ថ្ងៃទី1 នៃកម្មវិធី Malaysia Mega Familiarisation Tour Programme (Mega Fam) 2020

ទីក្រុងសាបា, ប្រទេសម៉ាឡេស៊ី៖ កម្មវិធី Malaysia Mega Familiarisation Tour Programme (Mega Fam) សម្រាប់ឆ្នាំ2020នេះ បានមកដល់ទៀតហើយ។ ជារៀងរាល់ឆ្នាំ ក្រសួងទេសចរណ៍​នៃប្រទេសម៉ាឡេស៊ី​ (Tourism Malaysia) តែងតែរៀបចំនូវកម្មវិធីដ៏រីករាយនេះឡើង ដើម្បីជាការណែនាំនូវតំបន់ទេសចរណ៍សំខាន់ៗ និងស្រស់ស្អាតដល់ពិភពលោកទាំងមូល តាមរយៈការអញ្ជើញអ្នកសារព័ត៌មានពីបណ្តាប្រទេសផ្សេងៗឱ្យមកចូលរួម និងថតផ្តិតយកនូវរូបភាព ព្រមទាំងផ្តល់នូវសារល្អៗទៅដល់ប្រជាជននៃប្រទេសរបស់ពួកគេ។

ជាក់ស្តែងនៅក្នុងឆ្នាំ2020នេះ ទីកន្លែងដែលក្រសួងទេសចរណ៍​នៃប្រទេសម៉ាឡេស៊ី​ (Tourism Malaysia) ចង់ណែនាំនោះគឺ ទីក្រុងសាបា ដែលជារដ្ឋធំទី2 នៅក្នុងចំណោមរដ្ឋទាំង13 នៃប្រទេសម៉ាឡេស៊ី។ នៅទីនេះមានភ្នំខ្ពស់បំផុតមួយនៅអាស៊ីអាគ្នេយ៍ ឈ្មោះថា ភ្នំគីណាបាលូ (Kinabalu) មានទីតាំងមុជទឹកលេងដ៏ល្បីបំផុតមួយនៅក្នុងពិភពលោក គឺ កោះស៊ីប៉ាដាន (Sipadan) ព្រមទាំងមានពូជផ្កាដ៏ធំបំផុតនៅលើពិភពលោក គឺផ្ការ៉ាហ្វលសៀរ (Rafflesia) នៅព្រៃខៀវស្រងាត់ (Lush Rainforest) សាបាគឺជាទីកន្លែងដ៏ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងគ្មានដែនកំណត់។

សម្រាប់ឆ្នាំ2020នេះ អ្នកសារព័ត៌មានចំនួន12ប្រទេសត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកម្មវិធី Mega Fam នេះ ក្នុងនោះរួមមាន ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូណេស៊ី ប្រទេសឥណ្ឌា ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង ប្រទេសសិង្ហបុរី តៃវ៉ាន់ ប្រទេសឌូបៃ និងប្រទេសម៉ាឡេស៊ីផងដែរ សរុបទាំងអស់គឺមានអ្នកសារព័ត៌មានអន្តរជាតិចូលរួមចំនួន36នាក់ ក្រោមប្រធានបទ “It’s Summertime In Malaysia In Conjunction With Pata Adventure Travel & Mart 2020” ដែលធ្វើឡើងនៅក្នុងទីក្រុងសាបា ប្រទេសម៉ាឡេស៊ី រយៈពេល5ថ្ងៃ គឺចាប់ពីថ្ងៃទី11​ដល់ថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2020។

នៅក្នុងកម្មវិធីនេះផងដែរ អ្នកសារព័ត៌មានទាំងអស់ក៏បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមការងាររបស់ក្រសួងទេសចរណ៍​នៃប្រទេសម៉ាឡេស៊ី​ ទាំងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់អន្តរជាតិ Grandis Hotels & Resorts ដែលស្ថិតនៅទីប្រជុំជនសំខាន់របស់ទីក្រុងសាបា នៅជិតផ្សារទំនើប និងនៅជិតកន្លែងដើរកម្សាន្តសំខាន់ៗ រួមទាំងម្ហូបអាហារប្រចាំតំបន់ដ៏សម្បូរបែប និងការបដិសណ្ឋារកិច្ចផ្សេងៗជាដើម។

នៅក្នុងកាលវិភាគនៃថ្ងៃទី1 នៃកម្មវិធី Mega Fam ឆ្នាំ2020នេះ ក៏មានការផ្តល់ជូននូវ​វិញ្ញាបនបត្រ​ពី​តំណាងដ៏ខ្ពងខ្ពស់នៃក្រសួងទេសចរណ៍ ប្រទេសម៉ាឡេស៊ី គឺលោក Zulkifly Md Said អគ្គនាយករង (ផ្នែកផែនការ) នៃក្រសួងទេសចរណ៍ ប្រទេសម៉ាឡេស៊ី ដើម្បីចែកជូនដល់អ្នកសារព័ត៌មាន ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ។ ហើយការចែកជូននូវ​វិញ្ញាបនបត្រកិត្តិយសនេះ ត្រូវបានរៀបចំឡើងយ៉ាងពិសេស នៅលើទូកកម្សាន្ត North Borneo ដែលជាទូកកម្សាន្តដ៏ទំនើប និងធំមួយប្រចាំទីក្រុងសាបា ដើម្បីទៅមើលថ្ងៃរៀបអស្តង្គត់ផង និងកម្សាន្តជាមួយនឹងតន្ត្រីដ៏ពីរោះនៅលើទូក ព្រមទាំងការទទួលទានអាហារពេលល្ងាចដ៏រ៉ូមែនទិកបែបប៊ូហ្វេដ៏សម្បូរបែបផងដែរ៕

Advertisement