មិត្តហ្វូនមានមោទនភាពដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រយូរអង្វែងរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការ​លើ «បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ»

ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា (MoEYS) មាន​ពិធីចុះហត្ថលេខាលើ​អនុស្សរណៈ​នៃការយោគយល់គ្នា (MoU) រវាងក្រសួងអប់រំ យុវជន និងកីឡា​ជាមួយនឹងក្រុមហ៊ុនមិត្តហ្វូន។ កម្មវិធីនេះប្រពឹត្ត​ទៅ​ក្រោមវត្តមាន​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

 កិច្ចសហការ​នេះ ជា​​ភាពជោគជ័យ​មួយ​បន្ថែមទៀតនៃកម្មវិធី “អ៊ីនធឺណិតសម្រាប់​សាលារៀន” ដែល​បាន​សហការ​អនុវត្ត​នា​ពេល​កន្លង​មក ក្នុង​ការ​​ផ្ដល់​អ៊ីនធឺណិត​ឥត​គិត​ថ្លៃ​ដល់​​គ្រឹះស្ថាន​សិក្សា​​សាធារណៈ គ្រឹះស្ថាន​ បណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យ និងអង្គភាព​ក្រោម​ឱវាទ​​ក្រសួងអប់រំ យុវជន និងកីឡា។ ការផ្ដល់​អ៊ីនធឺណីត និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀន គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ខឹតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្លាស់ប្ដូរ​បរិបទ​ការងារ ​និង​ការ​សិក្សាមក​ប្រព័ន្ធ​ឌីជីថល និង​រដ្ឋាភិបាល​អេឡិចត្រូនិក e-Government ស្រប​តាម​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​ និង​ឧស្សាហកម្ម ជំនាន់​ទី៤។

ជាមួយនឹងបេសកកម្មក្នុងការ​រួម​ចំណែក​លើក​កម្ពស់​​គុណភាព​អប់រំនៅប្រទេសកម្ពុជា​ ឱ្យកាន់តែ ប្រសើរឡើង ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ​ក្រុមហ៊ុនមិត្តហ្វូន បានព្រមព្រៀងគ្នាដើម្បីពង្រីក​ការផ្តល់សេវា​អ៊ីនធឺណិត​ដល់សាលារៀន​សាធារណៈ ចាប់ពីឆ្នាំ​២០២០ នេះតទៅក្រោមគម្រោង​ឈ្មោះ “អ៊ីនធឺណិត​សម្រាប់​សាលារៀន” រហូតដល់ទៅ ៣.០០០ សាលារៀន​ទូទាំងប្រទេស និងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ សម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខទៀត។ លើសពីនេះ ជាមួយនឹងគោលដៅនៃការកសាង​​សង្គម​ឌីជីថល ជាពិសេសប្រព័ន្ធ​អប់រំឆ្លាតវៃ ក្រុមហ៊ុនមិត្តហ្វូននឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តដំណោះស្រាយ​បច្ចេកវិទ្យា​ក្នុងវិស័យអប់រំ រួម​មាន៖

  • ការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ(EMIS) ប្រព័ន្ធគ្រប់គ្រងព័ត៌មានសិស្ស (កម្រិតមត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ) ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សៀវភៅអេឡិចត្រូនិក ប្រព័ន្ធ e-Government និង​​ប្រព័ន្ធ​ឌីជីថលផ្សេងៗទៀត​ក្នុង​ការ​ដោះស្រាយ​នានា។
  • ការអនុវត្តវគ្គបណ្តុះបណ្តាល និង​សិក្ខាសាលានៅ​ថ្នាក់​ក្រសួង និងតាមបណ្តារាជធានី ខេត្តនានា ​លើ​ការ​ប្រើប្រាស់​​ប្រព័ន្ធ​ឌីជីថល​បម្រើ​រដ្ឋបាល​អប់រំ និង​ការ​សិក្សា។
  • ផ្តល់ជូនការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃរហូតដល់បំណាច់ឆ្នាំ២០២០សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានចូលទៅកាន់គេហទំព័រ e-Learning រួមទាំងកម្មវិធី WiKi TV និងគេហទំព័រ e-Learning របស់ក្រសួងអប់រំ យុវជន និងកីឡា។ មិត្តហ្វូនក៏បានផ្តល់ការបញ្ចុះតម្លៃអ៊ីនធឺណិត ៥០% សម្រាប់ការភ្ជាប់លើកដំបូងដល់គ្រូនិងអាណាព្យាបាលសិស្សទូទាំងប្រទេសដែលបានភ្ជាប់អ៊ីនធឺណិតចាប់ពីខែមីនា ឆ្នាំ២០២០ បន្ទាប់ពីសាលាទាំងអស់ត្រូវបានបិទដោយសារតែវីរុសកូវីដ 19។

