Porsche ផ្តល់​ការ​បើកបរ​​សាក​ល្បង​​​ក្នុង​ទីលាន Sepang International Circuit

Porsche ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​លំដាប់​ពិភព​លោក កាល​ពី​សប្តាហ៍​កន្លង​មក​បាន រៀបចំ​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​“Porsche Media Driving Academy 2017” នៅ​លើ​ទីលាន​ប្រណាំង​រថយន្ត​ Sepang International Circuit ក្នុង​ប្រទេស​ម៉ាឡេស៊ី។

កំពូល​អ្នក​ប្រណាំង​រថយន្ត​ពិភព​លោក​ជន​ជាតិ​ញូហ្សេឡែន​របស់​ក្រុមហ៊ុន Porsche លោក Earl Bamber ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍“Porsche Media Driving Academy 2017” បាន​និយាយ​ថា​ លោក​ពិត​ជា​មាន​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​ដែល​បាន​ចូល​រួម​ក្នុង​ការ​ចែក​រំលែក​នូវ​បទ​ពិសោធ​របស់​លោក​ដល់​អ្នក​ចូល​រួម​ទាំង​អស់​។ លោក​បាន​បញ្ជាក់​ថា៖”ជា​មួយ​នឹង​រថយន្ត Porsche លោក​អ្នក​នឹង​ទទួល​បាន​នូវ​ការ​បើក​មួយ​ដ៏​អស្ចារ្យ​កម្រិត​ពិភព​លោក​”។

“Porsche Media Driving Academy 2017” មាន​ការ​ចូល​រួម​ពី​អ្នក​សារ​ព័ត៌មាន​មក​ពី​ប្រទេស​ជា​ច្រើន​ដូច​ជា កម្ពុជា ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី សិង្ហបុរី ហុងកុង និង​តៃវ៉ាន់ ជាដើម។

ថ្នាក់​ដឹក​នាំ​នៃ​ក្រុមហ៊ុន Porsche បាន​ប្រាប់​ឱ្យ​ដឹង​ថា កម្ម​វិធី​ដែល​ប្រព្រឹត្ត​ឡើង​ពេញ​1​ថ្ងៃ​ (​ថ្ងៃ​ទី​6 ខែ​កក្កដា ឆ្នាំ​2017) មាន​គោល​បំណង​ដើម្បី​ធ្វើ​ការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ពី​ការ​បើក​បរ​រថយន្ត​ប្រណាំង​ពិភព​លោក​ដល់​អ្នក​សារ​ព័ត៌មាន​នៃ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ តាម​រយៈ​ការ​បង្ហាញ​ពី​បច្ចេកទេស​នៃ​ការ​បើកបរ និង​ការ​ផ្តល់​ឱ្យ​អ្នក​ចូល​រួម​ទាំង​អស់​បាន​បើក​បរ​នៅ​លើ​ទីលាន​ដោយ​ផ្ទាល់​នោះ នឹង​ធ្វើ​ឱ្យ​ពួក​គេ​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​សុវត្ថិភាព និង​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​បើក​បរ ព្រម​ទាំង​បាន​សាកល្បង​ជាមួយ​នឹង​រថយន្ត​ដែល​មាន​កម្លាំង​ខ្លាំង និង​មាន​បំពាក់​ទៅ​ដោយ​បច្ចេក​វិទ្យា​ទំនើបៗ​ទៀត​ផង។

រថយន្ត​ដែលក្រុមហ៊ុន​ផ្តល់​ឱ្យ​អ្នក​ចូល​រួម​បើក​បរសាក​ល្បង​​ក្នុង​ពេល​នោះ​មាន​ដូច​ជា​ Porsche Panamera Turbo, Porsche Panamera 4S, Porsche 911 Carrera S, Porsche 911 Carrera 4S, Porsche 911 Targa 4S, Porsche 911 Turbo, Porsche 911 Turbo S, Porsche Cayenne GTS, Porsche Cayenne Turbo, Porsche Cayenne Turbo S, Porsche 718 Boxster, Porsche 718 Boxster S និង Porsche Macan GTS៕

Advertisement