CPL ជឿជាក់ថា អចលនទ្រព្យនឹងរីកចម្រើនទៅជាទីក្រុងទំនើប វៃឆ្លាត

ការអភិវឌ្ឍ​ទីក្រុង​រណបសំខាន់​ចំនួន​6 ​នៅ​រាជ​ធានី​ភ្នំពេញដែល​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​អនុញ្ញាតឱ្យ​សាង​សង់​នា​ពេល​កន្លង​មក ត្រូវបានអ្នកវិនិយោគវិស័យអចលនទ្រព្យកត់សម្គាល់ថា នឹងក្លាយជាទីក្រុង​រណបបែប​វៃឆ្លាតនាពេលអនាគត​ ដោយទីតាំងនៅ​ក្នុងសង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ឫស្សីកែវនឹងទទួលបានការលេច​​មុខមាត់ខ្លាំងជាងគេក្នុង​គម្រោងដែលបានចាប់ផ្តើមមានសកម្មភាពនាពេលថ្មីៗនេះ របស់ OCIC ដែលបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនCPL ក្នុងការលក់អគារ The Legacy ។


លោកឧកញ៉ា ចេង ខេង​ អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL ខេមបូឌា  បានមានប្រសាសន៍ឱ្យដឹងថា៖«គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប ​ដែល​ទទួលបាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នា​ពេល​នេះ ​មានសកម្ម​ភាព​វិនិយោគ​ក៏​ល្អ ​ដំណើរ​ការ​ទិញ​-លក់​ក៏​ល្អ ដែល​ផ្តោតលើ​តម្រូវ​ការ​អតិថិជន​ខុសៗ​គ្នា។ ប៉ុន្តែគម្រោង​ The Legacy បានលេច​ចេញ​​ជា​​រូប​រាង​ឡើង​ហើយ និងសាងសង់បានរួចរាល់ប្រមាណ 90% នៅលើទឹកដីទីក្រុងរណបជ្រោយចង្វារ ហើយគ្រោងនឹងបញ្ចប់នៅខែមេសាខាងមុខ»

នៅក្នុងដំណើរទស្សនកិច្ចនាំអតិថិជនទៅកាន់អគារ The Legacy ដើម្បីមើលអំពីដំណើរការនៃការសាងសង់អគារនេះកាលពីថ្ងៃទី9-2-20​20 រួមមានPartner លោក លោកស្រី លោកឧកញ៉ា ​លោកជំទាវ និងអតិថិជនជាច្រើននាក់ បានចូលរួមពិនិត្យអគារកម្ពស់ 21ជាន់នេះ និងបានស្វែងយល់ពីអគារដំបូងរបស់ OCIC ក្នុងតំបន់នេះដែលនឹងមានការច្នៃប្រឌិតបែបទំនើបទាន់សម័យ និងវៃឆ្លាត ​រួមទាំងការស្ថិតនៅក្នុងទីតាំងល្អ និងក្នុងតំបន់ដែលមានអាកាសធាតុល្អបរិសុទ្ធ ដោយមានទន្លេ មេគង្គ និងទន្លេបាសាក់ អមសងខាង ធ្វើឱ្យបរិយាកាសជុំវិញមានផាសុកភាព។


លោក​ឧកញ៉ា ​ចេ​ង ខេ​ង បាន​ប្រសាសន៍ថ្លែង​អំណរគុណ​ដល់​អ្នកឧកញ៉ា ពុង ឃាវ​សែ ដែល​ជា​ម្ចាស់​គម្រោងអគារ The Legacy​នេះ ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន CPL ឱ្យធ្វើ​ការ​លក់​ផ្តាច់មុខ ហើយ​លោក​ឧកញ៉ា​បានប្តេជ្ញា​ថា នឹងធ្វើ​ឱ្យ​គម្រោង​នេះ​ជោគជ័យ​នៅ​ក្នុង​រយៈពេល​ខ្លី ដោយសារ​តែ​វា​ស្ថិត​នៅ​ក្នុងប្លង់ទី​ក្រុង​រណប​ជ្រោយចង្វារ ដែល​កំពុង​តែ​មានការ​អភិវឌ្ឍ​ខ្លាំង ដូច្នេះ​ លោក​ជឿជាក់​ថា មិន​ដល់ ​3​ខែ​ទេ ក្រុមហ៊ុន​អចលនទ្រព្យ CPL របស់លោក ​អាចនឹង​លក់ដាច់​ចំនួន 11ជាន់នៃអគារកម្ពស់ 21ជាន់នេះ ​ជាមិន​ខាន​»​​។

