ក្រុមហ៊ុន CPL-Teak Farm ជំរុញកម្ពុជាឱ្យក្លាយជាប្រទេសកសិកម្មទំនើប

កម្ពុជា ជាប្រទេសដែលសំបូរទៅដោយធនធានធម្មជាតិ​ មានផ្ទៃដីសំបូរទៅដោយជីរជាតិ និង​មានស្ថានភាពអំណោយផលជាមួយនឹងវិស័យកសិកម្ម តែអ្វីដែលជាកត្តាប្រឈមគឺប្រជាជនមួយចំនួនមិនទាន់មានបច្ចេកទេសគ្រប់គ្រាន់ដើម្បីអភិវឌ្ឍ​ដីកសិកម្មរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានលើកឡើងថា តាមរយៈគម្រោងរបស់ Teak Farm លោកចង់ឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមិនត្រឹមតែមានលទ្ធភាពផលិតផលិតផលកសិកម្មធម្មជាតិ​ប្រកបដោយសុវត្ថិភាពសម្រាប់បង្កើនសន្តិសុខស្បៀងប៉ុណ្ណោះទេ តែយើងចង់ឱ្យប្រទេសរបស់យើងក្លាយទៅជា​តំបន់ដែលមានសមត្ថភាព​ផលិតកសិផល​កសិកម្មសម្រាប់នាំចេញទៅក្រៅប្រទេសយ៉ាងធំ និងទំនើប។ លោកឧកញ៉ាបានបញ្ជាក់ផងដែរថា បើប្រៀបធៀបជាមួយនឹងប្រទេសអ៊ីស្ត្រាអែលដែលលោកធ្លាប់បានទៅទស្សនកិច្ចផ្ទាល់ កម្ពុជាមានលក្ខណៈពិសេសជាងគេឆ្ងាយណាស់ ព្រោះអ៊ីស្ត្រាអែលគ្មានផ្ទៃដីមានជីរជាតិល្អ និងគ្មានលក្ខខណ្ឌអំណោយផលច្រើនដូចកម្ពុជាទេ តែអ្វីដែលជាលក្ខណៈពិសេសនោះគឺអ៊ីស្ត្រាអែលបានអភិវឌ្ឍខ្លួនមកក្លាយជាប្រទេសលេខ1ផ្នែកកសិកម្ម។ ងាកមកកម្ពុជាវិញ យើងមានទាំងផ្ទៃដីអំណោយផល មានទឹក និងបរិយាកាសល្អសម្រាប់ការធ្វើកសិកម្ម តែកសិកររបស់យើងនៅខ្វះបច្ចេកទេស​ និងរូបមន្ត។

លោកឧកញ៉ា ចេង ខេង បានមានប្រសាសន៍ថា៖ «​នៅលើលោកនេះគ្មានអ្វីដែលយើងធ្វើមិនបាននោះទេ។ នៅអ៊ីស្ត្រាអែល ខ្ញុំឃើញអ្នកធ្វើកសិកម្ម​សុទ្ធតែជាអ្នកមាន តែនៅប្រទេសយើងអ្នកធ្វើកសិកម្ម​មួយចំនួនមិនទាន់អាចក្លាយជាអ្នកមានបាននោះទេ។ បញ្ហាគឺមកពីគាត់មិនទាន់មានវិធីសាស្ត្រល្អ និងមិនទាន់មានបច្ចេកទេសត្រឹមត្រូវដើម្បីធ្វើកសិកម្មលើដីរបស់គាត់។ ហេតុនេះហើយទើប​យើងនាំអ្នកជំនាញដើម្បី​ធ្វើយ៉ាងណាបង្រៀនពួកគាត់ឱ្យចេះធ្វើកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់»។

