាំទ្រដល់ដំណើរការនៃកម្មវិធីដំណើរកម្សាន្ត FORD​ Adventure ឆ្នាំ2019នេះ។​ លោកបានរំពឹងថា ដំណើរកម្សាន្តឆ្នាំនេះនឹងកាន់តែធ្វើឱ្យអ្នកចូលរួមរីករាយ កាន់តែខ្លាំងជាងឆ្នាំមុនៗទៀត។

លោកបានមានប្រសាសន៍ថា “ដំណើរកម្សាន្ត FORD Adventure ឆ្នាំ2019នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត FORD ជាង130គ្រឿងធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែង ហើយឆ្ពោះទៅទឹកដីចម្ប៉ាសាក់ ប្រទេសឡាវ ដែលធ្វើឱ្យអតិថិជន FORD ទទួលបាននូវបទពិសោធក្នុងការបើកបរ និងទស្សនាតំបន់ទេសចរណ៍នៅលើទឹកដីប្រទេសកម្ពុជាយើង និង​ប្រទេសឡាវផងដែរ”។

លោក លាង ម៉ារឌី អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកឥណទាន នៃធនាគារ ធនាគា KB Daehan Specialized Bank Plc. បានមានប្រសាសន៍ថា “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏ដូចជាថ្នាក់ដឹកនាំ និង​បុគ្គលិក FORD ដែលផ្តល់នូវទំនុកចិត្ត និងភាពជឿជាក់ បានបើកឱកាសឱ្យធនាគារ KDSB បានធ្វើជាដៃគូក្នុងការផ្តល់កម្ចីជួនគ្រប់អតិថិជន FORD ទាំងអស់ ដើម្បីជាការឆ្លើយតបចំពោះក្រុមហ៊ុន ធនាគារ KDSB ក៏បានខិតខំប្រឹងប្រែងពង្រឹងសេវាកម្មរ​បស់ខ្លួនតាមរយៈការផ្តល់អត្រាការប្រាក់ទាប សេវាអនុម័តឥណទានឆាប់រហ័ស ឯកសារងាយស្រួល ជាពិសេសនោះគឺទទួលសក្សាអតិថិជន FORD គ្រប់25ខេត្តក្រុង ក្រៅពីកម្ចីសម្រាប់ទិញរថយន្ត ធនាគារក៏មានកម្ចីទិញផ្ទះ កម្ចីសម្រាប់អាជីវកម្ម និងពង្រីកមុខរបរជាមួយអត្រាការប្រាក់ប្រកួតប្រជែងផងដែរ”។

លោក ហួង ស៊ុនហ៊ីន ប្រធានគ្រប់គ្រងស្ថានីយ៍ និងទីផ្សារលក់រាយ នៃក្រុមហ៊ុនប្រេងឥន្ទនៈ PTT Cambodia បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA Cambodia ដែលជឿជាក់លើផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន PTT Cambodia សម្រាប់កម្មវិធីដំណើរកម្សាន្ត Ford Adventure 2019 នេះ។​ បច្ចុប្បន្ន ក្រុមហ៊ុន PTT Cambodia មាន74សាខាស្ថានីយ៍ប្រេងឥន្ទនៈ រួមជាមួយនឹងហាងកាហ្វេ Amazon, ហាងលក់ទំនិញ Jiffy, បញ្ជរលក់អាហារ និងភេសជ្ជៈ និង​បន្ទប់ទឹកស្អាតដែលមាននៅគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈ PTT។ យើងនៅតែបន្តពង្រីកសេវាកម្ម និង​ស្ថានីយ៍របស់យើងឱ្យកាន់តែច្រើនឡើងថែមទៀតនៅតាមបណ្តាខេត្តនានា ដើម្បីឱ្យអតិថិជនមានភាពងាយស្រួលក្នុងការប្រើប្រាស់ផលិតផល និង​សេវាកម្មរបស់យើង”។

លោកស្រី ឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈ Coca Cola Cambodia បានមានប្រសាសន៍ថា​ “ក្រុមហ៊ុនកូកា​ កូឡា មានក្តីសោមន្សជាខ្លាំង ដែលបានក្លាយខ្លួនជាអ្នកឧបត្ថម្ភធំនូវភេសជ្ជៈសម្រាប់កម្មវិធី Ford Adventure 2019។ ផលិតផលរបស់យើងតែងតែផ្តល់ជូនអ្នកពិសារនូវភាពសប្បាយរីករាយ និងអារម្មណ៍ស្រស់ស្រាយនៅគ្រប់ឱកាសជួបជុំនានា ហើយពិតជាស័ក្តិសមឥតខ្ចោះក្នុងដំណើរផ្សងព្រេងដ៏អស្ចារ្យមួយនេះ”។

លើសពីនេះទៅទៀត លោក សេង វឹង ក៏បានបន្ថែមទៀតថា ដំណើរកម្សាន្ត FORD Adventure មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមករបស់អតិថិជន FORD និងបុគ្គលិករបស់ក្រុមហ៊ុន RMA Cambodia៕

Advertisement