ក្រុមហ៊ុន​មិត្តហ្វូនមានទំនុកចិត្ត​ក្នុងនាមជាប្រតិបត្តិករមួយ​ដែលកំណត់ក្នុងការ​អនុវត្តគម្រោងនេះ ​​ឱ្យបាន​​ជោគជ័យ​ជា​មួយ​នឹង​ហេដ្ឋារចនាសម្ព័ន្ធបណ្តាញដ៏​ធំបំផុត​របស់​ក្រុមហ៊ុន​ នៅក្នុងប្រទេសកម្ពុជា ដែលមានស្ថានីយ៍ ផ្សាយសេវាជាង ១១,០០០ អង់តែន ខ្សែកាបអុបទិក ២៣,០០០ គីឡូម៉ែត្រដែលគ្របដណ្ដប់តំបន់លំនៅដ្ឋាន​ទាំងអស់ និងការផ្តល់សេវាកម្មទូរស័ព្ទចល័តដល់ប្រជាជនកម្ពុជាជិត ៩ លាននាក់។

ថ្លែង​ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  បានគួសបញ្ជាក់​ពីសារៈសំខាន់នៃគម្រោងនេះ​ក្នុងការ​គាំទ្រការ​​​អប់រំបែបឌីជីថល រួម​ចំណែក​​ក្នុង​ការ​កែលម្អ​គុណភាព​ និងការលើកកម្ពស់ចំណេះដឹង និងជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់សិស្ស​និស្សិតនៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា បន្ត​សហការ​ជា​មួយ​ក្រុមហ៊ុន​​មិត្តហ្វូន​ ជាដៃគូយុទ្ធសាស្រ្តរយៈពេលវែងក្នុងការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា​ ទូរគមនាគមន៍​និងព័ត៌មាន ​នៅ​ក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀនទាំងអស់របស់ខ្លួនផងដែរ។

ជាការឆ្លើយតប លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានសម្តែងនូវ​ការកោតសរសើរ​ចំពោះ​ក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុញ្ញាត​​ឱ្យ​​ក្រុមហ៊ុន​មិត្តហ្វូន លើគាំទ្រនិង​អនុវត្ត​គម្រោង​នេះ និងបាន​​​គូសបញ្ជាក់ថា៖ “គម្រោងនេះគឺជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងគ្រប់កម្រិតរវាងក្រសួងអប់រំ និងក្រុមហ៊ុនមិត្តហ្វូន និងជាពិសេសរវាងនាយកដ្ឋានអប់រំក្រោមក្រសួងជាមួយសាខាមិត្តហ្វូន ២៥/២៥ ខេត្តក្រុងទូទាំងប្រទេស។ ជាថ្មីម្តងទៀតក្រុមហ៊ុនមិត្តហ្វូនបញ្ជាក់ពីចក្ខុវិស័យដ៏មុតមាំរបស់យើងក្នុងការវិនិយោគលើការអប់រំនៅកម្ពុជាដែលជាការប្តេជ្ញាចិត្តដ៏សំខាន់របស់ពួកគេក្នុងការនាំយកនូវដំណោះស្រាយលំដាប់ពិភពលោកមកប្រទេសកម្ពុជាដែលត្រូវបានបញ្ជាក់ និងទទួលស្គាល់អស់រយៈពេលជាច្រើនឆ្នាំមកនេះ”

សកម្មភាពច្នៃប្រឌិតថ្មីរបស់​ក្រុមហ៊ុន​មិត្តហ្វូនត្រូវបានគេទទួលស្គាល់ថាអាចជួយឱ្យយុវជនជំនាន់ក្រោយ​និងអនាគត​អ្នកដឹកនាំកម្ពុជា​អាចបំពេញនូវសក្តានុពលរបស់ពួកគេបាន។ វាជាការចាប់ផ្តើមនៃការប្រើប្រាស់​ចំណេះដឹង ​និងជំនាញព័ត៌មានវិទ្យា​របស់ពួកគេដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅអនាគតនៃប្រទេសកម្ពុជា។ សិស្សានុសិស្សជិត១លាននាក់ និងគ្រូបង្រៀនរួមទាំងបុគ្គលិកអប់រំប្រមាណ ១សែននាក់នឹងទទួលបាន​អត្ថប្រយោជន៍​ពីកម្មវិធីនេះ ហើយសន្យាថានឹងធ្វើឱ្យមានភាពលេចធ្លោយ៉ាងសំខាន់ក្នុងចំណោមយុវជនទាំងអស់៕​

Advertisement