មន្ទីរពេទ្យ ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ មាន​គ្រូពេទ្យ​ឯកទេស​ ផ្នែកក្រពះ-ពោះវៀន ពី​ប្រទេស​ជប៉ុន មក​ព្យាបាល​ពលរដ្ឋ​កម្ពុជា

បន្ទាប់ពី​បានធ្វើ​កិច្ច​សម្ពោធ​បើក​ដំណើរ​ការទទួល​ព្យាបាល​អ្នកជំងឺ​ទូទៅ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រាប់ទាំង​ប្រជាពលរដ្ឋ​ជា​ជនជាតិខ្មែរ ជប៉ុន ក៏ដូចជា​អ្នកជំងឺ​ចម្រុះ​ជាតិ​សាសន៍​ដទៃទៀត​ចាប់តាំងពី​ថ្ងៃទី20 ខែកញ្ញា ឆ្នាំ2016 ក្រោម​វត្តមានដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រហូត​មកដល់ពេលនេះ មន្ទីរពេទ្យ ជប៉ុន សាន់​រ៉ា​យស៍ ភ្នំពេញ ដែល​ភាសាបរទេស​ហៅថា Sunrise Japan Hospital Phnom Penh បាននិងកំពុង​ទទួល​បាន ការ​ជឿទុកចិត្ត​ពី​សំណាក់​អ្នកជំងឺ​ទូទៅ​គួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ​ដើម្បី​បំពេញបន្ថែម​លើ​តម្រូវការ​ផ្នែក​សុខាភិបាល​នៅក្នុង​ស្រុក ជាពិសេស​ដើម្បី​ឆ្លើយតប ​ទៅនឹង​តម្រូវការ​របស់​អ្នកជំងឺ​ផងដែរ​នោះ មន្ទីរពេទ្យ ជប៉ុន សាន់​រ៉ា​យស៍ ភ្នំពេញ បាន​អញ្ជើញ​អ្នកជំនាញ​មាន​ឯកទេស​ផ្នែកព្យាបាល​ជំងឺ​ពាក់ព័ន្ធ​នឹង​ក្រពះ ពោះវៀន ដែលមាន​បទពិសោធ​ព្យាបាល​នៅ​ប្រទេស​ជប៉ុន​មិន​ក្រោម 20ឆ្នាំ មក​ប្រចាំការ​នៅក្នុង​មន្ទីរពេទ្យ​ដ៏​ទំនើប និង​ទាន់សម័យ​កម្រិតស្ដង់ដា​រ​អន្តរជាតិ​មួយ​នេះ ដែល​
កាន់តែ​បង្កើន​នូវ​ទំនុកចិត្ត​ខ្ពស់​ដល់​អ្នកស្វែងរក​សេវាព្យាបាល​ទ្វេដង។

