ចូលដល់ថ្ងៃទី3 នៃកម្មវិធី Malaysia Mega Familiarisation Tour Programme (Mega Fam) 2020 ម្តង

ថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2020 នៅទីក្រុងសាបា, ប្រទេសម៉ាឡេស៊ី៖ ថ្ងៃទី13នេះ ចូលមកដល់កម្មវិធី Malaysia Mega Familiarisation Tour Programme (Mega Fam) ឆ្នាំ2020 ថ្ងៃទី3ហើយ សម្រាប់កម្មវិធីដែលខាងក្រសួងទេសចរណ៍ប្រទេសម៉ាឡាស៊ី បានរៀបចំសម្រាប់អ្នកសារព័ត៌មានទាំង12ប្រទេសគឺមានជាបន្តបន្ទាប់ និងប្លែកៗជានិច្ច សម្រាប់ថ្ងៃទី3នៃកម្មវិធីនេះ គឺជាកម្មវិធីសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅសាលប៉ាស៊ីហ្វិក នៃសណ្ឋាគារ Pacific Sutera រយៈពេលមួយព្រឹកពេញ ក្រោមអធិបតីភាព ឯកឧត្តម YB Datuk Mohamaddin bin Ketapi រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ (MOTAC) ប្រទេសម៉ាឡេស៊ី និងលោកបណ្ឌិត Mario Hardy, នាយក​ប្រតិបត្តិនៃ PATA ព្រមទាំងវាគ្មិនកិត្តិយសជាច្រើនរូបទៀតមានដូចជា លោក Raj Gyawali, ស្ថាបនិកក្រុមហ៊ុន Socialtours និងលោកស្រី Natasha Martin អ្នកជំនាញផ្នែកទេសចរបែបផ្សងព្រេង ក្រោមប្រធានបទ “ទេសចរណ៍បែបផ្សងព្រេង”, លោក Irshad Mubarak ម្ចាស់ Junglewalla Tours ក្រោមប្រធានបទ “តើអ្នកណាជាភ្ញៀវទេសចរបែបផ្សងព្រេងរបស់យើង?”, លោកស្រី Jessica Yew សហស្ថាបនិក និងជានាយកក្រុមហ៊ុន Sticky Rice Travel ក្រោមប្រធានបទ “ការបង្កើតដំណើរផ្សងព្រេងដែលមានអត្ថន័យ”, Graham Harper នាយកក្រុមហ៊ុន Sustainability & Social Responsibility, PATA ក្រោមប្រធានបទ “បទពិសោធន៍ជាមួយសត្វដំរី ប្រកបដោយនិរន្តរភាព” និងលោក Paul Pruangkarn នាយកទំនាក់ទំនង និងកិច្ចការខាងក្រៅរបស់PATA ក្រោមប្រធានបទ “សេចក្តីផ្តើមនៃការសម្របសម្រួលគ្នា” ព្រមទាំងវាគ្មិនជាច្រើនទៀត។

បន្ទាប់មកនៅពេលថ្ងៃ ក្រុមអ្នកសារព័ត៌មានទាំងអស់ក៏ត្រូវបាននាំទៅទស្សនានៅភូមិវប្បធម៌ ដែលមានឈ្មោះថា Mari Mari មានន័យថា “មក មក!”។ នៅក្នុងភូមិវប្បធម៌ Mari Mari អ្នកនឹងត្រូវបានគេណែនាំឱ្យស្គាល់ផ្ទះប្រពៃណីផ្សេងៗរបស់សហគមន៍ជនជាតិដើមសាបាហាន គឺមានចំនួន5ផ្ទះខុសៗគ្នា មានផ្ទះ Bajau, ផ្ទះLundayeh, ផ្ទះ Murut, ផ្ទះ Rungus និងផ្ទះ Dusun ដែលត្រូវបានសាងសង់ឡើងដោយកូនចៅនៃកុលសម្ពន្ធទាំង5នេះ។ ដើម្បីទទួលបានបទពិសោធនៃវប្បធម៌រស់នៅរបស់ជនជាតិដើមទាំង5 គឺត្រូវពិនិត្យមើលផ្ទះរបស់ពួកគេនៅក្នុងភូមិ ដែលពួកគេមានទម្លាប់រស់នៅប្រចាំថ្ងៃបែបជនជាតិដើមសាបាហាន មានលក្ខណៈធម្មតា និងស្និតស្នាលជាមួយនឹងធម្មជាតិ។ ការផ្លុំបាញ់ដោយប្រើឫស្សី ដើម្បីបរបាញ់សត្វ ការបង្កាត់ឱ្យភ្លើងឆេះបែបធម្មជាតិ ដោយប្រើដើមឫស្សី ការធ្វើរូបសាក់ និងស្វែងយល់ពីភាពអាថ៌កំបាំងរបស់ពួកគេ។ អ្នកទស្សនាក៏អាចមានឱកាស ដើម្បីរៀនធ្វើម្ហូបបែបប្រពៃណីរបស់ Sabahan ពីក្រុមជនជាតិនីមួយៗផងដែរ។

Advertisement

ដំណើរទស្សនកិច្ចទៅកាន់ភូមិវប្បធម៌ម៉ារី ម៉ារី បានក្លាយជាដំណើរកម្សាន្តស្វែងយល់ពីវប្បធម៌ថ្មីៗពេញមួយជីវិត! សូមមើល ភ្លក់ និងទទួលយកអារម្មណ៍ពីជីវិតអ្នកភូមិរបស់សាបា ម៉ារីម៉ារី! មកមក ទៅភូមិវប្បធម៌ម៉ារី ម៉ារី ទាំងអស់គ្នា!

ចំណែកនៅពេលល្ងាច អ្នកសារព័ត៌មានអន្តរជាតិទាំងអស់ក៏ទទួលបាននូវកិត្តិយសយ៉ាងធំធេងក្នុងការទទួលទានអាហារពេលល្ងាចជួបជុំគ្នាជាមួយថ្នាក់ដឹកនាំរបស់ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ (MOTAC) របស់ប្រទេសម៉ាឡេស៊ី ថ្នាក់ដឹកនាំរបស់ PATA ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត ជាមួយនឹងការស្វាគមន៍យ៉ាងកក់​ក្តៅ​ នៅឯសណ្ឋាគារ Marriot, Kota Kinabalu៕

 

 

Advertisement