ដំណើរ​កម្សាន្ត​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​អ្នកសារព័ត៌មាន​កម្ពុជា​ទៅកាន់​ទីក្រុង​កៅ​ហ្សុ​ង និង​ស្រុក​កិន​ទីង នៃ​កោះ​តៃវ៉ាន់

ក្រុម​អ្នក​សារ​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​6​ស្ថាប័ន កាល​ពី​ថ្ងៃទី10-13 ខែកក្កដា ឆ្នាំ2017 កន្លង​​ទៅ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ទៅ​ចូលរួម​ក្នុង​ដំណើរ​កម្សាន្ត​ជា​ផ្លូវការ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​នៃ​ទីក្រុង​កៅហ្សុង (Kaohsiung) និង​ស្រុកកិនទីង (Kenting) របស់​កោះ​តៃវ៉ាន់​។

នៅ​ក្នុង​ដំណើរ​ទេសចរណ៍​នេះ​​​មាន​ការ​ចូល​រួម​សហការ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​សមាគម​ទេសចរណ៍ សណ្ឋាគារ​ ភោជនីយដ្ឋាន ព្រមទាំង​រមណីយដ្ឋាន​ល្បីៗ​នៅ​ក្នុង​ទីក្រុង​កៅហ្សុង និង​ស្រុក​កិន​ទីង​ផង​ដែរ។

85 Sky Tower ដែល​ជា​សណ្ឋាគារ​ខ្ពស់​បំផុត​លំដាប់​ទី2 នៅ​លើ​កោះ​តៃវ៉ាន់ និង​សណ្ឋាគារ Amenda ដែល​ជា​សណ្ឋាគារ​ដ៏​ទំនើប​បែប​ប្រទេស​អារ៉ាប់ បាន​ទទួល​ការ​ស្វាគមន៍ និង​ទទួល​រាក់​ទាក់​អ្នក​សារព័ត៌មាន​កម្ពុជា​ យ៉ាង​កក់​ក្តៅ​ជា​ទីបំផុត។ រយៈ​ពេល​4ថ្ងៃ​3យប់​នៃ​ដំណើរ​កម្សាន្ត​នេះ អ្នក​សារ​ព័ត៌មាន​ពី​ស្ថាប័ន ឡារ៉ែន មេឌារ (កាសែត ទស្សនាវដ្តី និង​អនឡាញ ឡារ៉ែន) ទូរទស្សន៍​ហង្សមាស កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាសែត​កោះសន្តិភាព ទូរ​ទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ9 ព្រមទាំង​ស្ថាប័ន​ព័ត៌មាន​ដើម​អម្ពិល បាន​ទៅ​ទស្សនា និង​ផ្តិត​យក​រូប​ភាព​ដ៏​ស្រស់​ត្រកាល​នៅ​​លើ​ទឹកដី​នៃ​កោះ​តៃវ៉ាន់ ក្នុង​ទីក្រុង​កៅ​ហ្សុ​ង និង​ស្រុក​កិន​ទីង​ជាច្រើន​កន្លែង​ដូចជា ឃ្លាំង​ផ្ទុកទំនិញ​សម័យមុន​សង្គ្រាម​លោក​លើក​ទី2 ដែល​បាន​កែច្នៃ​មក​ជា​ឃ្លាំង​ប្រមូល​ផ្តុំ​ដោយ​សិល្បៈ​ចម្រុះ និង​កំពង់ផែ​នៃ​ទីក្រុង​កៅហ្សុង (Art Center & Kao Port) សាលា​បង្រៀន​វៃ​ស្គរធំ (Ten Drums of the Culture of the Park) ដែល​ជាប់​ពាន់​រង្វាន់​ពិភព​លោក ជិះ​ទូក​លេង​មើល​ទេសភាព​នៅ​ក្នុង​ទន្លេ​នៃ​ក្តី​ស្រឡាញ់ (Love River) ប៉ម​ពណ៌​ស​នៃ​ប្រវត្តិសាស្ត្រ​ក្នុង​ស្រុក​​កិន​ទីង និង​ថ្ម​ផុស​ដ៏​ស្រស់​ស្អាត​ពី​សមុទ្រ​ប៉ាស៊ីហ្វិក (Goose Lute Nose Lighthouse & Sail Stone) សារ​មន្ទីរ​ជាតិ​ជីវវិទ្យាសមុទ្រ និង​អាង​ចិញ្ចឹម​ត្រី​ដ៏​ធំ Water of The World (National Museum of Marine Biology & Aquarium) ដែល​មាន​ត្រី​សមុទ្រ​គ្រប់​ប្រភេទ និង​ការ​ទស្សនា​បាត​សមុទ្រ​ដ៏​ស្រស់ស្អាត​តាម​ផ្លូវ​កញ្ចក់ ព្រះវិហារ​ព្រះពុទ្ធ​ដ៏​ធំ​សម្បើម (Buddha Memorial Center) ស្រះ​ឈូក ឬ​ប្រាសាទ​ភ្លោះ និង​ការ​ទស្សនា​ចម្ការ​ម្នាស់ និង​រោងចក្រ​ផលិត​នំ​ម្នាស់​ដ៏​ធំ និង​ល្បី​ជាងគេ​នៅក្នុង​ទីក្រុង​កៅហ្សុង និង​ស្រុក​កិន​ទីង (Pineapple Cake)។

