ព្រឹត្តិការណ៍ Tiger Street Football 2020 សម្រាំងយក៦ក្រុមឡើងទៅប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ

ខេត្តកំពត៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 មណ្ឌលខេត្តកំពត ដែលជាមណ្ឌលទី៦ បានដំណើរការប្រកួតជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៥ ​ខែកុម្ភៈ នៅដងព្រែកខេត្តកំពត ដោយមានក្រុមចូលប្រកួតប្រជែងចំនួន៦០ក្រុម។

លោក ទុយ វិច្ឆិកា ប្រធានបច្ចេកទេសរៀបចំព្រឹត្តិការណ៍ Tiger Street Football 2020 បានលើកឡើងថា លោកពិតជាសប្បាយចិត្តណាស់ដែលខេត្តកំពតទទួលធ្វើជាម្ចាស់ Tiger Street Football 2020 ហើយការទទួលលើកទី១នេះ​គឺបានគៀងគរក្រុមនៅខេត្ត កំពតផ្ទាល់ចូលរួមប្រកួតបានជាច្រើនក្រុម ខណៈដែល៧លើកកន្លងមកដែលក្រុមខេត្តកំពត នាំក្រុមទៅលេងនៅខេត្តផ្សេង គឺមានក្រុមចូលរួមតិចតួចបំផុតទាំងនេះសបញ្ជាក់ឲ្យឃើញថា វិស័យបាល់ទាត់នៅកំពតកំពុងតែរីកចំរើននឹងផុសផុលខ្លាំងឡើង។ ទន្ទឹមជាមួយគ្នានេះដែរ ក្នុងនាមលោកជាប្រធានក្រុមបច្ចេកទេសនៃព្រឹត្តិការណ៍ Tiger Street Football 2020 លោក បានក្រើនរំលឹកដល់ក្រុមចូលរួមទាំងអស់គោរពនៅពេលវេលាឲ្យបានត្រឹមត្រូវ ពិសេសគោរពនៅគោលការយុត្តិធម៍ទាំងអស់គ្នា ដើម្បីឲ្យការប្រកួតដំណើរការទៅដោយរលូន នឹងជោគជ័យ។​

តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) មានប្រសាសន៍ថា  Tiger Street Football  បានបង្កើតឡើង គឺដើម្បីផ្តល់ឱកាសដល់កីឡាករកម្ពុជាទូទាំងប្រទេសបានចូលរួមប្រកួតបញ្ចេញនូវទេពកោសល្យ ដែលខិតខំហ្វឹកហាត់ ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យលើអាជីពបាល់ទាត់ដែលខ្លួនស្រលាញ់។ ជាមួយគ្នានោះ តំណាងក្រុមហ៊ុនរូបនោះ ក៏បានផ្តាំផ្ញើរក្រុមចូលរួមទាំងអស់សូមប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមបានកៅអីឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

Tiger Street Football ៧លើកកន្លងមកយើងរៀបចំនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប៉ុន្តែឆ្នាំទី៨នេះយើងផ្លាស់ប្តូរមកខេត្តកំពតវិញម្តង សង្ឈឹមជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងទាក់ទាញបានអ្នកទស្សនាច្រើនលើសពីមណ្ឌលខេត្តព្រះសីហនុដែលធ្លាប់រៀបចំកន្លងមក។ ដោយមណ្ឌលខេត្តកំពត មានខេត្តជាប់មាត់សមុទ្រចូលរួមចំនួន៤ គឺកំពតម្ចាស់ផ្ទះ ព្រះសីហនុ កោះកុង និង ខេត្តកែប សរុបមានក្រុមចូលរួមចំនួន៦០ក្រុម ដោយរយៈពេលប្រកួតចំនួន២ថ្ងៃ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចំរាញ់ជ្រើសរើសយក៦ក្រុមឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។​ ហើយក្រុមដែលទទួលបានថវិកាលើកទឹកចិត្តគឺមានតែ៤ក្រុមប៉ុណ្ណោះ គឺក្រុមជើងឯកប្រចាំមណ្ឌលទទួលបានថវិកា១៥០០ដុល្លារ ក្រុមជាប់ជជាជើងឯករងទទួលបានថវិកា១០០០ដុល្លារ ក្រុមចំណាត់លេខ៣ទទួលបានថវិកា៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ទទួលបានថវិកា២០០ដុល្លារ និង២ក្រុមទៀត គឺក្រុមលេខ៥ និងលេខ៦ឈ្នះបានឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញមានឱកាសជួបផ្ទាល់ជាមួយ លោក Rio Ferdinand តារាបាល់ទាត់ពិភពលោក។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់មណ្ឌលទី៦ខេត្តកំពតនេះ នឹងចូលដល់មណ្ឌលទី៧ គឺមណ្ឌលខេត្តតាកែវ ដែលមានខេត្តចូលរួមចំនួន៣ខេត្ត មានខេត្តតាកែវ ព្រៃវែង និងស្វាយរៀង ប្រកួត ថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។

ពិសាដោយការទទួលខុសត្រូវ៕

Advertisement