ក្រុមហ៊ុន Justeen Miracle រៀបចំសិក្ខាសាលាបង្កើនការលក់ពី “0ទៅ1០០” ជូនដល់​តំណាង​ចែកចាយ​ ដើម្បី​ប្រែ​ខ្លួន​ពីអ្នកលក់​ធម្មតាទៅជាអ្នកលក់ដ៏ឆ្នើម

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ2020 ក្រុមហ៊ុន Justeen Miracle ដែលជាក្រុមហ៊ុនគ្រឿងសម្អាងធំមួយនៅក្នុងប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការ “លក់ពី0 ទៅ 100” ដើម្បីចែករំលែកចំណេះ​ដឹង នឹងក្បួនគ្រប់គ្រងអាជីវកម្មទៅកាន់តំណាងចែកចាយទាំងអស់ ដែលមាននៅក្នុងក្រុមហ៊ុន Justeen Miracle។ ជាពិសេស​គឺ​ដើម្បី​ឱ្យ​ពួកគាត់កាន់តែពូកែលក់ជាងមុន ហើយនៅក្នុងកម្មវិធីនេះ ក៏មានការផ្តល់ពានរង្វាន់ជូន​តំណាង​ចែកចាយឆ្នើមៗជាង 18រូបផងដែរ។

លោកស្រី ម៉ុក ទិព្វរាសី នាយិកាក្រុមហ៊ុន Justeen Miracle ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និងចែកចាយផលិត​ផល Justeen Miracle នៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា ការរៀបចំសិក្ខាសាលាមួយនេះ​ គឺ​ដើម្បី​ចែក​​​​រំលែក​ចំណេះដឹងដែលលោកស្រីមាន និងគន្លឹះជោគជ័យពី​ការ​លក់​អនឡាញ ​ទៅ​កាន់​តំណាង​ចែក​ចាយ​ឱ្យ​ទទួល​បាន​ជោគ​ជ័យ​ ជាពិសេស តំណាងចែកចាយនៅក្នុងក្រុមហ៊ុន Justeen Miracle គឺសុទ្ធ​សឹងតែជាស្រ្តីមេផ្ទះ ហេតុនេះហើយទើបលោកស្រីចង់បង្ហាត់បង្រៀន​ពួកគាត់ ឱ្យ​មាន​ចំណេះ​ជំនាញ​កាន់តែខ្លាំងជាងមុនក្នុងអាជីពជាអ្នកលក់អនឡាញ និង​ដើម្បី​ទទួលបានជោគជ័យនៅក្នុងទីផ្សារប្រទេសកម្ពុជា។

លោកស្រីបានបន្តថា ​ផលិតផលរបស់​ក្រុមហ៊ុន Justeen Miracle បាន​ចាប់ផ្តើមលក់រយៈ​ពេល​៣ឆ្នាំមកហើយ ប៉ុន្តែ នៅក្នុងឆ្នាំនេះ ក្រុម​ហ៊ុន​ទទួលបានជោគជ័យខ្លាំងជាងឆ្នាំមុនៗ ព្រោះ​តែ​តំណាង​ចែក​ចាយ​ក៏​ចេះ​តែ​កើន​ឡើង​ ហើយ​តំណាងចែកចាយនីមួយៗ ក៏សុទ្ធ​តែរក​លុយ​បាន​ច្រើន រហូត​ដល់​ទិញបាន​ផ្ទះ ទិញ​បានដី មាសពេជ្រ និង​​រថយន្ត​ផងដែរ។ នេះគឺ​ជាថាម​ពល​ដ៏ខ្លាំងក្លា ជួយ​ជំរុញឱ្យ​ក្រុមហ៊ុន Justeen Miracle កាន់​តែ​រីកចំរើនពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

នាយិកាក្រុមហ៊ុន Justeen Miracle បានបញ្ជាក់ថា តំណាងចែកចាយស្ទើរ​តែ​ទាំង​អស់​នៅក្នុង​ក្រុមហ៊ុន Justeen Miracle ដើម​ឡើយ​គឺ​សុទ្ធ​សឹងតែជាស្រ្តីមេផ្ទះដ៏សាមញ្ញ ពោលគឺ​ពួកគាត់មិនសូវមានមុខមាត់នៅក្នុងសង្គមទាល់តែសោះ ប៉ុន្តែ បន្ទាប់ពីពួក​គាត់បាន​ក្លាយទៅជាតំណាងចែកចាយរបស់​ក្រុមហ៊ុន Justeen Miracle ពួកគាត់​បាន​ចាប់​ផ្ដើម​មាន​ការ​រីក​ចម្រើន​កាន់តែខ្លាំង។ ក្នុង​រយៈ​ពេល​ដ៏ខ្លី តំណាងចែកចាយនីមួយៗ សុទ្ធ​តែទទួលបានជោគជ័យខ្លាំង​ឡើង​ៗ​នៅលើទីផ្សារ ដោយ​ពួកគាត់អាច​​រកចំណូលបានរាប់ម៉ឺនដុល្លារក្នុង1ខែៗ។

គួររំឭកដែរថា សម្រាប់​សិក្ខាសាលាកាលពីថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2020នេះ ការចំណាយសម្រាប់ការរៀបចំកម្ម​វិធី​គឺជាថវិកាផ្ទាល់ខ្លួនរបស់លោកស្រី​នាយិកាក្រុមហ៊ុន Justeen Miracle។ ជាង​នេះ​ទៀត លោកស្រី ថែម​ទាំង​បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន 10លានដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផាទៀត​ផង៕