លោកឧកញ៉ាបានបញ្ជាក់ផងដែរថា យើងចង់ឱ្យ​កសិកររបស់យើង​ក្លាយជាអ្នកមានដូចគេតាមរយៈការចាប់ផ្តើមធ្វើកសិកម្មទំនើប និងមានស្តង់ដារខ្ពស់។ ហេតុនេះហើយទើបយើង​ព្យាយាមគ្រប់លទ្ធភាពដើម្បីធ្វើការអភិវឌ្ឍតំបន់នេះដែលពីមុនជាតំបន់ដែខ្សោះគ្មានជីរជាតិ មកក្លាយជាតំបន់​មានជីរជាតិ មានផ្លូវខ្វាត់ខ្វែង មានតំបន់ធម្មជាតិបៃតងស្រស់បំព្រង និងមានប្រព័ន្ធទឹកស្អាតគ្រប់គ្រាន់ ព្រមទាំងផ្តល់ការងារ និងចំណេះដឹងជាច្រើនដល់កសិកររបស់យើងដែលបម្រើការងារនៅទីនេះ។ លោកឧកញ៉ារំឮកថា ជាចរន្តនៃការធ្វើពាណិជ្ជកម្ម យើងបានឃើញហើយថា​ថ្មីៗនេះ មានក្រុមហ៊ុន​ប្រ៊េន (brand) ធំៗជាច្រើនបានមកកម្ពុជាដូចជា Starbug ឬ KFC ជាដើមបានមកកាន់ប្រទេសកម្ពុជា។ អ្វីដែលគេផ្តល់ឱ្យ​ម្ចាស់អាជីវកម្មដែលបានទិញសិទ្ធ​នោះគឺ គេផ្តល់តែរូបមន្ត និងក្បួនខ្នាតដើម្បីធ្វើម្ហូបឱ្យឆ្ងាញ់ដូចគេ ក៏អាចធ្វើឱ្យអាជីវកម្មនោះដើរ និងល្បីល្បាញបានដែរ។ ហេតុនេះសម្រាប់វិស័យកសិកម្មក៏ដូចគ្នា យើងបានសហការជាមួយអ្នកជំនាញខ្លាំងៗមកពីប្រទេសអ៊ីស្ត្រាអែល ដែលជាតំបន់មានបច្ចេកវិទ្យាកសិកម្មខ្ពស់ និងអ្នកជំនាញមកពីគ្រប់ទិសទីដើម្បីផ្តល់រូបមន្ត បង្ហាត់បង្ហាញ សាកល្បងអនុវត្តការងារឱ្យបានល្អនោះយើងជឿថាយើងនឹងអាចរៀនចេះហើយអនុវត្តឱ្យបានល្អ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

បង្ហាញពីការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាននេះ លោកឧកញ៉ា ចេង ខេង បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដែលបានផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់សហការជំរុញឱ្យតំបន់អភិវឌ្ឍនេះអាចអភិវឌ្ឍបានយ៉ាងរលូនដើម្បី​សម្រេចគោលដៅប្រកបដោយភាពវិជ្ជមានសម្រាប់វិស័យកសិកម្មនៅក្នុងស្រុក។ លោកឧកញ៉ាបញ្ជាក់ថាក្រៅពីការដាំដើមម៉ៃសាក់យើងបានចំណាយផ្ទៃដីប្រមាណ 100ហិកតាដើម្បីពិសោធន៍ដាំដំណាំប័រ ដែលជាដំណាំមានតម្រូវការទីផ្សារខ្ពស់ និងមានតម្លៃខ្ពស់ផងដែរសម្រាប់ពិភពលោក។ បន្ថែមពីលលើនេះយើងបានពិសោធន៍លើមុខដំណាំជាច្រើនទៀតដើម្បីស្វែងរកមើលថាតើប្រភេទដំណាំបែបណាជាដំណាំដែលអាចដាំដុះបានលឿន និងទទួលទិន្នផលខ្ពស់។ យើងសង្ឃឹមថាការប្រឹងប្រែងនេះ នឹងធ្វើឱ្យវិស័យកសិកម្មរបស់យើងក្លាយជាកសិកម្ម​ដែលមានទ្រង់ទ្រាយធំ សម្រាប់ការផ្គង់ផ្គង់ទាំងក្នុងទីផ្សារជាតិ និងអន្តរជាតិ៕

Advertisement