លោក​វេជ្ជបណ្ឌិត ហុ​កា​មឹ​រ៉ា ណុ​ប៊ឹ​កា​ហ្ស៊ឹ (Hokamura Nobukazu) អ្នកជំនាញ​ផ្នែក​ព្យាបាល​ជំងឺ​ក្រពះ-ពោះវៀន ដែល​ត្រូវបាន​អញ្ជើញ​មកពី​ប្រទេស​ជប៉ុន ដើម្បី​មក​បម្រើ​ការងារ​លើ​សេវា​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ជប៉ុន សាន់​រ៉ា​យស៍ ភ្នំពេញ បាន​ប្រាប់​ឱ្យដឹងថា លោក​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​តូ​ក្យូ ហើយ​ទៅ​បន្ត​សិក្សា​ចាប់យក​ជំនាញ​នៅ​មជ្ឈមណ្ឌល​នៃ​ជំងឺមហារីក​ប្រចាំ​ប្រទេស​ជប៉ុន។ ជាមួយគ្នានេះ​ផងដែរ លោក​ក៏មាន​បទពិសោធ​ក្នុងនាម​ជា​អ្នកឯកទេស​ជំនាញ​លើ​ការព្យាបាល​ជំងឺ​ពាក់ព័ន្ធ​ទៅនឹង​ប្រព័ន្ធ​រំលាយ​អាហារ ជាពិសេស បញ្ហា​ជំងឺ​ក្រពះ និង​ពោះវៀន​ជាង25ឆ្នាំ ដែល​ក្នុងនោះ​លោក​ធ្លាប់​បម្រើ​ការងារ
នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ21ឆ្នាំ និង​នៅក្នុង​មន្ទីរពេទ្យឯកជន​មាន​ចំនួន​ជាង4ឆ្នាំ មុនពេល​មកកាន់​ការ​ងារ​នៅ​មន្ទីរពេទ្យ ជប៉ុន សាន់​រ៉ា​យស៍ ភ្នំពេញ ប្រចាំ​នៅ​កម្ពុជា។ លោក​បាន​បញ្ជាក់ទៀតថា ផ្អែក​តាម​បទពិសោធ​ក្នុងការ​ព្យាបាល​របស់លោក​អស់​រយៈកាល​ជាង25ឆ្នាំ​កន្លងទៅនេះ សម្រាប់​បញ្ហា​ប្រឈម​របស់​មនុស្ស​ទូទៅ គឺពាក់ព័ន្ធ​ទៅនឹង​ជំងឺ​ក្រពះ​មាន​អត្រា​ច្រើនជាង​ជំងឺផ្សេងៗទាំងអស់ ខណៈដែល​ជំងឺ​មួយ​ប្រភេទ​នេះ​ងាយ​នឹង​កើតមាន ដោយសារតែ​កត្តា​នៃ​ការរស់នៅ ដូចជា ការសម្រាក​មិនបាន​គ្រប់គ្រាន់ ការទទួល​ជាតិ​អាល់កុល របប​អាហារ​ប្រចាំថ្ងៃ ដែលមាន​ជាតិ​ហឹរ​ពេក និង​ប្រៃ​ពេក ហើយ​កត្តា​ដែល​បង្កឱ្យមាន​ជំងឺ​ក្រពះ​គឺ​បណ្ដាលមកពី​មេរោគ H.Pylori នៅក្នុង​ក្រពះ។

រោគសញ្ញា ៖ លោក​វេជ្ជបណ្ឌិត ហុ​កា​មឹ​រ៉ា ណុ​ប៊ឹ​កា​ហ្ស៊ឹ បាន​បន្តទៀតថា ចំពោះ​ជំងឺ​មហា​រីកក្រពះ​នេះ នៅ​ដំណាក់កាល​ដំបូង ជាទូទៅ​វា​មិនបាន​បង្ហាញ​ជា​រោគសញ្ញា​អ្វី​គួរឱ្យកត់សម្គាល់​នោះឡើយ។ ប៉ុន្ដែ​លោកអ្នក​អាចធ្វើ​ការពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ ដើម្បី​ប្រាកដថា អ្នកមានសុខភាព​ល្អ និង​មិនមាន​ការព្រួយបារម្ភ​ចំពោះ​ជំងឺមហារីក​ក្រ​ពេះ​នោះទេ។ ដោយឡែក​នៅពេលជំងឺមហារីក​ចេះតែ​វិ​វត្ត​ទៅមុខ​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ ឬ​រ៉ាំរ៉ៃ វា​អាច​បង្កឱ្យមាន​រោគសញ្ញា​មួយចំនួន​ដូចជា មានការ​ឈឺចាប់​នៅ​តំបន់​ពោះ ពិបាក​ក្នុងការ​លេប​អាហារ មាន​អាការ​អួលណែន​ដើម-ក មាន​ចង្អោរ ឬ​ក្អួត​ក្រោយពេល​ទទួលទានអាហារ ស្រក​ទម្ងន់ និង​មាន​អារម្មណ៍​ថា​ឆ្អែត​ជាដើម។ ប៉ុន្តែ​អ្វីដែល​កាន់តែច្បាស់​ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ​គឺ​ការពិនិត្យ​ដោយ​ម៉ាស៊ីន​មីក្រូ​ទស្សន៍ និង​ការ​ច្រឹប​យក​សាច់​ក្រពះ​ទៅធ្វើ​ការវិភាគ។