ទីក្រុង​កៅហ្សុង និង​ស្រុក​កិន​ទីង​ ​ពិត​ជា​សម្បូរ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ និង​បែប​កែច្នៃ​ដ៏​ទាក់ទាញ​ជាច្រើន ព្រម​ជាមួយ​នឹង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​នៅកោះ​តៃវ៉ាន់​ក៏​ល្អ​ថែមទៀត​នោះ​គឺ​ពិត​ទីកន្លែង​ទេសចរណ៍​​​ដ៏​ល្អ និង​គួរឱ្យ​ចង់ទៅ​ទស្សនា​ខ្លាំងណាស់ ចំណែកឯ​ប្រជាជន​តៃវ៉ាន់​ក៏មាន​ភាពរួស​រាយ​រាក់ទាក់ ចេះ​ជួយ​គ្នា​​​គួរឱ្យ​ស្រឡាញ់​រាប់អាន​ថែមទៀត​ផង។

នៅក្នុង​ដំណើរ​ទេសចរណ៍​ជា​ផ្លូវការ​របស់​អ្នកសារព័ត៌មានកម្ពុជា​​​ត្រូវ​បានទទួល​ស្វាគមន៍​ដោយផ្ទាល់​ពី​សំណាក់​​លោកស្រី Tseng Tzu-Wen ប្រធាន​ការិយាល័យ​ទេសចរណ៍​នៃ​ទីក្រុង​កៅ​ហ្សុ​ង ព្រមទាំង​អាជ្ញាធរ​​នៃ​ទីក្រុង​កៅ​ហ្សុ​ង និង​ស្រុក​កិន​ទីង ផង​ដែរ​។

សូមបញ្ជាក់​ផងដែរ​ថា ដំណើរ​កម្សាន្ត​រយៈពេល4ថ្ងៃ3យប់​នេះ ដឹក​នាំ​ដោយ​ក្រុមហ៊ុន​ទេសចរណ៍ Xing Fuwah Travel សហការ​ដោយ​ក្រុមហ៊ុន​ទេសចរណ៍ Sky King និង​ក្រុមហ៊ុន ជេ​ស៊ី (ខេ​ម​បូ​ឌា) អ៊ីន​ធី​ណេ​សិ​ន​ណល អ៊ែរឡាញ ដែល​បាន​សម្ពោធ​បើក​ជើងហោះហើរ​ដោយផ្ទាល់​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ទីក្រុង​កៅ​ហ្សុ​ង ប្រទេស​តៃវ៉ាន់ និង​ពី​ទីក្រុង​កៅ​ហ្សុ​ង ​មកកាន់​រាជធានី​ភ្នំពេញ៕

Advertisement