លោក​ឧកញ៉ា​បានបន្ត​ថា៖«ហេតុដែល​ខ្ញុំ​មានការ​ជឿជាក់​ខ្លាំង ​ចំពោះ​ការ​លក់​អគារ The Legacy យ៉ាង​ដូច្នេះ​ គឺ​ព្រោះតែទីតាំង​នៃ​អគារ​នេះល្អ ​ដែល​អំណោយផល​ដល់​ការ​រស់នៅ និង​ធ្វើ​អាជីវកម្មខ្លាំង​ណាស់ ហើយខ្ញុំក៏ចង់ឱ្យលោកអ្នកមករស់នៅក្នុងអគារដែលមានការចាប់អារម្មណ៍លំដាប់ស្តង់ដាពិភពលោកនេះដែរ ដោយសារតែអគារនេះមានការច្នៃប្រឌិតបែបទំនើបទាន់សម័យ និងវៃឆ្លាត ជាការសម្រិតសម្រាំងរបស់​ក្រុមហ៊ុន OCIC និងមានអ្នកជំនាញមកពីប្រទេសអ៊ីស្រាអែលចូលរួមផ្តល់គម្រោងនៃការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អគារទាំងមូលផងដែរ»។ 

លោក​ឧកញ៉ា ​ចេ​ង ខេ​ង បានបញ្ជាក់ថា អគារ​ពាណិជ្ជកម្ម The Legacy មាន​លក្ខណៈ​ល្អច្រើន​សម្រាប់​អ្នក​​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​ដំបូង​ ដែលវាមិន​ខុស​ពី​អគារ​ពាណិជ្ជកម្ម​ដទៃ​​ទៀត​ទេ ដែលរួម​មាន​ការ​គ្រប់គ្រង​អចលនវត្ថុ សេវាកម្ម​កក់​សំបុត្រ​ផ្សេង​ៗ សេវាកម្ម​បដិសណ្ឋារកិច្ច សេវាកម្ម​រដ្ឋបាល សេវាកម្ម​រត់ការផ្ទេរសិទ្ធិ និង​បង់ពន្ធ​អចលនវត្ថុ សេវាកម្ម​បោះពុម្ព ​រួម​នឹងការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​អ្នកជំនាញ​លើ​វិស័យផ្សេងៗ ដូចជាជំនាញ​ផ្នែក​បច្ចេកវិទ្យា ​លើ​វិស័យ​កសិកម្ម  អ្នកជំនាញ​ផ្នែក​ហិរញ្ញ​​វត្ថុ​ជាដើម ​ដែល​អាច​ផ្តល់​ប្រឹក្សា​ ដើម្បី​ជួយ​ដល់​អាជីវកម្មអាច​ឱ្យ​ដំណើរការ​ទៅ​បាន​​។

សូមបញ្ជាក់ដែរថា ដោយមានចក្ខុវិស័យច្បាស់លាស់ក្រុមហ៊ុន CPLបានកំណត់គោលដៅ ជាក់​​​លាក់​​​មួយថា សម្រាប់​ជាន់ទី19 នៃអគារ​ពាណិជ្ជកម្ម The Legacy នៅពេលសាងសង់​រួចរាល់ 100% ​នៅ​ខែមេសា ឆ្នាំ​2020 ខាង​មុខ​នេះ ក្នុង​នាម​ជា​អគារ​ខ្ពស់​ដែល​បាន​សាងសង់​រួចរាល់​មុនគេ​លើ​ទឹកដី​ក្រុង​រណប​ជ្រោយចង្វារ និងទុកសម្រាប់ធ្វើជាការិយាល័យពាណិជ្ជកម្មអ៊ីស្រាអែល-កម្ពុជាក្នុងកិច្ចការពាណិជ្ជកម្ម៕


Advertisement