ការព្យាបាល ៖ ចំពោះ​វិធីសាស្ត្រ​នៃ​ការព្យាបាល អ្នកជំនាញ​នឹង​អនុវត្ត​អាស្រ័យ​ទៅតាម​ដំណាក់កាល​នៃ​ជំងឺមហារីក និង​ភាពជាក់ស្ដែង ជាមួយនឹង​វិធី2យ៉ាង គឺ​ការវះកាត់ និង​ការព្យាបាលដោយ​ប្រើ​ថ្នាំ។ ដោយឡែក​ការវះកាត់​មាន​ជម្រើស2យ៉ាង គឺ​ការវះកាត់​បើក​មុខធំ និង​ការវះកាត់​ដោយ​ការ​ចោះ។ សម្រាប់​វិធីសាស្ត្រ​វះកាត់​ដោយ​ការ​ចោះ គឺ​ត្រូវបាន​ធ្វើឡើង​ត្រឹម​ដំណាក់កាល​ដំបូង ដែល​ត្រឹមតែ​ជាការ​វះកាត់​យក​ដុំ​មហារីក​ដែល​តូច​បំផុត​ចេញពី​ក្រពះ។ ប៉ុន្តែ​ក្នុងករណី​មហារីក​ដំណាក់កាល​ធ្ងន់ធ្ងរ​អ្នកជំនាញ​ចាំបាច់​ប្រើ​វិធីសាស្ត្រ​វះកាត់​បើក​មុខធំ ដើម្បី​កាត់ចោល​នូវ​ផ្នែកណាមួយ​នៃ​ក្រពះ​ដែលមាន​មហារីក ឬ​អាច​ធ្ងន់ធ្ងរ​ជាង​នេះ​អ្នកជំនាញ​ចាំបាច់​ត្រូវ​កាត់​ក្រពះ​ចោល​តែម្ដង។ បន្ទាប់​ពីក្រោយ​ការវះកាត់​ដោយ​ជោគជ័យ អ្នកជំងឺ​ត្រូវអនុវត្ត​ទៅតាម​ការណែនាំ​របស់​អ្នកជំនាញ ដូចជា កម្រិត​នៃ​ការ​ទទួលទាន​អាហារ ការព្យាយាម​ទទួលទាន​ថ្នាំ​ឱ្យបាន​ទៀងពេល ជាពិសេស ត្រូវ​ទៅ​ជួប​ពិនិត្យ​ និង​ពិ​ភាក្សា​ជាមួយ​អ្នកជំនាញ​ទៅតាម​ការ​ណាត់​របស់​អ្នកជំនាញ។

វិធី​ការពារ ៖ ប្រសិនបើ​មិន​ចង់ឱ្យ​ជំងឺមហារីកចូលមក​បៀតបៀន​នោះទេ លោកអ្នក​ត្រូវតែ​អនុវត្ត​ឱ្យបាន​ទៅតាម​ការណែនាំ​របស់លោក​វេជ្ជបណ្ឌិត ហុ​កា​មឹ​រ៉ា ណុ​ប៊ឹ​កា​ហ្ស៊ឹ ដូចជា ព្យាយាម​ទទួលទាន​អាហារ​ប្រចាំថ្ងៃ​ឱ្យបាន​ទៀងពេល 3ពេល​ក្នុង​មួយថ្ងៃ, សម្រាក (គេង) ឱ្យបាន​គ្រប់គ្រាន់, ចៀសវាង​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន អាហារ​ហឹរ​ខ្លាំង
អាហារ​រសជាតិ​ប្រៃ ជាពិសេស​បញ្ឈប់​ការទទួលទាន​ស្រា ឬ​ជាតិ​អាល់កុល។

សូម​ព្យាយាម​ថែរក្សា​សុខភាព​របស់លោក​អ្នក​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ជំងឺមហារីក​ក្រពះ៕

 

Advertisement